បង្កង​អូស្ត្រាលី​ ​កំពុង​ទាក់ទាញ​​កសិករ​ខ្មែរ​ឱ្យចិញ្ចឹម​​ច្រើន​ឡើង​

​ព្រៃវែង ​៖ បង្កង​អូស្ត្រាលី​ទឹកសាប គឺជា​ប្រភេទ​បង្កង​មួយ ​​កំពុងមាន​ទីផ្សារ​ខ្ពស់​ និង​​ធ្វើ​ឱ្យ​កសិករ​​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ​ងាក​មក​ចិញ្ចឹម​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​។ ជាក់ស្តែង​លោក យុន សុផល ដែល​ជា​មន្ត្រី​រាជការ​ចូល​និវត្តន៍ ក្នុង​ខេត្តព្រៃ​វែង​ ចាប់​យក​អាជីព​ជា​អ្នក​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ទឹកសាប​នេះ ក្នុង​ការ​រក​ប្រាក់​ចំណូល​បន្ថែម ​។​

​លោកបាន​លើកឡើង​​ថា ​ការ​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ទឹកសាប​នេះ ​គឺមាន​ភាព​ងាយ​ស្រួល ​មិន​ពិបាក​ប៉ុន្មាន​នោះ​ទេ។ ​សព្វថ្ងៃនេះ​ ទីផ្សារ ​ក៏​ងាយស្រួល​ក្នុង​ការ​លក់ដូរ​នោះ​ផង​ដែរ ដោយ​ឲ្យ​តែ​មាន​បង្កង​លក់ ​គឺ​មាន​គេ​យក​អស់ៗ​តែម្ដង​។

លោកបាន​បន្តទៀតថា សព្វថ្ងៃនេះ គាត់​មិនទាន់បាន​ឈានទៅដល់​ការ​ចិញ្ចឹម​បង្កង​លក្ខណៈ​យក​សា​ច់​លក់​ផ្គត់ផ្គង់​ទីផ្សារ​នោះទេ។ ក៏ប៉ុន្តែ​គាត់​បាន​ចិញ្ចឹម​នេះ ​គឺ​បង្កាត់​ពូជ​ ដោយ​គាត់​លក់​ជា​កូន និង​មេបា​ពូជ​តែប៉ុណ្ណោះ ហើយ​គាត់​នឹង​បន្ត​ជំរុញ​បង្កើត​អាង​ដើម្បី​ចិញ្ចឹម​បង្កង​សាច់​លក់ដូរ​នៅ​ពេល​ខាង​មុខ​​។​

​ចំពោះ​កូន​បង្កង ដែល​គាត់​លក់ គឺក្នុង​មួយខែ​ជា​មធ្យម បាន ១៥០០ កូន។ ​ចំណែក​មេបា​ពូជ​បាន​ចំនួន​១២០​ក្បាល ដោយ​កូន​បង្កង​មួយ​ក្បាល​តម្លៃ​២​ពាន់​រៀល ហើយ​មេបា​ពូជ​ ក្នុង​មួយ​គូ​តម្លៃ​១០​ដុល្លារ​។

លោកបាន​បញ្ជាក់​ថា​ ចំពោះ​ការ​កុម្ម៉ង់​ទិញ​ពូជ​កូន​បង្កង ​និង​មេបា​ពូជ ច្រើន​មកពី​ខេត្ត​មណ្ឌលគិរី រតនគីរី ក្រចេះ៕
អត្ថបទ ៖ សៅ​គ្រី​

សូមចុចអាន ៖ កសិករ​ចិញ្ចឹម​ទា​នៅ​ខេត្ត​ស្ទឹងត្រែង ​ស្វែងរក​បច្ចេកទេស​ថែទាំ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114