BREAKING NEWS
Search

នាយករដ្ឋមន្ត្រី​ក្រើនរំលឹក​ដល់​មន្ត្រី ត្រូវ​ធ្វើជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន គឺ​មិនមែន​ធ្វើ​ចៅហ្វាយ​ប្រជាជន​ទេ

ភ្នំពេញ​ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើការ​ក្រើនរំលឹក​ទៅកាន់​មន្ត្រី​ថា មុន​ពេល​ចេញទៅ​បន្ត​បម្រើប្រជាជន និង ការងារ​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​ថា ខ្លួន​គឺជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន មិនមែន​ជា​ចៅហ្វាយ​ប្រជាជន​នោះ​ទេ ដែល​ការ​ដាស់តឿន​នេះ​សម្តេច​តែងតែ​ធ្វើឡើង​ចំពោះ​គ្រប់​មន្ត្រី​ទាំងអស់​ ដែល​បានបញ្ចប់​ការសិក្សា​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​ជា​រៀងរាល់ឆ្នាំ។

ការ​ដាស់តឿន​ក្រើនរំលឹក​ដល់​មន្ត្រី​បែបនេះ​ ត្រូវ​បាន​សម្តេច​តេ​ជោ​លើកឡើង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ប្រគល់​វិញ្ញាបនបត្រ​ជូន​ដល់​កម្មសិក្សាការី​ជាន់ខ្ពស់​-​មធ្យម ឆ្នាំ ២០១៦ សិក្ខាកាម​វគ្គ​ខ្លី និង បើក​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ ២០១៧ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​ចំនួន ៧៥១ អង្គ​/​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០១៧។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​មន្ត្រី​ជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​ប្រជាជន មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជាជន​ទេ។ ជាម​ន្ត្រី ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ចៅហ្វាយ​របស់​ខ្លួន​ដែល​ជា​ប្រជាជន​ពេញចិត្ត ដូចនេះ​ត្រូវ​ឆ្លើយតប​ជាមួយ​ប្រជាជន​ឲ្យ​បាន​តាម​សំណូមពរ​របស់​គាត់ ”។

សម្តេច​តេ​ជោ​បន្ត​ទៀត​ថា សូម្បី​នៅ​ក្នុង​ទ្រឹស្តី​របស់​អ្នកជំនួញ​ក៏​គែ​ប្រើ​វា​ដែរ ក្រុមហ៊ុន​មួយ​របស់​ថៃ បាន​ប្រើ​ពាក្យ​ស្លោក​របស់​គេ​គឺ “​ចាត់ទុក​កសិករ​ជា​គូរ​ជីវិត និង អ្នកប្រើប្រាស់​គឺជា​ចៅហ្វាយ​” វា​មានន័យ​ដូចគ្នា​ទៅ​និង “​មន្ត្រី គឺជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន​”។

សម្តេច​បន្ត​ទៀត​ថា ឥរិយាបថ​របស់​មន្ត្រី មិនមែន​គ្រាន់តែ​ចេះ​ចង​ក្រវាត់​ក ចូល​ទៅ​ធ្វើការ ទៅ​ប្រជុំ វា​មិន​គ្រប់គ្រាន់​ទេ។ សម្តេច​បាន​បន្តទៀតថា សុភាសិត​ខ្មែរ​មួយ​និយាយ​ថា “​ងើយ​ស្កក អោន​ដាក់​គ្រាប់​” ដូចនេះ​នៅ​ជាមួយ​ប្រជាជន​មិនមែន​បាន​ន័យ​ថា ខ្លួន​ជា​ចៅហ្វាយ ហើយ​ប្រជាជន​ត្រូវតែ​ខ្លាច​ខ្លួន​នោះទេ។

