បច្ចុប្បន្ន​មិន​មាន​ ករណី​នាំ​ជ្រូក​ចូល​ពី​វៀតណាម​ទេ​

​ភ្នំពេញ ​៖ ​​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ការ​នាំ​ចូល​សត្វ និង​ការ​ជំរុញ​ការ​លើក​កម្ពស់​វិស័យ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ ថា​ បច្ចុប្បន្ន​នេះកម្ពុជា​មិនមាន​​ការ​នាំ​ចូ​លជ្រូកពីប្រទេស​វៀតណាម​​នោះទេ។

លោក តាន់ ផាន់​ណា​រ៉ា បាន​ពន្យល់​ថា រឿង​អី​មាន​ការ​នាំ​ជ្រូក​ពី​វៀតណាម​នោះ ដូច​បាន​ជម្រាប​ជូន​រួចហើយ​ថា តម្លៃ​ជ្រូក​រស់នៅ​កម្ពុជា​មានតម្លៃ​តែ ១១ ០០០ ទៅ ១២ ០០០​រៀល ប៉ុន្តែ​នៅ​ប្រទេស​វៀតណាម​ថ្ងៃនេះ​តម្លៃ​ជ្រូក​រស់គឺ ១៧ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ ជ្រូក​រស់​អញ្ចឹង​មិន​មាន​ទេ គឺ​មានតែ​ក្រុមហ៊ុន មួយ​ចំនួន​បាន​គោលការណ៍​អនុញ្ញាត​ឲ្យ​ដឹក​ឆ្លងកាត់​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​វៀតណាម។ ករណី​ដែល​មាន ព័ត៌មាន​ថា​មានការ​លួច​នាំចូល​សត្វ​ពី​បន្ទាយ​ចក្រី​ព្រំប្រទល់​កម្ពុជា វៀតណាម​នោះ​មិន​ត្រឹមត្រូវ​ទេ។ នៅ​ពេល​បច្ចុប្បន្ន​នេះ​ទៀត ​ក្រសួង​បាន​ផ្អាក​ហើយ​ពាក់ព័ន្ធ​ នឹង​ការ​ដឹក​ជញ្ជូន​សត្វ​ឆ្លងកាត់​នេះ ដោយសារ​មូលហេតុ​ផ្សេងៗ​ដូចជា​នៅ​ពេល​ខ្លះ​ នៅ​ខាង​ប្រទេសជិតខាង​គាត់​បាន​បិទ​ព្រំដែន ដែល​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​ជ្រូក​នៅ​ទល់ដែន ហើយ​ប៉ះពាល់​ដល់​ផលិតកម្ម​ក្នុងស្រុក។ ឥឡូវនេះ​យើង​បាន​ផ្អាក​ហើយៗ ក៏​ជួប​នូវ​បញ្ហា​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​មិនបាន​យក​ទៅ​ឆ្លងកាត់ បាន​ត្រឹមត្រូវ​១០០%​ជួនកាល យក​ទៅ​លាក់​ទីនេះ​ទីនោះ​។

លោក​បាន​លើក​ឡើង​ទៀត​ថា យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​ធានា​ស្ថិរភាព​តម្លៃ​ នៅ​ក្នុង​ស្រុក​បើសិនជា​យើង​ឲ្យ​ឆ្លងកាត់ ហើយ​គាត់​លួច​មក​លក់​ក្នុងស្រុក ឬមួយ​មានការ បិទ​ទល់ដែន​ជាដើម​នេះ គឺ​តម្លៃ​នឹង​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​ដណ្តើម​ទីផ្សារ​តម្លៃ​វា​ធ្លាក់​ចុះ ដូច្នេះ​មិន​អាច​មាន​ទេ​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម មានតែ​ទទូច​ឆ្លងកាត់​ពី​ប្រទេស​ថៃ ទៅ​ប្រទេស​វៀតណាម​។ នៅ​ក្នុង​ពេល​មាន​បញ្ហា​កូ​វីដ​នេះ​ទៀត យើង​បាន​បញ្ជា​ឲ្យ​កាត់បន្ថយ​ការ​នាំចូល​តែ​ម្តង អ្វី​ជា​គោលការណ៍​យើង​បាន​អនុញ្ញាត​ឲ្យ​នោះ គឺ​យើង​អនុញ្ញាត​នៅ​ក្នុង​ស្ថានភាព ប្រទេស​ធម្មតា តែ​តម្រូវការ​ខ្ពស់​។​ប៉ុន្តែ​នៅ​ពេល​មាន​កូ​វីដ​តម្រូវការ​ធ្លាក់​ចុះ អញ្ចឹង ៨២%​ស្ទើរ​តែ​គ្រប់គ្រាន់​សម្រាប់​សេចក្តី​ត្រូវ​ការ​សាច់​នៅ​កម្ពុជា ដែល​ទាមទារ​ឲ្យ​ក្រសួង​ធ្វើ​ចំណាត់​ការ​ភ្លាមៗ ដូចជា​ពាក់ព័ន្ធ​ការ​នាំ​ចូល​មាន់ គឺ​យើង​កាត់ ៥០%​។ ជ្រូក​ក៏​ដូចគ្នា​យើង​កាត់ ៥០%​ក្នុង​រយៈពេល​១០​ថ្ងៃ។ បើ​និយាយ​ពី​សុវត្ថិភាព ស្បៀង ​អ្វី​ដែល​យើង​កំពុង​ផ្គត់ផ្គង់​នេះ បើ​សិន​ជា​មាន​បញ្ហា​កូ​វីដ ជា​លើក​ទី​២​យើង​ធានា​ថា​មិន​មាន​អ្វី​ជា​បញ្ហា​ឡើយ​។

