នារី​រូប​ស្រស់​ម្នាក់​ ​កើតទុកមិន​សុខចិត្ត​ ដោយ​ចោទបុរសម្នាក់ប៉ងរំលោភ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​តាម​បណ្តាញសង្គម​

ភ្នំពេញ៖ នារី​ម្នាក់​បាន​រត់​មក​ប្ដឹង​ដល់​ក្រុម​ការងារ​សារព័ត៌មាន​កម្ពុ​ជាថ្មី​ទាំង​កើតទុក​មិន​សុខចិត្ត​នឹងបុរស​ដែល​នាង​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ ដោយ​បាន​បង្ហោះ​រូប​នាង​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុកកាលពីពេលថ្មីៗនេះ។ នារី​រូប​ស្រស់នោះ​មានឈ្មោះ​ថា​ ហ៊ាង ម៉េងហ័ង អាយុ ២១ ឆ្នាំ ទីកន្លែង​កំណើត​ស្ថិតនៅ​ផ្សារ​អូរឫស្សី​ សង្កាត់ អូរឫស្សី ​ខណ្ឌ៧មករា ​រាជធានី​ភ្នំពេញ។

បើ​យោងតាម​សម្ដី​នារី​ជា​រងគ្រោះ​បាន​និយាយ​ថា ​ដំបូង​ឡើយ​នាង​បាន​ស្គាល់​គ្នា​ជាមួយ​បុរស​ដែល​មាន​ឈ្មោះ​ថា ម៉េង ឃុនលី តាមរយៈ​ហ្វេសបុក​ត្រឹមតែ២ឬ៣ថ្ងៃប៉ុណ្តោះ។  បន្ទាប់ពី​បាន​ស្គាល់​គ្នា​រួច​មក​បុរស​ឈ្មោះ​ ឃុនលី បានបបួលនាងទៅមើលកុនដល់ម៉ោង ១១ : ២០ នាទី​យប់។  ក្រោយ​មើល​កុន​ចប់​​នារី​រងគ្រោះ​បាន​ទាមទារ​ឲ្យ​បុរស​នោះ​ជួយ​ជូន​នាង​ត្រលប់​ទៅ​កន្លែង​ធ្វើការ​វិញ ​តែ​បុរស​នោះ​ពុំ​ព្រម​និង​បាន​ប្រាប់​នាង​វិញ​ថា​ចង់​ទៅ​ផឹក​បន្ត​ទៀត​ តែ​នាង​ក៏​មិន​ព្រម​ដូចគ្នា។

អ្នក​ទាំងពីរ​បាន​ប្រកែក​គ្នា​លើ​ម៉ូតូ​តាម​ផ្លូវ​ តែ​ដោយសារ​ប្រកែក​មិន​ឈ្នះ​ ទើប​នារី​រងគ្រោះ​បាន​ស្ងាត់​មួយ​សន្ទុះ​រហូត​ដល់​បុរស​នោះ​បាន​បើក​ម៉ូតូ​ទៅ​ដល់​ស្ពាន​ជ្រោយ​ចង្វា។ នារី​រងគ្រោះ​ក៏​ស្រាប់​តែ​ស្រែក​យំ​ហើយ​សួរ​ទៅ​កាន់​បុរស​នោះ​ថា​ ចង់​នាំ​នាង​ទៅ​ណា? ដោយ​នាង​បាន​ប្រាប់​ម្ដង​ទៀត​ថា​ ទុក​នាង​នៅ​កន្លែង​ហ្នឹង​ហើយ ​នាង​ចង់​ជិះ​ទៅ​កន្លែង​ធ្វើការ​ខ្លួន​ឯង​វិញ។ តែ​បុរស​នោះ​នៅ​តែ​មិនព្រម​ដដែលរហូត​ដល់ឌុប​នាង​តាមបណ្តោយ​ផ្លូវ​ជាតិលេខ​ ៦ ដល់​រង្វង់​មូលព្រែកក្តាម​ ដែល​​តាម​ពិត​បុរស​នេះ​លួងលោម​ចង់​គេង​ជាមួយ​នាង​សោះ។