ជា​មួយ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​មន្ត្រី​ត្រូវ​យកចិត្តទុកដាក់​ផង​ដែរ​ទៅលើ​រឿង​ភរិយា និង កូន ដែល​ចំណុច​នេះ​មិន​អាច​មើល​រំលង​បានទេ ពេលខ្លះ​យើង​ថា ជា​រឿង​តូចតាច តែ​តាមពិត វា​មិន​តូចតាច​ទេ រឿង​ប្តី​ស័ក្ដិ ៣ ប្រពន្ធ​ស័ក្ដិ ៤ កូន​ស័ក្តិ​៥ នេះ ខ្មែរ​ស្អប់​ណាស់។ ត្រូវ​ចាំ​ចំណុច​នេះ​ឲ្យ​បាន ការ​រីក​ធំធាត់​របស់​យើង​ក៏​ចាប់​ផ្តើម​ពី​ភរិយា​ផង​ដែរ តែ​មិនមែន​លូកលាន់​កិច្ចការ​របស់​ប្តី​នោះទេ។

ជា​មួយ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ណែនាំ​ឲ្យ​មន្ត្រី​មានការ​ទទួលខុសត្រូវ​ ព្រោះ​ពាក្យ​ខ្មែរ​មានន័យ​ភ្ជាប់​គ្នា «​ទទួលខុសត្រូវ​» ។ សូម​ប្រយ័ត្ន​ចំពោះ​មន្ត្រី​ដែល​ទទួល​យក​តែ​អា​ត្រូវ ខុស​ទម្លាក់​ឲ្យ​គេ។ ជៀស​វាង​ឲ្យ​បាន​នូវ​មន្ត្រី​ណា​ដែល​មាន​បញ្ហា​អ្វី​កើតឡើង ទីមួយ​បន្ទោស​ថ្នាក់ក្រោម និង ទី​ពីរ រាយការណ៍​ឲ្យ​ថ្នាក់លើ។

មន្ត្រី​បែបនេះ មិន​គួរ​ឲ្យ​កាន់​តួនាទី​ណាមួយ​នោះទេ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​និទាន​អំពី​មន្ត្រី​គ្រាប់​ល្ពៅ​ផង​ដែរ ដោយបាន​លើកឡើង​ថា ស្អី​ទៅ​មន្ត្រី​គ្រាប់​ល្ពៅ​? ខ្ញុំ​ធ្លាប់​បាន​និទាន​ហើយ​រឿង​ហ្នឹង។ មន្ត្រី​គ្រាប់​ល្ពៅ​នេះ​វា​មានរឿង​របស់​វា។ ព្រះរាជា​ចង់​ដឹង​មន្ត្រី​របស់​ព្រះអង្គ​ស្មោះត្រង់​ឬ​អត់​? ព្រះអង្គ​ស្ងោរ​គ្រាប់​ល្ពៅ​រួចហើយ​ហៅ​មន្ត្រី​នានា​ចូល​អង្គប្រជុំ​។ ប្រាប់​មន្ត្រី​នានា​ថា អស់លោក​ប្រជុំ​រួចហើយ​ខ្ញុំ​មាន​គ្រាប់​ល្ពៅ ដើម្បីឲ្យ​អស់លោក​មហា​មន្ត្រី​យក​ទៅ​ដាំ​។ អ្នកខ្លះ​ខំ​វេច ដើម្បី​យក​គ្រាប់​ល្ពៅ​ទៅ​ដាំ។ ដឹង​ថា ចាប់ពី​ពេលដែល​យក​គ្រាប់​ទៅ​និង​ដល់​ពេល​នេះ​ច្បាស់​ជា​ល្ពៅ​ហ្នឹង​វា​មាន​ផ្លែផ្កា​ហើយ​(​ព្រះរាជា​)​ហៅ​ត្រឡប់​មក​ប្រជុំ។ ព្រះរាជា ក៏​សួរ​ម៉េច​ហើយ​អស់លោក​មន្ត្រី​នានា គ្រាប់​ល្ពៅ​ដែល​យក​ទៅ​ដាំ​ហ្នឹង​? -​មន្ត្រី​ប្រភេទ​ទី​មួយ គាត់​ឆ្លើយ​ថា ផ្លែ​ច្រើនណាស់ ទូលបង្គំ​ដឹក​មក​ប៉ុន្តែ​ពួក​ការពារ​វាំង​មិន​ឲ្យ​នាំចូល​។ អញ្ចឹង​ព្រះរាជា​ព្រះតម្រិះ​ថា អានេះ​មិន​ត្រឹមតែ​ភូត​អញ​ទេ​អានេះ​ចង់​សម្លាប់​អ្នកការពារ​វាំង​ទៀត។ មន្ត្រី​បែប​ហ្នឹង ជា​មន្ត្រី​ដែល​នាំ​គ្រោះថ្នាក់​សម្បើម​ណាស់​មិន​អាច​ទុក​បានទេ​។ កាច់​កុង​គេ​មួលបង្កាច់​គេ​។ -​មន្ត្រី​ប្រភេទ​ទី​ពីរ ថា​ទូលបង្គំ​ដាំ​បាន​ច្រើន​ដែរ​តែ​មិនបាន​យក​មក​ទេ​។ ប្រភេទ នេះ​ក៏​គួរតែ​កុំ​ប្រើ​ព្រោះ​ចេះ​ភូតភរ។ មន្ត្រី​ប្រភេទ​ទី​បី ថា ទូលបង្គំ​ដាក់​ទៅ​កណ្ដុរ​វា​ពាំ​យក​ទៅ​ស៊ី​បាត់​ហើយ​អត់​បាន​ដាំ​ទេ ប្រភេទ​នេះ​ត្រូវ​ខិតខំ​បណ្តុះបណ្តាល​គាត់ ព្រោះ​គាត់​ដឹង​ហើយ តែ​មិន​ហ៊ាន​និយាយ​ការពិត។ ឯ​មន្ត្រី​ប្រភេទ​ទី​បួន ថា បើ​ព្រះអង្គ​ឲ្យ​គ្រាប់​ល្ពៅ​ស្ងោរ​រួចហើយ​ទៅ​ដាំ ធ្វើ​ម៉េច​ដុះ។ មន្ត្រី​ប្រភេទ​នេះឯង​ល្អ ស្មោះត្រង់​ដែល​ត្រូវ​យក​មក​ប្រើ។

