ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ តាក់ស៊ី ហួសចិត្ត​ខ្លាំង ​ក្រោយ​បែក​ធ្លាយ​ដំណឹង​រក​បាន​ស្ត្រី​ម្នាក់​ស្អំ​បេះដូង

ភ្នំពេញ​ ៖ ​នាយ តាក់ស៊ី មួយរយៈ​នេះ ​ហាក់​មាន​យីអ៊ុន​ធ្លាក់​ចុះ​ផ្ទួនៗ​គ្នា​តែម្តង ​ក្រោយពេល​សាងផ្នួស​ធ្លាក់ខ្លួន​ឈឺ​រហូត​លាចាក​សិក្ខាបទ​ ក៏​ត្រូវ​លែង​លះ​គ្នា​ជាមួយ​ភរិយា​នាង ភី​ម បន្ទាប់​មកទៀត​ក៏មាន​រឿងអាស្រូវ​រ៉ៃ​អង្គាស​លុយ​ទិញ​ឡាន​ និង​ពេល​ថ្មីៗ​នេះ​ស្រាប់​តែមាន​រឿងរ៉ាវ​ពីរ​កើតឡើង​ទន្ទឹមគ្នា​ពោល​គឺ​លោកយាយ​របស់​នាយ​បាន​ទទួល​មរណភាព​និង​មួយទៀត​ផ្ទុះ​ដំណឹង​នាយ​រក​បាន​ម្ចាស់​ស្នេហ៍​ថ្មី​មក​ស្អំ​បេះដូង​ ខណៈ​សាមីខ្លួន​ថា​មិន​ជា​ការពិត​ឡើយ។

តារា​កំប្លែង​នាយ តាក់ស៊ី បាន​ប្រាប់​កម្ពុជា​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​ឲ្យ​ដឹង​ថា​ខណៈ​នាយ​កំពុង​មានទុក្ខ​លោក​យាយ​ស្លាប់​ ហើយ​អ្នក​ម្តាយ​កំពុង​ធ្លាក់ខ្លួន​ឈឺ​ចូល​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​ក៏​ស្រាប់តែ​មានរឿង​មួយទៀត​កើត​​ឡើង ​ដោយ​មិន​នឹកស្មាន​គឺ​មាន​ការ​ផ្សព្វផ្សាយ​ថា​នាយ​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ដែល​ជា​មិត្តភក្តិ​រួម​អាជីព​ការងារ​ជាមួយគ្នា​ផ្ទុយ​ពី​ការពិត​ទាំងស្រុង។

នាយ តាក់ស៊ី បាន​បន្តថា​ ចំពោះ​រូបថត​ ដែល​បែក​ធ្លាយ​រវាង​នាយ​ថត​ស្និទ្ធស្នាល​ជាមួយ​ស្ត្រី​រូប​នោះ​គឺ​គ្រាន់តែ​អំឡុង​ពេល​ទៅ​ញ៉ាំ​អាហារ ​ឬ​ទៅ​ចូលរួម​ធ្វើ​ការងារ​មនុស្សធម៌​ជាមួយគ្នា​តែប៉ុណ្ណោះ​។​ម្យ៉ាងទៀត​នារី​ម្នាក់​នោះ​ គាត់​ក៏មាន​ប្តី​និង​មានកូន​ហើយ​ដែរ​ ដូច្នេះ​សូម​មហាជន​កុំ​យល់​ច្រឡំ​ដូច​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​មួយ​ចំនួន​ ដែល​ផ្សាយ​ព័ត៌មាន​គ្មាន​ការ​សម្ភាសន៍​សួរនាំ​ពី​សាមីខ្លួន​នោះ។

តារា​កំប្លែង​កម្សត់​នាយ តាក់ស៊ី បាន​បន្ថែមទៀតថា ​ហេតុអ្វី​មាន​បុគ្គល​មួយ​ចំនួន​ចាំតែ​មើលបំណាំ​និង​បង្កើត​រឿង​មិន​ពិត​ទម្លាក់​ឲ្យ​ខ្លួន ​ដោយ​មិន​អាណិត​នាយ​ ដែល​កំពុង​មានទុក្ខ​ផ្ទួនៗ​គ្នា​ដូច្នេះ​។​ ប៉ុន្តែ​នាយ​ក៏​មិន​បង្កើត​អារម្មណ៍​ខឹង​ឬមួយ​មាន​គំនុំ​លើ​ពួកគាត់​ដែរ​ ព្រោះ​នាយ​ជា​បុគ្គល​សាធារណៈ​របស់​មហាជន​តែងតែ​មាន​រឿងរ៉ាវ​កើតឡើង​អញ្ចឹង​ហើយ​។ ​សូមជម្រាបថា ​ថ្មីៗ​នេះ​ក្រោយ​បែក​ធ្លាយ​រូបភាព​ថត​ស្និទ្ធស្នាល​រវាង​នាយ តាក់ស៊ី និង​ស្ត្រី​ម្នាក់​ក៏​មាន​ការ​សង្ស័យថា​នាយ តាក់ស៊ី កំពុង​បង្កាត់ភ្លើង​ស្នេហ៍​ស្អំ​បេះ​ជាមួយ​ស្ត្រី​រូប​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114