បង្ក្រាបទីតាំងស្តុកមេតាណុលផលិតអាល់កុលក្លែងក្លាយរាប់ម៉ឺនលីត្រនៅភ្នំពេញ និងខេត្តកណ្តាល

ទីតាំងស្តុកមេតាណុលដើម្បីផលិតអាល់កុលចំនួន២ទីតាំងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ១ក្រុមធ្វើស្រាវជ្រាវរកឃើញ និងឈានដល់ការចុះទៅបង្រ្កាបនៅវេលាម៉ោង ៤៖៣០នាទី ល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ដោយបានធ្វើការដកហូតយកបានទឹកមេតាណុលចំនួនរាប់ម៉ឺនលីត្រ ហើយគេបានដឹងថាអ្នកនាំចូលសារធាតុនេះដោយខុសច្បាប់នោះគឺជាជនជាតិចិន និងបានគេចខ្លួនមុនពេលដែលកម្លាំងសមត្ថកិច្ចចម្រុះខាងលើចុះទៅដល់។

ទីតាំងទី១ ស្ថិតនៅផ្ទះលេខ០២ ផ្លូវលេខ០១A បុរីពិភពថ្មី៣ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ១៨៨ ផ្លូវលេខ១៣A ក្នុងបុរីពិភពថ្មី៣ ភូមិត្រពាំងសុក្រុម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលមានម្ចាស់ជាជនជាតិចិន ឈ្មោះ HUANG SHURONG ។

សមត្ថកិច្ចបានឲ្យដឹងថា នៅទីតាំងទី១ ខាងរាជធានីភ្នំពេញមានការដឹកនាំដោយលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោក ផាន់ លីវ៉ា ក្រឡាបញ្ជី លោក ង៉ែត ចេក អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម ។ ដកហូតបានមេតាណុលមិនទាន់ប្រើប្រាស់ចំនួន ១០២ធុង និងមេតាណុលប្រើប្រាស់រួចរាល់ចំនួន ៨១ធុង ដែលក្នុង១ធុងៗមានចំណុះ២០០លីត្រ និងអាល់កុលចំនួនប្រហែល ១០០កាន ដែលក្នុង១កានៗចំណុះ៦០លីត្រ។

ប្រភពដដែលបានបន្តថា ចំណែកខាងទីតាំងទី២ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល មានការដឹកនាំដោយលោកវរសេនីយ៍ឯក លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល និង លោក ង៉ែត ចេក អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) នៃក្រសួងពាណិជ្ជកម្ម និងចូលរួមដោយលោក ស ម៉េង អភិបាលរងស្រុកអង្គស្នួល លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល លោកវរសេនីយ៍ត្រី ស៊ូ វ៉ានធឿន មេបញ្ជាការអាវុធហត្ថស្រុកអង្គស្នួល លោកស្រុង លីមប្រធានការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិពេទ្យស្រុកអង្គស្នួល។ ខណៈនោះកម្លាំងរកឃើញមេតាណុល ចំនួន ៦៩ធុង ដែលក្នុង១ធុងៗចំណុះ២០០លីត្រនិងប៊ីដុងចំណុះ ៣០លីត្រចំនួន ២០០ប៊ីដុង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ភ្លាមៗនោះមន្រ្តីជំនាញបានធ្វេីការពិសោធន៍ជាលទ្ធផលរកឃើញថា សារធាតុទឹកមេតាណុល និងអាល់កុលផលិតរួចនេះ អាចធ្វើឲ្យមានការប៉ះពាល់ទៅដល់សុខភាពអ្នកប្រេីប្រាស់យ៉ាងខ្លាំង។ សម្ភារៈ និងសារធាតុមេតាណុលទាំងអស់ ត្រូវបានប្រគល់ជូននាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ដេីម្បីរក្សាទុក និងគ្រប់គ្រងបន្តនិងបិទទីតាំងទាំង២នេះ ព្រមទាំងបន្តធ្វើការស្រាវជ្រាវស្វែងរកឃាត់ខ្លួនថៅកែជនជាតិចិនដែលកំពុងរត់គេចខ្លួននោះដែរ ៕