ជា​មួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏បាន​ផ្តល់ជូន​មន្ត្រី​អំពី​វិធីសាស្ត្រ​ដឹកនាំ និង ធ្វើ​ការងារ​ដែលមាន បី​ដំណាក់កាល ។ ដំណាក់កាល​ទីមួយ ដើម្បី​ធ្វើការ​ងារ​បាន​នៅ​អង្គការ​នៅ​ស្ថាប័ន​មួយ ឬ​អង្គការ​ចាត់តាំង​មួយ ជា​សង្គម​ស៊ីវិល​ក្ដី ជា​បក្ស​នយោបាយ​ក្ដី ឬ ស្អី​ក៏ដោយ​ត្រូវ​តែ​មាន​ផែនការ​ច្បាស់លាស់។ តើ​ផែនទី​ចង្អុល​ផ្លូវ​ដែល​យើង​ត្រូវ​ទៅមុខ​នោះ ត្រូវ​ធ្វើ​យ៉ាងម៉េច។ ត្រូវធ្វើ​ផែនការ​ឲ្យបាន បើ​គ្មាន​ផែនការ​ទេ មិន​ដឹង​អ្នកណា​ត្រូវ​ទៅ​ខាង​ណា​។ ធ្វើ​ផែនការ​បាន​ហើយ ផែនការ​នេះ​ត្រូវ​គិត​ទៅដល់​បរិយាកាស​គ្រប់​ទិដ្ឋភាព​។ ដើម្បី​រៀបចំ​ផែនការ​ល្អ។ អញ្ចឹង​យើង​ច្នៃ​យ៉ាងម៉េច​ដើម្បី​ធ្វើ​ឲ្យ​ត្រូវ​នឹង​សភាពការណ៍​នៅ​ស្រុក​ខ្មែរ។ ការរៀបចំ​បាន​ផែនការ​ទើបនឹង​សម្រេច​បាន ៣០% នៃ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ប៉ុន្តែ​វា​សំខាន់​ណាស់​ព្រោះ​វា​ជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​យើង​ទៅមុខ។

