នៅ​​​ព្រឹក​នេះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បានធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ស្វី​ស​វិញ​ហើយ
BREAKING NEWS
Search

នៅ​​​ព្រឹក​នេះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បានធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ស្វី​ស​វិញ​ហើយ

ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃទី​២២ ខែ​មករា​ ឆ្នាំ ២០១៧ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា វិលត្រឡប់​មកដល់​មាតុភូមិ​កម្ពុជា​វិញ​ហើយ ​ប្រកបដោយ​ជោគជ័យ បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​រៀបចំឡើង​នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស។

សម្តេច​តេ​ជោ​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចាកចេញ​ពី​ប្រទេស​ស្វី​សកាល​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧ ដែល​ត្រូវ​ធ្វើដំណើរ​តាម​រថយន្ត​ចេញពី Davos ទៅ Zurich ហើយ​បន្តដំណើរ​ទៅ Hong Kong និង​ឆ្ពោះ​មក​កម្ពុជា​វិញ។

សម្តេច​តេ​ជោ បាន​អញ្ជើញ​ចូលរួម​វេទិកា​ស្តីពី «​តើ​អាស៊ាន​ជា​សហគមន៍​មួយ​ហើយ​ឬ​នៅ​?» ដែល​មាន​ការចូលរួម​ពី​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen XuanPhuc, លោក Riady​មន្ត្រី​សម្របសម្រួល​វេទិកា​, លោកស្រី Pangestu​មន្ត្រី​ស្ថាប័នឯកជន​,​លោក Razak​និង លោក Chipman​នៅ​សាល Congress Center, Sanada​ ដែល​ជា​កម្មវិធី​ចុងក្រោយ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង Davos, Switzerland។

វេទិកា​សេដ្ឋកិច្ចពិភពលោក​លើក​ទី​៤៧ បាន​ប្រព្រឹត្តទៅ​រយៈពេល​៤​ថ្ងៃ​ពីថ្ងៃ​ទី​១៧​ដល់​២០​ខែមករា ២០១៧ នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូលរួម​កិច្ចប្រជុំ​ចំនួន​៨ ក្នុងនោះ​រួមមាន ៖ ទី​១-​ការដាក់​ដំណើរការ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ៖ ការបើកចំហ​កិច្ចសហប្រតិបត្តិការ​រដ្ឋាភិបាល និង​ឯកជន​។ ទី​២-​ចក្ខុវិស័យ​ថ្មី​មួយ​សម្រាប់​វិស័យ​កសិកម្ម ៖ ការកសាង និង​ការពង្រឹង​ភាពជា​ដៃគូ​ពហុភាគី​ពាក់ព័ន្ធ​។ ទី​៣-​ការប្រជុំ​ពហុភាគី​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ពិភពលោក​។ ទី​៤-​ការប្រជុំ​ក្រៅផ្លូវការ​នៃ​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ចពិភពលោក​៖​ការឆ្លើយតប​នឹង​ការទទួលខុសត្រូវ​របស់​ថ្នាក់ដឹកនាំ​នៅក្នុង​ពហុភាគី​ប៉ូល​នៅក្នុង​ពិភពលោក​។ ទី​៥- អាស៊ាន​ក្នុង​រយៈពេល​៥០​ឆ្នាំ​៖ តើ​អាស៊ាន​មានដំណើរ​ទៅមុខទៀត​យ៉ាងដូចម្តេច​?​។ ទី​៦-​ការពិភាក្សា​ឯកជន​នៃ​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ចពិភពលោក ស្តីពី​ការស្រាវជ្រាវ​ឲ្យ​មាន​ដំណើរការ​ដោយ​រលូន​នៃ​បដិវត្ត​ឧស្សាហកម្ម​លើក​ទី​៤​។ ទី​៧- វិថី​អាស៊ាន ឬ​ផ្លូវ​ហាយវ៉េ​ក្នុង​ពិភពលោក​ពោរពេញ​ដោយ​ភាព​បែកបាក់ និង​ទី​៨- ការបង្ហាញ​ពី​ការផលិត​៖ តើ​អាស៊ាន​ជា​សហគមន៍​មួយ​ហើយ​ឬ​នៅ​?​។​

ក្រៅពី​ចូលរួម​កិច្ចប្រជុំ​សំខាន់ៗ នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅបាន​ជួប​ជា​លក្ខណៈ​ទ្វេភាគី ជាមួយ​ប្រធានាធិបតី​សហព័ន្ធ​ស្វី​ស នាយករដ្ឋមន្ត្រី​ស៊ុយ​អ៊ែត ប្រធាន​ធនាគារ​អាមេរិក​ប្រចាំ​ក្រុង​ហុងកុង ជួប​លោក George Yeo អ្នកប្រាជ្ញ​របស់​សាកលវិទ្យាល័យ​Lee Kuan Yew (National University of Singapore) ជួប​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia និង បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ស្វី​ស បារាំង អាល្លឺម៉ង់ ឆេ​កូ និង ប្រទេស​បែលហ្ស៊ិក​។​

សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​អញ្ជើញ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​“​មូលនិធិ​ហិរញ្ញវត្ថុ​រួម​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព ”​។ ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​វិនិយោគ​ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​ស្វី​ស និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ចូលរួម​ពិសា បាយ​ការងារ​។​

ប្រទេស​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​ប្រទេស​ដំបូង​គេ​នៅក្នុង​កម្មវិធី​“​មូលនិធិ​ហិរញ្ញវត្ថុ​រួម​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព​” ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ធនាគារ​ពិភពលោក​(WB) រួមជាមួយ​អង្គការ​ស​ហ​ប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (OECD)​។​

ជាងនេះទៀត​ដោយសារ​នៅ​អំឡុង​ខែឧសភា​ឆ្នាំនេះ​ប្រទេស​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​នៅ​ឆ្នាំ​២០១៧​ផង​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ឆ្លៀត​យក​ឱកាស​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ​ដើម្បី​បង្ហាញ​ពី​អាស៊ាន​និង​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា នៅក្នុង​កម្មវិធី​ពិសេស​មួយ​ដែលមាន​ចំណងជើង​ថា «​កម្ពុជា​៖​ផ្កាយ​កំពុង​រះ​របស់​អាស៊ាន​»​។ ក្នុងនោះ​កម្ពុជា​ក៏​នឹងដាក់​បង្ហាញជូន​នូវ​វីដេអូ​ខ្លី​មួយ​ស្តីពី​ការរៀបចំ​របស់​កម្ពុជា​សម្រាប់​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​ផងដែរ​។​

គួរ​បញ្ជាក់ថា កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ប្រចាំឆ្នាំ គឺជា​ការជួបប្រជុំ​ថ្នាក់ដឹកនាំ​ពិភពលោក​កម្រិត​ខ្ពស់បំផុត រវាង​រដ្ឋាភិបាល អ្នកជំនួញ អ្នកស្រាវជ្រាវ សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ប្រព្រឹត្ត​ទៅជា​រៀងរាល់​ដើមឆ្នាំ ដើម្បី​កំណត់​របៀបវារៈ​ស្តីពី​ពិភពលោក តំបន់ និង​ឧស្សាហកម្ម។​

សូមបញ្ជាក់ថា គណៈប្រតិភូ​ជាន់ខ្ពស់ ដែល​អមដំណើរ​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ប្រទេស​ស្វី​ស​នាពេលនេះ រួមមាន ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម រួមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មួយចំនួនទៀត៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114