នាំ​ថ្នាំញៀន​ពី​កំពង់ឆ្នាំង មក​លក់​នៅ​ខេត្ត​កណ្តាល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​៧​នាក់​
BREAKING NEWS
Search

នាំ​ថ្នាំញៀន​ពី​កំពង់ឆ្នាំង មក​លក់​នៅ​ខេត្ត​កណ្តាល ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​៧​នាក់​

កណ្តាល ៖ មនុស្ស​ចំនួន​៧​នាក់ ​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ខ្លួន​ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​អំពិល​ដាំទឹក​ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល ខណៈ​កំពុង​ជួប​ជុំ​គ្នា​ចែកចាយ​ និង​ជួញដូរ​ថ្នាំញៀន​ល្មើសច្បាប់​។​

​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ខាងលើ​នោះ​មាន៖

១.​ឈ្មោះ មាស កំសត់ ហៅ សួន កំសត់ ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ចំ​ផ្ទះ​កើតហេតុ​នៅ​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល ជា​មុខ​សញ្ញា​មេ​ជួញដូរ​ និង​ប្រើប្រាស់​ថ្នាំញៀន​ដ៏​សកម្ម (​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​។ ជា​មុខសញ្ញា​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​៦៥៥ ចុះ​ថ្ងៃទី​២៤ ​ខែ​ធ្នូ ឆ្នាំ​២០១៨ ចេញ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជុំនំ​ជម្រះ ឆៃ វិ​វ​ឌ្ឍ​នា សាលាដំបូង​ខេត្ត​កណ្តាល​។

២.​ឈ្មោះ ញឹម សារាជ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ជាងផ្សារដែក ទីលំនៅ​ភូមិ​អំ​ពិ​ល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល (​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៦​កញ្ចប់ និង​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​។
៣ .​ឈ្មោះ​ ប្រាក់ ហាក់​(​ហៅ​ខ្មៅ​) ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កម្មករ​ជាង​កាត់​កញ្ចក់ មាន​ទីលំនៅ​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល​(​មាន​សារធាតុ​ញៀន​ក្នុង​ទឹក​នោម​)​។

៤. ឈ្មោះ ប្រាក់​ នី (​ហៅ​ទិច​) ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិត​ប្រាកដ មាន​ទីនៅ​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង​ ស្រុក​ពញាឮ ខេត្ត​កណ្តាល (​ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់ និង​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)។​

៥. ឈ្មោះ យ៉ាន់ ម៉េង​ស្រៀ​ង (​ហៅ​ទូច​) ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ជន​ជា​តិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ពាម​ជំនីក ឃុំ​កំពង់​លួង​ស្រុក​ពញាឮ ខេត្តកណ្តាល (​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​។​

៦. ឈ្មោះ រឹត ពិ​សិទ្ធ (​ហៅ​ប៉ាង​) ជនជាតិខ្មែរ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​ភូមិ​ពោធិ​កំបោរ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល (​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​។

៧. ឈ្មោះ សុខ​ រ៉ាវី ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​ភូមិ​សាលា​កាត់សក់ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល (​ដក​ហូ​ត​ថ្នាំញៀន​បាន​១​កញ្ចប់ និង​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​)​។​

​លោក​វរសេនីយ៍ឯក ដួង តេង អធិការ​នគរបាល​ស្រុក​ពញាឮ បាន​មាន​ប្រសាសន៍​ថា​ ការបង្ក្រាប​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាជន​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូល​ដ្ឋាន​ថា មាន​ក្រុម​ជនសង្ស័យ​១​ក្រុម​ កំពុងតែ​ប្រមូលផ្ដុំ​គ្នា​ធ្វើ​សកម្មភាព​ចែកចាយ​ និង​ប្រើ​ប្រាស់​ថ្នាំញៀន ចំណុច​ក្នុងផ្ទះ​របស់​ឈ្មោះ មាស កំសត់ (​ហៅ​សួន កំសត់​)​។

លោក​អធិការ​បាន​បន្តថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​ផ្នែក​ជំនាញ​របស់​លោក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដែក និង​ប៉ុស្តិ៍​រដ្ឋបាល វិហារ​លួង ចុះទៅពិនិត្យ​កន្លែង​កើត​
​ហេតុ ក៏​បានឃើញ​ជនសង្ស័យ​មួយក្រុម​ខាងលើ​កំពុង​នៅ​ចំណុច​កើត​ហេតុ​នោះ​មែន ​ដែល​សុទ្ធសឹង​ជា​មុខសញ្ញា​គ្រឿងញៀន​ទាំងអស់ ​ក៏បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជាក់ស្ដែង​នៅ​កន្លែងកើតហេតុ​បាន​៧​នាក់​ និង​​រកឃើញ​ចាប់យក​វត្ថុតាង​ថ្នាំញៀន​នៅ​ជាប់​ខ្លួន​ពួកគេ​ចំនួន​១២កញ្ចប់ តូច និង​មធ្យម។ រួម​ទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួនទៀត មាន​ដូច​ជា ៖​ សម្ភារៈ​វេច​ខ្ចប់ ​និង​ប្រើប្រាស់​ថ្នាំញៀន ម៉ូតូ​២​គ្រឿង ទូរសព្ទ​៧​គ្រឿង​ ​វិទ្យុទាក់ទង (​អាយកូម​)១​គ្រឿង ហើយ​នឹង​លុយកាក់​មួយ​ចំនួន​ទៀត​។​ ពួកគេ​ត្រូវបាន​នាំយកមក​សាកសួរ​ស្រាវជ្រាវ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ថ្នាំញៀន​ទាំងនេះ ពួកគេ​បាន​ទិញ​មកពី​ឈ្មោះ ក្តឹប ភេទ​ប្រុស នៅ​ម្តុំ​សាលា​លេខ​៥ ស្ថិតក្នុង​ខេត្ត​កំពង់ឆ្នាំង យក​មក​លក់​០១​កញ្ចប់​តូច​ក្នុង​តម្លៃ​ចាប់​ពី​៣​ម៉ឺន​រៀល ទៅ​៤​ម៉ឺន​រៀល​។​

​ប្រជាជន​ដែល​បាន​រស់នៅ​ក្បែរ​តំបន់​កើតហេតុ​ ក៏ដូចជា​មហាជន​ទូទៅ​បាន​សម្តែង​ការ​ត្រេកអរ​ចំពោះ​ចំណាត់​ការ​បង្ក្រាប​ការ​ជួញដូរ​ និង​ប្រើ​ប្រាស់​ថ្នាំញៀន​បែបនេះ។ ​ព្រោះថា ថ្នាំញៀន ​ធ្វើឲ្យ​កើត​មាន​នូវ​អំពើ​ចោរកម្ម និង​អំពើ​ហិង្សា​ដែល​បង្ក​ឲ្យ​សង្គម​អាប់អួ​៕

សូមចុចអាន ៖ ត្រឹម​មួយ​ព្រឹក​សោះ សមត្ថកិច្ច​ពិន័យ​ម៉ូតូ​ ៩០០​គ្រឿង និង​រថយន្ត​ ៨០​​គ្រឿង​

អត្ថបទ ៖ ប៊ុន ​សឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114