BREAKING NEWS
Search

ន៎ុះ ! មេធាវីការពារស្នាដៃកវី គង់ ប៊ុនឈឿន ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើអ្នកលួចចម្លងបទចម្រៀងទៅក្រឡៃ

ភ្នំពេញ៖ ដោយសង្កេតឃើញ​បច្ចុប្បន្ននេះមានតារាចម្រៀង និងអ្នកនិពន្ធខ្មែរមួយចំនួនបាននឹងកំពុងតែផុសផុលក្នុងការជ្រើសចម្លង(Cover)បទចម្រៀងរមតកដើម ដែលជាស្នា​ដៃរបស់កវីស្ទឹងសង្កែលោក គង់ ប៊ុនឈឿន មកកែឆ្នៃក្រឡៃទំនុកច្រៀង ឬសាច់ភ្លេងផ្ទុយពីមរ​តកដើមនោះមេធាវីការពារស្នាដៃតំណាងឲ្យភរិយាលោក គង់ ប៊ុនឈឿន បានប្រតិកម្មនិងប្រព្រមានវិធានការតាមផ្លូវច្បាប់។

លោក ពេជ្រ អង្គ ដែលជាមេធាវីតំណាងឲ្យភរិយាលោក គង់ ប៊ុនឈឿន គឺលោកស្រី គាត គឹមលន បានបញ្ជាក់ថាការនិពន្ធជាការខំប្រឹងដោយបញ្ញាស្មារតី ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដែលគួរឲ្យគោរព។ ដូច្នេះមិនគួររំលោភសិទ្ធិរបស់អ្នកនិពន្ធ ទោះបីដោយហេតុផលណាមួយឡើយ។លោកបន្តថាទង្វើរនេះគឺជាការរំលោភដ៏ធ្ងន់ធ្ងរលើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រ​ហាក់ប្រហែលឆ្នាំ២០០៣និងជាពិសេសលើសិទ្ធិបេតិកភណ្ឌនិង/ឬសិទ្ធិសិលធម៌របស់លោកស្រី គាត គឹមលន ដែលធ្វើឲ្យលោកស្រីមានការឈឺចាប់។

លោកមេធាវីបានបញ្ជាក់ថានេះក៏ជាការប្រមាថដ៏ធ្ងន់ធ្ងរដល់ការខិតខំប្រឹងប្រែង និពន្ធស្ទើរមួ​យ​ជី​វិតរបស់លោក គង់ ប៊ុនឈឿន ហើយទង្វើរនេះក៏ជាការធ្វើឲ្យអ្នកនិពន្ធនានារួញរាក្នុងការបង្កើតបទចម្រៀងដើមថ្មីៗនាពេលខាងមុខដែរនិងមិនបានរួមចំណែកអ្វីទាន់តែសោះដល់ការអភិវឌ្ឍន៍វប្បធម៌និងសង្គម។លោក ពេជ្រ អង្គ បានប្រកាសព្រមានដូច្នេះថាស្នើរឲ្យអ្នកដែលបា​នរំលោភលើសិទ្ធិទាំងនេះបញ្ឈប់និងដកហូតបទចម្រៀងនិងបទភ្លេងទាំងនេះចេញពីប្រព័ន្ធចែកចាយនិងទីតាំងធ្វើអាជីវកម្មនានាជាបន្ទាន់។ក្នុងការណីបន្តលោកនិងពិចារណាចាត់វិធានការតាមផ្លូវច្បាបប់។

លោក ពេជ្រ អង្គ បន្តទៀតថាចំពោះអ្នកដែលមានបំណងទទួលសិទ្ធិក្នុងការធ្វើអាជីវកម្ម ការផលិតឡើងវិញ ក្នុងទម្រង់បែបណាមួយលើស្នាដៃទាំងនេះលោកស្រី គាត គឹមលន រីករាយនិងពិភាក្សាអំពីការផ្តល់សិទ្ធិធ្វើអាជីវកម្មតាមរយៈលោកមេធាវី ពេជ្រ អង្គ ឬអង្គភាពគ្រប់គ្រងសិទ្ធិរួមតូរ្យតន្រ្តីកម្ពុជាដែលនឹងចេញជារូបរៀងផ្លូវការនាពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីកន្លងមកបានសម្រេចប្រគល់សិទ្ធិគ្រប់​គ្រ​ងលើបទចម្រៀងចំនួនសរុប៥៥បទជូនដល់ភរិយាលោក គង់ ប៊ុនឈឿន គឺលោកស្រី គាត គឹមលន ដែលនេះជាការទទួលមរតកបន្តពីលោកកវី គង់ ប៊ុនឈឿន។ដោយឡែកបើតាមការកត់សម្គាល់អំឡុងមួយរយៈពេលចុងក្រោយនេះគឺមានការរំលោភលើសិទ្ធិបទចម្រៀងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ដើមតាមរយៈការធ្វើអាជីវកម្មខុសច្បាប់ ការយកទៅច្រៀ​ងឡើងវិញ ការកែឃ្លាឃ្លោង ការកែសាច់ភ្លេង និងធ្វើអាជីវកម្មតាមទីតាំងនានាដូចជា បណ្តាញសង្គមយូធូប ឬតាមប្រពន្ធផ្សព្វផ្សាយជាសាធារណៈផ្សេងៗជាដើម៕

អត្ថបទ៖ ចាន់ ដារ៉ា