​ដោយ​ពិបាក​ប្រកែក​ជាមួយ ​នារី​រងគ្រោះ​បាន​ស្ងាត់​បន្តិច​ ហើយ​នាង​ចាប់ផ្ដើម​ភ័យ​ព្រួយ ​បើ​សិន​នាង​មិន​ព្រម​ជាមួយ​បុរស​ម្នាក់​នេះ​ទេ ​គេ​អាច​នឹង​នាំ​នាង​ទៅ​កន្លែង​ណា​ឆ្ងាយ​ពី​ក្រុង​មិន​ខាន​ទេ។ ណា​មួយ​នាង​ក៏​ពាក់​គ្រឿង​អលង្ការ​ជាប់​ខ្លួន​ថែមទៀត។ ដូច្នេះ​នារី​រងគ្រោះ​ក៏​បាន​លួង​លោមគេវិញ ​តែ​បុរស​នោះ​បាន​ដកហូត​កាបូប​លុយ​របស់​នាង​ទុក​ដោយ​គំរាម​នាង​ថា​ បើ​សិន​នាង​មិនព្រមគេង​ជាមួយ​គេ​ទេ​ គេ​នឹង​នាំ​នាង​ទៅ​ដល់​ខេត្ត​កំពង់ចាម។ ដូច្នេះ​ នាង​ក៏​សុខចិត្ត​ព្រម​ជាមួយ​ ដោយ​បុរស​នោះ​ជិះត្រលប់​មិន​វិញ​ និងបាន​នាំ​នាង​ឡើង​ផ្ទះ​សំណាក់​មួយ​ឈ្មោះ​ថា ​ពន្លឺ ពេជ្រ​នៅ​ម្ដុំ​រកាកោង​ច្រក​ចូល​ខារ៉ា​អូខេ​ប្រេន។

នារី​រងគ្រោះ​ក៏​បាន​និយាយ​បន្ថែម​ថា ​ពេល​បុរស​នោះ​ចូល​ទៅ​គិត​លុយ​ភ្លាម ​នាង​ប្រញាប់​រត់​ទៅ​រក​សន្តិសុខ ​ដោយនិយាយ​ឲ្យ​ជួយ​នាង​ទាំង​ទឹកភ្នែក​ រហូត​ដល់​ម្ចាស់ផ្ទះ​សំណាក់​ចេញ​មក​អន្តរាគមន៍​ទាន់​ពេល​វេលា។ នារីរង​គ្រោះ​បា​នទូរសព្ទប្រាប់​មិត្តភ័ក្កិ​ទៅឌុ​​បនាង​ឡើង​មកភ្នំពេញ​វិញ​ទាំង​កណ្តាល​យប់​។ ចំណែក​​បុរស​រូប​នោះ​បានជិះ​ម៉ូតូទៅ​បាត់​ស្រមោល​​។

ក្រោយកើត​ហេតុ​មួយ​ថ្ងៃ កញ្ញា ហ៊ាង ម៉េងហ័ង មិន​បាន​ដាក់​ពាក្យ​ប្តឹង​ទេ និង​បា​នរៀបរាប់​សកម្មភាពមិនល្អ​ខាងលើ​នេះសរសេរលើ​បណ្តាញសង្គម តែ​ត្រូវ​យុវជនឈ្មោះ ​ម៉េង ឃុនលី បង្ហោះរូបភាពអាក្រាតកាត់ត កញ្ញាដាក់​លើ​បណ្តាញសង្គម​ទៅ​វិញ​។ កញ្ញាបាន​បដិសេធ​ថា បុរស​រូបភាព​នេះមិន​មែននាងទេ ហើយ​ថា បុរសនេះមិន​ប៉ះពាល់​នាង​ឡើយ​ ដោយមានសន្តិសុខ និង​ការមេរ៉ាសុវត្ថិភាព​ជាភស្តុតាង និង​សាក្សី។ កញ្ញា​បា​នចាត់​ទុក​​សកម្មភាព​ខាង​លើ​ជាការប៉ងរំលោភ​មិន​បាន​សម្រេច​ និង​បង្ខូចកេរ្តិ៍ឈ្មោះ​លើ​បណ្តាញសង្គម​ ហើយ​បាន​ស្នើសុំ​មេធាវីរាជរដ្ឋាភិបាល​ និងអង្គការការពារសិទ្ធិស្រ្តី​ជួយ​នាង​ផង ។

នារី​រង​គ្រោះ​ក៏​បាន​បញ្ជាក់​ច្បាស់ៗ​ម្ដង​ទៀត​ថា ​បុរស​ម្នាក់​នោះ​តែងតែ​ដេក​ជាមួយ​មនុស្ស​ស្រី​គ្រប់គ្នា​ ហើយ​ថត​ជា​រូបភាព​ឬ​វីដេអូ​ដើរ​គំរាម​គេ​ផង​ដែរ។ ហើយ​បុរស​នោះ​ក៏​ធ្លាប់​បាន​ឆាត​មក​សម្រួល​ជាមួយ​នាង​ត្រឹម​សំណង៣០០ដុល្លា​​ក្រោយ​ពី​នាង​បាន​គំរាម​ប្ដឹងតបតវិញ។

ទោះជា​យ៉ាងណា​ក៏ដោយ នេះ​គ្រាន់​តែ​ជា​សម្ដី​របស់​នារី​រងគ្រោះ​ដែល​អះអាង​តែ​ម្ខាង​តែ​ប៉ុណ្ណោះ។

 

អត្ថបទ៖សាង ស្រីល័ក្ខ