ដំណាក់កាល​ទី​២ មាន​ផែនការ​ហើយ ត្រូវ​ចាត់តាំង​អនុវត្ត ទើប​សម្រេច​បាន ៣០% ទៀត។ បើ​មានតែ​ផែនការ​យក​ទៅ​ដាក់​ក្នុង​ថតតុ​អត់​ចាត់តាំង​អនុវត្ត វា​អត់​មានន័យ​អី​ទាំងអស់។ អញ្ចឹង​ត្រូវ​ចាត់តាំង​អនុវត្ត។ ផែនការ​ដែល​យើង​បាន​ដាក់​ចេញ​នេះ អ្នកណា​ធ្វើ​អី ត្រូវការ​ធនធានមនុស្ស​ប៉ុន្មាន​? ត្រូវការ​ថវិកា​ប៉ុន្មាន​? ត្រូវការ​ស្អី​ប៉ុន្មាន​? ត្រូវ​ចាត់តាំង​អនុវត្ត បើ​មិន​ចាត់តាំង​អនុវត្ត​ទេ ផែនការ​វា​នៅតែ​ផែនការ វា​នៅតែ​លើ​ក្រដាស​ហ្នឹង … ការចាត់តាំង​អនុវត្ត ត្រូវ​ហ្មត់ចត់ ។ មាន​ផែនការ​ហើយ​បាន ៣០% ចាត់តាំង​អនុវត្ត​ក៏​ទើបនឹង​បាន ៣០% ទៀត​អញ្ចឹង​មានតែ ៦០% ទេ ដែល​ទើបនឹង​សម្រេច​។ ៤០% ទៀត​ស្អី​? កត្តា​ចៃដន្យ​វា​នឹង​លេចឡើង​ក្នុងពេល​អនុវត្ត​។

នេះហើយ​ជា​ចំណុច​សំខាន់​នៃ​មន្ត្រី។ គ្មាន​ផែនការ​ណាមួយ​សុក្រឹត ១០០% ក្នុង​ពេល​អនុវត្ត​ទេ។ លើ​ការ​ជាក់ស្ដែង​ប្រទេស​ទើបនឹង​ឆ្លង​ផុត​គ្រោះ​រាំងស្ងួត​អូស​បន្លាយ​រយៈពេល​ស្ទើរតែ​កន្លះ​ឆ្នាំ​រហូតដល់​ប្រជាជន​ខ្វះ​ទឹក​ផឹក។ នោះ​ហើយ​ជា​កត្តា​ចៃដន្យ​ដែល​យើង​មិនបាន​ត្រៀម​ទុក។ តើ​ត្រូវ​ដោះស្រាយ​របៀប​ម៉េច​ដើម្បី​សង្គ្រោះ​ប្រជាជន​កុំ​ឲ្យ​ខ្វះ​ទឹក​ស្លាប់ មិន​ថា ប្រទេស​ទាំងមូល​ទេ អង្គភាព​តូច​មួយ ក៏​សុទ្ធ​តែ​មាន​កត្តា​ចៃដន្យ​នឹង​អាច​កើត។ ខ្លួន​យើង​ម្នាក់ៗ គ្រួសារ​នីមួយៗ សុទ្ធ​តែ​មាន​កត្តា​ចៃដន្យ​ដែល​នឹង​លេចឡើង​។ យើង​មានបាន​ត្រៀម​ទុក​ទេ​ថា តើ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ កូន​យើង​ឈឺ ប្រពន្ធ​យើង​ឈឺ ឬ ក៏​ក្រុម​គ្រួសារ​ណាមួយ​មាន​គ្រោះថ្នាក់ នោះ​ហើយ ជា​កត្តា​ចៃដន្យ​ដែល​វា​នឹង​កើត​ឡើងជា​បន្ទុក​ដល់​ក្រុមគ្រួសារ​នីមួយៗ ត្រូវ​ដោះស្រាយ។

