បង្ក្រាប​ទីតាំង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន មួយ​កន្លែង ​ឃាត់ខ្លួន​មនុស្ស​ម្នាក់

ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ឫស្សី​កែវ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន មួយកន្លែង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ព្រមទាំង​បាន​ដកហូត​ថ្នាំញៀន ២​កញ្ចប់ និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន ។​


ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង ២​និង​១៥​នាទី​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៧ ​​ស្ថិតនៅ​ចំណុច​ផ្ទះជួល ផ្លូវលំ ក្រុម​១ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ គង់ ម៉ាប់ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល ផ្លូវលំ ក្រុម​១ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ​។​

មន្ត្រី​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា នៅក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន មួយ​កន្លែង ដែល​ស្ថិតនៅតាម​បណ្តោយ​មាត់​ទន្លេសាប ក្នុង​ក្រុម​១ ភូមិ​លូ ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​បាន​ដកហូត​ថ្នាំញៀន ២​កញ្ចប់ និង​ឧបករណ៍​ប្រើប្រាស់​មួយចំនួន ។​

បន្ទាប់ពី​ធ្វើការ​សាកសួរ​ ជនសង្ស័យ​ខាងលើ​ ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ពិតប្រាកដ​មែន ដោយ​រូប​ខ្លួន​បាន​លក់​ក្នុង​មួយ​កញ្ចប់​តម្លៃ ២៥០០០​រៀល​ទៅ ៣៥០០០​រៀល ដោយ​បាន​លក់​ចំណេញ​ក្នុង​មួយ​កញ្ចប់​តម្លៃ ៥០០០​រៀល។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុ​តាង ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ៕

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114