បង្ក្រាប​ជន​សង្ស័យ ​​ជា​ជនជាតិ​ចិន​១២​នាក់ ​និង​រំដោះ​បាន​ជនរងគ្រោះ​៣​នាក់

បន្ទាយមានជ័យ​ ៖ កាលពី​ល្ងាច ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ ​កម្លាំង​នគរបាល​១​ក្រុម​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ​ ស្នងការ​រង​ទទួលបន្ទុក​ផែន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ចុះ​បង្ក្រាប​ការ​ចាប់​បង្ខាំង​មនុស្ស​ និង​ជំរិត​ទារ​ប្រាក់​ ដោយ​រំដោះ​ជនរងគ្រោះ​បាន​៣​ជា​ជន​ជាតិចិន និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១២​នាក់​នៅ​ចំណុច​សណ្ឋាគារ សុផល​ថា​វី បន្ទប់​លេខ 23B ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ថា​ ការ​ចុះ​បង្ក្រាប​ជនសង្ស័យ​ទាំង​១២​នាក់​​​នេះ ​​​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ហើយ​នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​នោះ លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ចុះ​បង្ក្រាប​ការ​បង្ខាំង​មនុស្ស​និង​ចាប់ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន រំដោះ​បាន​ជនរងគ្រោះ​១​នាក់ ឈ្មោះ Du Xing yun ភេទ ប្រុស អាយុ ២០​ឆ្នាំ និង​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ជា​ជនជាតិ​ចិន ១​ឈ្មោះ​He wu jun អាយុ ៣០​ឆ្នាំ ២​ឈ្មោះ​Liu Meng Hui អាយុ ២៥​ឆ្នាំ​ ៣​ឈ្មោះ​Zhang Hang អាយុ ២២​ឆ្នាំ ៤​ឈ្មោះ​He. Fan អាយុ ២៥​ឆ្នាំ​៥​ឈ្មោះ​Miao Yun. អាយុ ២០​ឆ្នាំ​ ៦​ឈ្មោះ​Li hong Fu អាយុ ២៤​ឆ្នាំ​។ ​ក្រោយពី​ឃាត់​បាន​ហើយ​បានធ្វើ​ការសាកសួរ​ជនសង្ស័យ​ខាងលើ​ ហើយ​​សមត្ថកិច្ច​ ក៏​បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​សំណាក់ លី​ហ៊ូ​វ​បន្ត​ទៀត ​ក្នុង​នោះ​ដោយ​មាន​ការ​សហការ​ពី​ម្ចាស់​សណ្ឋាគារ គឺ​បន្ទប់​១០៣ .១០៤ .១០៩ បាន​ប្រទះឃើញ​ជនជាតិ​ចិន​រង​គ្រោះ​ដែល​ត្រូវគេ​បង្ខាំង​ទុក វាយដំ ជាប់​ចំណង ២​នាក់​បន្ថែមទៀត​ដែល មានឈ្មោះ​១​មានឈ្មោះ​Tuli Gule អាយុ ១៨​ឆ្នាំ ២​មានឈ្មោះ Tian gang អាយុ ៣៦​ឆ្នាំ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​បន្ថែម​ទៀត​១​មានឈ្មោះ​Wang gua quan អាយុ ២២​ឆ្នាំ​២Yang Zhao អាយុ ២៤​ឆ្នាំ​៣Mang Chao អាយុ ២៧​ឆ្នាំ​ ៤Yang Tian អាយុ ៣១​ឆ្នាំ ៥Lie Yu Hang អាយុ ២២ ឆ្នាំ ​៦Ding chun អាយុ ១៨​ឆ្នាំ ​ក្នុង​នោះ​នគរបាល​បាន​ដកហូត​វត្ថុ​តាង​ដូចជា សម្ភារៈ​​បម្រើ​ឲ្យ​បទល្មើស ដូចជា​ចំណង​ខ្សែ​​ជ័រ កាំបិត​ស្នៀត និង​ទូរស័ព្ទ។

ជនសង្ស័យ​ទាំង​១២​នាក់​នគរបាល​ជំនាញ​កំពុង​សាកសួរ​និង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ​ចំពោះ​ជនរងគ្រោះ​៣​នាក់ នគរបាល​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​អស់​ហើយ​ផង​ដែរ៕

ដោយ ៖ គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114