នា​ថ្ងៃ​ខាងមុខ ​នឹង​មាន​ផែនការមេ​អភិវឌ្ឍន៍​បណ្ដាញ​លូ​ទឹក​កខ្វក់ និង​លូ​ទឹក​ភ្លៀង

ភ្នំពេញ ៖ កិច្ចប្រជុំ​ត្រួតពិនិត្យ ពិភាក្សា និង​ផ្តល់​យោបល់ លើ​របាយការណ៍​លទ្ធផល​បឋម​ នៃ​គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព និង​ផែនការមេ​អភិវឌ្ឍន៍​បណ្តាញ​លូ​ទឹកកខ្វក់ និង​លូទឹក​ភ្លៀង​ក្នុង​ក្រុង​កំពត ខេត្ត​កំពត និង​ក្រុងកែប ខេត្ត​កែប។

កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩ មាន​កិច្ចប្រជុំ ស្ដីពី​ការ​ត្រួតពិនិត្យ ពិភាក្សា​ផ្តល់​យោបល់ លើ​របាយ​ការណ៍​លទ្ធផល​បឋម ​នៃ​គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព និង​ផែនការមេ​អភិវឌ្ឍន៍​បណ្ដាញ​លូទឹ​ក​កខ្វក់ និង​លូ​ទឹក​ភ្លៀង ដែល​បាន​ប្រារព្ធ​នា​សាល​ប្រជុំ​ខេត្ត​ពីរ​ផ្សេងៗ​គ្នា គឺ ខេត្តកំពត និង​កែប​។​

កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ឡើង ដោយមាន​ការចូលរួម​ពី​តំណាង​អភិបាល នៃ​គណៈ​អភិបាលក្រុង​កំពត និង​ក្រុងកែប ថ្នាក់ដឹកនាំ​នាយកដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ និង​ជា​តំណាង អគ្គនាយក​សាធារណការ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន មន្ទីរ​បរិស្ថាន មន្ទីរ​ដែនដី​នគរោបនីយកម្ម មន្ទីរ​ឧស្សាហកម្ម​ និង​សិប្បកម្ម មន្ទីរ​ទេសចរណ៍ មន្ទីរ​ផែនការ និង​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​កំពត និង អង្គភាព​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

កិច្ចប្រជុំ​នេះ​ មាន​គោលបំណង ផ្តោត​លើ​ការ​ត្រួតពិនិត្យ ពិភាក្សា​ផ្តល់​យោបល់​លើ​លទ្ធផល​បឋម “ គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព និង​ផែនការមេ​អភិវឌ្ឍន៍​បណ្ដាញ​លូទឹក​កខ្វក់ និង​លូទឹក​ភ្លៀង​ក្នុង​ក្រុង​កំពត ខេត្ត​កំពត និង​ក្រុងកែប ខេត្ត​កែប ” សិក្សា​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​សៀង​ហៃ (Shanghai Engineering Co., Ltd) សហការ​ជាមួយ​នាយកដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ (SMCD/MPWT) នៃ​អគ្គនាយកដ្ឋាន​សាធារណការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។​

ជា​លទ្ធផល​ក្រោយ​បទ​បង្ហាញ​ពី​តំណាង​ក្រុមហ៊ុន អង្គប្រជុំ​បង្ហាញ​ការ​ពេញចិត្ត​គាំទ្រ​លើ​លទ្ធផល​ការសិក្សា​គម្រោង និង​ស្នើ​ពន្លឿន​ការសិក្សា​ផែនការមេ​បញ្ចប់ ដោយ​យោង​តាម​ផែនទី​ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុង ចក្ខុវិស័យ​ឆ្នាំ​២០៣០ ដើម្បី​ឈានដល់​ការសាងសង់ ព្រោះ​បញ្ហា​ទឹក​កខ្វក់ និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​លូ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ ជា​កិច្ចការ​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦៕

 
​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114