បក្ខ​ពូក​ចោរប្លន់​កក្រើក​កំពង់ស្ពឺ​ម្នាក់ទៀត ត្រូវ​បាន​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន

កំពង់ស្ពឺ ៖ កំពូល​ចោរ​ប្លន់​យ៉ាងសកម្ម​ក្នុងភូមិ​សាស្ត្រ​សំរោង​ទង និង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ត្រូវ​បាន​កម្លាំង​ជំនាញ​សហការ​ស្រាវជ្រាវ​ឃាត់​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន សរុប ០៦​ដីកា។

​មុខសញ្ញា​ជា​ចោរប្លន់​ដ៏​សកម្ម​នេះ បន្ទាប់ពី​ចាប់ខ្លួន​ត្រូវ​បាន​នគរបាល​ធ្វើការ​សាក​រួច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់ នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២០​នេះ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង៣៥​នាទី នៅ​ចំណុច​ភូមិ​ទួល​សំណាង ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​សំរោង​ទង ធ្វើការ​ឃាត់ខ្លួន មុខសញ្ញា​ពាក់ព័ន្ធ​ក្នុងករណី លួច​ស្ថាន​ទម្ងន់ទោស ដោយសារ​ប្រើ​អំពើ​ហិង្សា ដែល​មាន​ដីកា​សរុប​ចំនួន ០៦ ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន។

មុខសញ្ញា​ជា​ចោរប្លន់​មានឈ្មោះ កែវ ដែន ភេទ​ប្រុស អាយុ២០​ឆ្នាំ មុខរបរ​ធ្វើជា​ចោរ​ប្លន់ មាន​ទីលំនៅ​ភូមិ​ទួល​សំណាង ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង​។

មន្ដ្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ឲ្យ​ដឹង​ថា បក្ខ​ពួកក្រុម​ក្រុមចោរ​ខាង​លើ​ជា​ក្រុម​ប្លន់​ម៉ូតូ​ដ៏​សកម្ម​បំផុត​មាន​អង្គការ​ចាត់តាំង​ត្រឹមត្រូវ ប៉ុន្តែ​កន្លងមក​សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​បាន ១៦​នាក់ សល់​បក្ខពួក​មួយចំនួន​បាន​រត់គេចខ្លួន។

​ក្នុង​នោះ មុខសញ្ញា​ជា​ចោរ​រ​ប្លន់ ឈ្មោះ កែវ ដែន បាន​រត់​គេចខ្លួន​បាត់​រហូត​វិល​ត្រឡប់មកផ្ទះ​វិញ​ត្រូវបាន​ឃាត់ខ្លួន​តែម្តង​។

​នគរបាល​បាន​រម្លឹក​អំពី​ប្រវត្ដិ​សកម្មភាព​ក្រុម​កំពូល​ចោរ​កន្លងមក​នោះ​ថា ក្រុម​ចោរប្លន់​ទាំង​បាន​ជិះ​ម៉ូតូ​ដេញតាម​ម៉ូតូ​អ្នកដំណើរ​ធ្វើ​ឲ្យ​ជនរងគ្រោះ​មានការ​ភ័យខ្លាច​ដែល​ធាក់​ម៉ូតូ​ផ្ដួល​តែម្ដង​។ បន្ទាប់មក​ចុះទៅ​ធ្វើ​ឈ្លោះប្រកែក​គ្នា​របៀប​ជា​ក្រុម​ក្មេង​ស្គាល់គ្នា ​ហើយ​មាន​ជម្លោះ​រឿង​អ្វីមួយ​? ដើម្បី​បន្លំ​ភ្នែក​អ្នក​ដំណើ​រ​ដែល​ជិះ​កាត់​ឲ្យ​ឃើញ​ថា ជា​ក្រុម​ក្មេង​ទំនើង​ឈ្លោះ​គ្នា​មិនមែនជា​ចោរប្លន់​ម៉ូតូ​នោះទេ រួច​ដេញ​វាយ​ជនរងគ្រោះ​រត់ចោល​ម៉ូតូ ទើប​បក្ខ​ពួកគេ​លើក​ម៉ូតូ​ជិះ​គេចខ្លួន​តែម្ដង​។

ម្យ៉ាងទៀត ក្រុមចោរប្លន់​បាន​ប្រើ​ដំបង កាំបិត ដាវ ជិះ​ដេញ​តាម​កាប់​ជនរងគ្រោះ​រហូត​ជនរងគ្រោះ​ដួល​ហើយ​យក​ម៉ូតូ​សកម្មភាព​នេះ​ភាគ​ច្រើ​ន​កើត​ក្នុងភូមិ​សាស្ដ្រ​ស្រុក​សំរោង​ទង ផ្លូវ​លេខ​១៤៤០ ច្បារមន ទៅ​ក្រាំងចេក និង​ផ្លូវជាតិ​លេខ​៤….។

បច្ចុប្បន្ន មុខសញ្ញា​ជា​ចោរប្លន់​ខាង​លើ ត្រូវ​បាន​ជំនាញ​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់៕
រដ្ឋ​ឋានៈ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114