ព័ត៍មានទាន់​ហេតុការណ៏
Search

នាង Greta Thunberg ធ្វើដំណើរ​ទៅ​អឺរ៉ុប​សម្រាប់​ដំណើរ​ផ្សងព្រេង​ថ្មី

សកម្មជន​អាកាសធាតុ​នាង Greta Thunberg បាន​ត្រៀមខ្លួន​ឆ្លង​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ជាថ្មី​ម្តងទៀត​ដែល​ពេលនេះ​នាង​ត្រូវ​ត្រលប់​ទៅ​ទ្វីបអឺរ៉ុប​វិញ​។​

បើ​អាកាសធាតុ​អំណោយផល ក្មេងស្រី​សញ្ជាតិ​ស៊ុយអែត​វ័យ​១៦​ឆ្នាំ​ដែល​ល្បីឈ្មោះ​លើ​ពិភពលោក​ដោយសារ​ការ​បង្កើត​ចលនា “school strikes for the climate” រូបនេះ​នឹង​ចាប់ផ្តើម​ធ្វើដំណើរ​តាម​សមុទ្រ​នៅ​ថ្ងៃ​ពុធ​បន្ទាប់ពី​ការធ្វើដំណើរ​ខ្វាត់ខ្វែង​រយៈពេល​១១​សប្តាហ៍​តាម​សហរដ្ឋអាមេរិក​និង​កាណាដា​។​

នាង​បាន​រិះគន់​មេដឹកនាំ​ពិភពលោក​នៅ​អង្គការសហប្រជាជាតិ​, ជួប​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama, ទទួលបាន​កូនសោ​ទៅ​ទីក្រុង Montreal និង​ធ្វើដំណើរ​ឆ្លងកាត់​ទ្វីប​ដោយ​ជិះឡាន​អគ្គិសនី Tesla ដែល​ផ្តល់​ឲ្យ​នាង​ដោយ​តារា​សម្តែង​និង​ជា​អតីត​អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​លោក Arnold Schwarzenegger​។​

ប៉ុន្តែ​តើ​នាង​បានធ្វើ​អ្វីខ្លះ​អំពី​ផលប៉ះពាល់​នៃ​កិច្ចប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​និង​ការធ្វើ​កូដកម្ម​របស់​សិស្ស​និស្សិត​ប្រចាំ​សប្តាហ៍​ដែលជា​ការតវ៉ា​ដែល​មនុស្ស​រាប់លាន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ដងផ្លូវ​ទូទាំង​ពិភពលោក​ដើម្បី​ទាមទារ​ឲ្យ​មាន​សកម្មភាព​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​?

នាង​និយាយថា “​មិនទាន់​ដឹង​ទេ​”​។ នាង​បាន​និយាយ​បែបនេះ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ AFP នៅលើ​ទូក “La Vagabonde” ដែលជា​កម្មសិទ្ធិ​របស់​ប្តី​ប្រពន្ធ​វ័យក្មេង​អូស្ត្រាលី​មួយគូ​ដែល​នឹង​ក្លាយជា​ផ្ទះ​របស់​នាង​ក្នុង​រយៈពេល​២​ទៅ​៣​សប្តាហ៍​ខាងមុខនេះ​។​

នាង​និយាយថា “​នៅក្នុង​មធ្យោបាយ​មួយ រឿង​ជាច្រើន​បាន​ផ្លាស់ប្តូ​រហើយ​អ្វីៗ​ជាច្រើន​បាន​ផ្លាស់ប្តូរ​ទៅក្នុង​ទិសដៅ​ត្រឹមត្រូវ​”​។​

ស្របពេល​ជាមួយគ្នា​នោះ នាង​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​មនុស្ស​ដែល​នាង​បាន​ជួប ដូចជា​ក្មេង​ជំទង់ Tokata Iron Eyes មកពី​កុលសម្ព័ន្ធ Standing Rock Sioux ដែល​បាន​ប្រយុទ្ធ​ដើម្បី​បញ្ឈប់​ការសាងសង់​បំពង់​បង្ហូរ​ប្រេង​នៅលើ​ទឹកដី​កំណើត​របស់​នាង​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114