នគរបាល​ខេត្ត​ ចូលរួម​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​-១៩

ឧត្តរមានជ័យ ៖ អនុវត្ត​តាម​ការណែនាំ​របស់ ​លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​រង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ហម ភិរម្យ អធិការ​នគរ​បាល​ក្រុង​សំរោង និង​នៅតាម​បណ្តា​ស្រុក បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ និង​ស្រុក ​បញ្ចេញ​កម្លាំង​នគរបាល​ជាច្រើន​នាក់ រួម​ជា​មួយ​រថយន្ត​ដាក់​ឧគ្ឃោសនស័ព្ទ​ចាក់​សារ​សំឡេង​ ដើម្បី​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ ទប់ស្កាត់ និង​ការពារ កុំ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​១៩។ ក្នុង​នោះ ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ក្រុង ស្រុក​ និង​ សំខាន់​បំផុត​ គឺ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ បើ​ស្រឡាញ់​ក្រុម​គ្រួសារ តម្រូវការ​ឲ្យ​ពួកគាត់​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​១៤​ថ្ងៃ​សិន ទើប​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​មេរោគ កូ​រីដ​១៩​។​

សកម្មភាព​នេះ​ ចាប់ផ្ដើម​អនុវត្ត​រៀងរាល់ថ្ងៃ ​រហូតដល់​មេរោគ​កូ​វីដ​១៩ បាន​ធូរស្បើយ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​គ្រប់​ផ្លូវ​ទាំងអស់​នៅ​ក្នុង​ខេត្ត ក្រុង ស្រុក ធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង។ មិន​ត្រឹមតែ​ប្រើប្រាស់​ឧគ្ឃោសនស័ព្ទ​បំពង​សំឡេង​នោះ​ទេ ក្រុមការងារ​ បាន​យក​ស្ទីក​ឃើ​ទៅ​បិទ​តាម​ផ្ទះ និង​ទី​សាធារណៈ​ផង​ដែរ។

លើស​ពី​នេះ​ទៀត ក្រុមការងារ​ ថែមទាំង​ធ្វើការ​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ជាមួយ​សមត្ថ​កិច្ច​ ក្នុង​ការ​អនុវត្ត​គោលនយោបាយ « ភូមិ​-​ឃុំ មាន​សុវត្ថិភាព​» ឲ្យ​មាន​ប្រសិទ្ធភាព​ទៀត​ផង​៕​

 


អត្ថបទ ​៖​ ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114