ចំណុច​នេះ​ហើយ ​វា​នឹង​លេចឡើង​នូវ​សមត្ថភាព​របស់​មន្ត្រី។ មន្ត្រី​ដែល​មិនគួរ​ប្រើ​គឺ​កត្តា​ចៃដន្យ កើតឡើង​ភ្លាម​ទី​មួយ បន្ទោស​ថ្នាក់ក្រោម ទី​ពីរ រាយការណ៍​ឲ្យ​ថ្នាក់លើ។ ពូកែ​ខាង​រាយការណ៍​។ ត្រូវ​យក​ការទទួលខុសត្រូវ​ដោះស្រាយ​នៅ​ហ្នឹង​កន្លែង។ ពិតមែន​ហើយ​រាយការណ៍​ឲ្យ​ខាងលើ​វា​ជា​ការ​ចាំបាច់ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​ខាងលើ​ទៅ​ធ្វើ​ជំនួស​ទេ។ ចំណុច​នេះ​សំខាន់​ខ្លាំង​ណាស់​មន្ត្រី​មានការ​ទទួលខុសត្រូវ និង ផ្សារភ្ជាប់​ខ្លួន​ជាមួយ​ប្រជាជន។

ជា​មួយ​គ្នា​នេះ សម្តេច​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​ត្រូវ​ធ្វើ​ការ​ដោយ​សាមគ្គីភាព​និង​មិត្តភាព​ត្រូវ​ធ្វើ​ដោយមាន​ការទទួលខុសត្រូវ​រួមគ្នា។ ពាក្យ​ថា «​រួមសុខ​រួមទុក្ខ​» បានន័យ​ថា ​ត្រូវ​ចេះ​រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា។

បើ​តាម​របាយការណ៍​របស់ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ​សាលា​ភូមិន្ទ​រដ្ឋបាល​បាន​ធ្វើ​ការ​ពង្រឹង និង​ពង្រីក​ជាប្រចាំ​ប្រកបដោយ​គុណភាព និង​បរិមាណ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សេចក្ដី​ត្រូវការ​នៃ​ការ​លើកកម្ពស់​សមត្ថភាព​ដឹកនាំ​គ្រប់គ្រង និង​ប្រតិបត្តិ​របស់​មន្ត្រី​សាធារណៈ។ អនុលោម​តាម​កម្មវិធី​កំណែទម្រង់​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ រួមមាន​កំណែ​ទម្រង់​រដ្ឋ​បាល​សាធារណៈ កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ ការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ការ​កំណែទម្រង់​តាម​វិស័យ។

លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា ការ​បណ្ដុះបណ្ដាល​ដំបូង​សម្រាប់​សិស្ស​មន្ត្រី​ជាន់ខ្ពស់ និង​មធ្យម ត្រូវ​បាន​អនុវត្ត​ផ្ដើម​ចេញ​ពី​ការ​ជ្រើសរើស​តាមរយៈ​ការ​ប្រឡងប្រជែង​យ៉ាង​សម្រិតសម្រាំង ហើយ​ការសិក្សា​មាន​រយៈពេល​២​ឆ្នាំ និង​១​ឆ្នាំ​។ ក្នុង​រយៈពេល​កន្លងមក សាលា​បាន​បណ្ដុះបណ្ដាល​សិស្ស​មន្ត្រី​ជាន់ខ្ពស់ មាន ៨​ជំនាន់ សិស្ស​មន្ត្រី​មធ្យម ៣​ជំនាន់ និង​សិស្ស​មន្ត្រី​ក្រមការ ៦​ជំនាន់ ដែល​សរុប​មាន​ចំនួន ១០២៨ នាក់​។

បច្ចុប្បន្ន​នេះ សាលា​បាននឹង​កំពុង​បណ្ដុះបណ្ដាល​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី​៩ និង​សិស្ស​មន្ត្រី​ក្រមការ​ជំនាន់​ទី​៧​ចំនួន ១៦៩​នាក់​។ ជា​មួយ​គ្នា​នេះ​ដែរ សាលា​ក៏​កំពុង​ដំណើរការ​បណ្ដុះបណ្ដាល​តម្រង់​ទិស​ដំបូង​ដល់​មន្ត្រី​ថ្មី​ពី​ក្រសួង ស្ថាប័ន ចំនួន ៣៧២ នាក់​ផងដែរ​៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114