ព័ត៍មានទាន់​ហេតុការណ៏
Search

នារី​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពីលើ​អគារ​ខុន​ដូរ​ជាន់​ទី​១២  ស្លាប់​ក្រោយ​មាន​ជម្លោះ​ជាមួយ​សង្សារ​សុំ​បែក

ភ្នំពេញ ​៖​ ស្ត្រីជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​បាន​គេ​ប្រទះឃើញ ​ធ្លាក់​ ​ពីលើ​ជាន់​ទី​១២  នៃ​អាគារ​ BALI-2 ​មាន​កម្ពស់​៣១​ជាន់ បោក​ក្បាល​ស្លាប់​ភ្លាមៗ​ផ្កាប់មុខ​ក្នុង​ថ្លុក​ឈាម ស្លាប់​ភ្លាមៗ​នៅ​ក្នុង​កន្លែង ប៉ុន្តែ​ករណី​នេះ សមត្ថកិច្ច​ជំនាញ កោសល្យវិច័យ​រក​មូលហេតុ នៃ​ការ​ស្លាប់​ដោយ​លោត​សម្លាប់​ខ្លួន ឬ​បុរស​ជា​សង្សារ ច្រាន​ទម្លាក់។

ហេតុការណ៍​នេះ ​កើតឡើង​កាលពី​ម៉ោង​១​និង​៤៥​នាទី​ទៀបភ្លឺ​  ឈានចូល​ថ្ងៃទី​១៤  ខែ​វិច្ឆិកា​  ឆ្នាំ​២០១៩ ចំណុច​អាគារ ខុន​ដូរ​  BALI No.2 Apartment ​កម្ពស់​៣១​ជាន់​  លើ​ផ្លូវ ឡើង ស្ពាន​ហង្ស​កោះ​ពេជ្រ​  ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់​  ខណ្ឌ​ចំការមន​  រាជធានី​ភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ​ក្រៅ​  ម៉ី​ម៉ី​  ភេទ​ស្រី​  អាយុ​២៨​ឆ្នាំ​  មុខរបរ​អ្នកធ្វើ ក្រចកដៃ ស្នាក់នៅ​បន្ទប់​លេខ​ B02 ​ជាន់​ទី​១៥ អាគារ កើតហេតុ។ ចំណែក​សង្សារ​ឈ្មោះ​  ហ្វាំ​ង ឡង់ (Feng Long) ​ភេទ​ប្រុស​  អាយុ​២៨​ឆ្នាំ​  ជនជាតិ​ចិន​  ស្នាក់នៅ​បន្ទប់​លេខ​ A06 ​ជាន់​ទី​១២  អាគារ​ BALI No.2 APARTMENT (​បន្ទប់​កើតហេតុ​) និង​បុរស​ម្នាក់ទៀត​ជា​មិត្ត​ភក្ដិ​ឈ្មោះ ចូ​វ​  ជាំ​ង​ម៉ី​ង​  អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ខុន​ដូរ​ផ្សេងទៀត។

តាម​ការ​បំភ្លឺ​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ មុន​ពេល​កើតហេតុ​គាត់​ឃើញ​នារី​រងគ្រោះ​បាន ដើរ​ទៅ​កាន់ ទៅ​បន្ទប់  ​ជាន់​ទី​១២  ​ដែល​ជា​បន្ទប់​ បុរស​ជា​សង្សារ ជា​ជនជាតិ​ដូចគ្នា ប៉ុន្តែ​គេ​មិន​ដឹង​ថា​មាន​បញ្ហា​អ្វី​នោះ​ដែរ ស្រាប់តែ​ឃើញ​នាង​ធ្លាក់​ពីលើ​អគារ មក​ក្រោម​តែ​ម្តង។ ក្រោយមក​សន្តិសុខ​បាន​របាយការណ៍​ ទៅ​កម្លាំង សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​ ចុះទៅ​កន្លែង កើតហេតុ​ ​ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ កោសល្យវិច័យ​ ​ ចុះ​ត្រួតពិនិត្យ។

ប្រភព​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​មាន​ហេតុការណ៍​នោះ​កើតឡើង សមត្ថកិច្ច​បាន​អញ្ជើញ បុរស​ជនជាតិ​ចិន​ពីរ​នាក់​ម្នាក់ ជា​សង្សារ​នារី​រងគ្រោះ​ទៅកាន់​ស្នាក់​ការ​ដើម្បី​សាកសួរ រក​មូលហេតុ នៃ​ការ​ស្លាប់។ បើ​តាម​សម្តី​បុរស​ជា​សង្សារ​ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ​ គាត់​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់​ឯង ​ក្រោយមក​នារី​រងគ្រោះ ដែល​ជា​សង្សារ​ បាន​ដើរមក​ចូល​បន្ទប់​ខ្លួន​ហើយ​សួរនាំ​រឿង​  ខ្លួន​គេ​សុំ​នាង​បែក​  ដោយសារតែ គេ​ឃើញ​នារី​រងគ្រោះ មាន​​ចរិត​មិនល្អ  ​ក្រោយមក​កើត​ជម្លោះ​ពាក្យសម្តី​  បន្តិចបន្តួច រួច​នារី​រងគ្រោះ​ក៏​លោត​ពីលើ​អគារ​មកក្រោម​សម្លាប់ខ្លួន​តែម្តង។ តែ​យ៉ាងណាក៏ដោយ ខាង​លើ​នេះ​ ជា​ចម្លើយ​របស់​បុរស​ជា​សង្សារ​ប៉ុណ្ណោះ តែ​​ការ​ពិត​យ៉ាងណា​នោះ  សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ រក​មូលហេតុ។

ក្រោយ​ពី​ធ្វើ​កោសលវិច័យ​នៅ​កន្លែង​កើតហេតុ ​​​​សព​​ត្រូវ​បាន​ដឹក​មក​តម្កល់ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​​ ដើម្បី​រង់ចាំ​ទាក់ទង​ទៅ​សាច់ញាតិ​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួលយក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114