ព័ត៍មានទាន់​ហេតុការណ៏
Search

នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​នឹង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅមុខ​ផ្សារ​ដើម​គរ​និង​នៅមុខ​សា​សា​បឋមសិក្សា​សន្ធរម៉ុក

ភ្នំពេញ ​៖ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២០​ខាងមុខនេះ រដ្ឋបាល​រាជធានី​នឹង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅមុខ​ផ្សារ​ដើម​គរ​និង​នៅមុខ​សា​សា​បឋមសិក្សា​សន្ធរម៉ុក នៅ​ក្នុង​អាណាចក្រ​ខណ្ឌទួលគោក ខណៈដែល​ពេលនេះ​ក្រុមការងារ​ជំនាញ​បាននិងកំពុង​កំណត់​ទីតាំង​ស្ថាបនា​និង​បាន​ខួង​ដី​យក​ទៅ​ពិសោធន៍​រួចរាល់​ហើយ​នោះ​។

អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ក្នុង​ការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​តំបន់ ផ្សារ​ដើម​គរ​និង​នៅមុខ​សាលាបឋមសិក្សា​សន្ធរម៉ុក ចុះទៅ​សិក្សា​ចាប់ពី​សប្តាហ៍​នេះ​ទៅ​ដើម្បី​ឲ្យ​ទាន់​តាម​ផែនការ​ក្នុង​រយៈពេល​៦​ខែ​ទៀត​រួចរាល់ ដែល​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​និង​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​ដែល​មិន​ប្រឈម ទៅនឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​កើតឡើង​ជាយថាហេតុ​។

ក្នុង​កិច្ចប្រជុំ​រវាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ឯកជន​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា ការ​ព​ន្លឿ​ន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២​កន្លែង​នេះ ដោយសារតែ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ចង់​ឲ្យ​មានការ​ស្ថាបនា​ឲ្យ​បាន​ឆាប់​។

លោក​បាន​បន្ត​ថា គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​តំបន់​មុខ​ផ្សារ ដើម​គរ​ក្រុម​មន្ត្រី​ជំនាញ​បានចាប់ផ្តើម​ស្ថាបនា​ជា​បណ្តើរៗ​ហើយ​ដូចជា​ការកំណត់​ទីតាំង​ការដ្ឋាន ការ​ខួង​ដី​យកទៅ​ពិសោធន៍ និង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​។ ចំណែក​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅត្រង់​មុខ​សាលាបឋមសិក្សា​សន្ធរម៉ុក​វិញ​អាច​នឹង​ចុះ​កំណត់​ទីតាំង​ស្ថាបនា​នៅ​សប្តាហ៍​ក្រោយ ដោយសារ​ក្រុម​អ្នក​ជំនាញ​ត្រូវការ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​បន្ថែម​ទៀត ព្រោះ​ស្ពាន​អាកាស​នេះ​នៅ​លើ​ចំណុច​ផ្លូវ​ប្រសព្វ​ទាំង​៤​ទិស​តែ​ម្តង ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ឆ្លងកាត់​ផ្លូវ​នេះ ដោយ​សុវត្ថិភាព​ទោះ​ពួកគេ​មកពី​ទិស​ខាង​ណាក៏ដោយ​។

លោក​អភិបាល​បាន​បាន​អះអាង​ថា គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២​នេះ នឹង​ស្ថាបនា​ឡើង​ឲ្យ​ធានាបាន​គុណភាព​ខ្ពស់បំផុត​រហូតដល់​៥០​ឆ្នាំ​ឡើងទៅ ពិសេស​ការ​រចនា ជណ្តើរ​ឡើង​ឲ្យ​មាន​ភាពងាយស្រួល​ឡើង​ចុះ​ទាំង​កុមារ​និង​មនុស្ស​ចាស់ ដែល​អាចធ្វើ​ដំណើរ​ឆ្លង កាត់​បាន​។

តំណាង​ក្រុមហ៊ុន ដែល​ទទួល​សិទ្ធិ​ក្នុង​ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២​កន្លែង នេះ​បាន​សន្យា​នឹង​អនុវត្ត​ផែនការ​ស្ថាបនា​គ្រោង​ស្ពាន​អាកាស​ថ្មើរជើង​ទាំង​២​កន្លែង​នេះ​អោយ​ហើយ​តាម​ផែនការ​កំណត់​ប្រកបដោយ​គុណភាព​និង​សោភ័ណភាព ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​អាកាស​ថ្មើរជើង​នេះ​។

គួរ​បញ្ជាក់​ថា មកដល់ពេលនេះ​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​កន្លែង​ហើយ ដោយ​នៅ​តំបន់​ជម្ពូ​វ័​ន្ត​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ចំនួន​២​កន្លែង និង​នៅ​តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ចំនួន​១​កន្លែង ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ពង្រីក​គម្រោង​ស្ថាបនា​នេះ​ឲ្យ​បាន ច្រើន កន្លែង​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​និង​ទីក្រុង​មាន​ភាព ស៊ី​វិ​ល័យ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114