​លោក តាន់ ផាន់​ណា​រ៉ា បានលើកឡើង​ទៀត​ថា បន្ទាប់ពី​មាន​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រដ្ឋាភិបាល និង​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​តែងតែ​ណែនាំ​ចង្អុលបង្ហាញ ក៏ដូចជា​ជំរុញ​ចលនា​ផលិតកម្ម​ក្នុងស្រុក កាត់បន្ថយ​ការ​នាំ​ចូល កាលពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រសួង​បាន​កាត់បន្ថយ​ការ​នាំ​ចូល​សត្វ​នៅ​ដើមខែ​កុម្ភៈ​។ តែ​នៅ​ពេល​ដែល​យើង​បាន​កាត់ យើង​មិនបាន​បិទ ឬ​ផ្អាក​ក្រុមហ៊ុន​ណាមួយ​ទេ​កន្លង​មក​នេះ​។ អ្វី​ដែល​យើង​បាន​អនុវត្ត​ គឺ​យើង​បាន​កាត់បន្ថយ ការ​នាំចូល​ជ្រូក​ចំនួន ៧០% ចំណែក​ឯ​ចំនួន​ក្រុមហ៊ុន​នៅ​ដដែល យើង​មិនបាន​កាត់បន្ថយ​ក្រុមហ៊ុន​ទេ​។ លោក​អគ្គនាយក​ក៏បាន​បញ្ជាក់​ដែរ​ថា មូលហេតុ​ដែល​យើង​បាន​បិទ​ក្រុមហ៊ុន​មួយ​នា​ពេល​បច្ចុប្បន្ននេះ គឺ​អាស្រ័យ​លើ​គាត់​បាន​អនុវត្ត​ខុស​ពី​លិខិតអនុញ្ញាត ខុស​ពី​គោលការណ៍​ណែនាំ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ យក​ឯកសារ​ផ្សេង​មក​ប្រើ​បន្លំ​។ ការ​បិទ​នេះ​ ក្នុង​បទល្មើស​ជាក់​ស្តែង ដែល​មន្ត្រី​អធិការកិច្ច​សុខភាព​សត្វ ​បាន​ត្រួតពិនិត្យ​រក​ឃើញ​ជាក់ស្តែង គាត់​បាន​ប្រើ​ឯកសារ​បញ្ជាក់​របស់​ក្រុមហ៊ុន​ផ្សេង​។ ករណី​នេះ ​បើ​សិន​គាត់​ប្រើ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​សត្វ​ផ្សេង មានន័យថា​សត្វ​ទាំងនោះ​មិនបាន​ឆ្លងកាត់​ ការ​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​ថៃ បញ្ជាក់​ថា​ សត្វ​នេះ​មាន​សុខ​ភាព​ល្អ​ទេ​។ បើ​ចេះតែ​នាំចូល​សត្វ​ឈឺ ដូច​អ្វី​ដែល​ធ្លាប់​កើតមាន​កន្លងមក​ នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ការ​នាំ​ចូល​សត្វ​មិន​មាន​ការ​បញ្ជាក់​ពី​សុខភាព​សត្វ​នឹង​នាំ​ឲ្យ​កើតមាន​ជំងឺឆ្លង​ធ្វើ​ឲ្យ​សត្វ​រាប់ពាន់​ក្បាល​បាន​ស្លាប់ ​ដូច​ធ្លាប់​កើតមាន​កន្លងមក​។ លោក​បាន​លើក​ឡើង​ថា កន្លងមក​យើង​បាន​សហការ​ងារ​គ្នា​ល្អ​ណាស់ រវាង​ក្រសួង រវាង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រវាង​សមាគម​សត្វ​កម្ពុជា​។ អ្វី​ដែល​សំខាន់​ទៀត​នោះ ក្រសួងកសិកម្ម​បាន​ឯកភាព​តាម​សំណើ​របស់​សមាគម​សត្វ​កម្ពុជា។

ពាក់ព័ន្ធ​វិធាន​ការ​បិទ​ការ​នាំ​ចូល​សត្វ​ទៅកាន់​ទីផ្សារ​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យ​សមាគម​ចិញ្ចឹម​សត្វ និង​កន្លែង​ចិញ្ចឹម​សត្វ​ធំៗ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​របស់​ខ្លួន​បាន និង​ដើម្បី​លើកកម្ពស់​ការ​ចិញ្ចឹម​សត្វ​ ក្នុងស្រុក​ឲ្យ​មាន​ការរីកចម្រើន រក្សា​បាន​នូវ​ស្ថិរភាព​តម្លៃ​សាច់​ក្នុង​ទីផ្សារ​។ ពាក់ព័ន្ធ​នឹង​តម្លៃ​សាច់​ជ្រូក​ឡើងថ្លៃ ក្នុង​រដូវ​ជំងឺឆ្លង​កូ​វីដ​-១៩ ដោយសារ​ទីកន្លែង​ភោជនីយដ្ឋាន​តូច​ធំ ពិធី​បុណ្យទាន​ផ្សេងៗ​ត្រូវ​បិទ​គ្រប់​ទីកន្លែង ទេសចរណ៍​ធ្លាក់​ចុះ បាន​ធ្វើ​ឲ្យ​តម្លៃ​សាច់​ជ្រូក​លក់​ថ្លៃ ព្រោះ​អ្នកទិញ​យក​តែ​សាច់ ចំណែក​ឆ្អឹង ជើង គ្រឿងក្នុង​លក់​អត់​ដាច់ បង្ខំ​ឲ្យ​ទីផ្សារ​លក់​ក្នុង​តម្លៃ​មួយ​ខ្ពស់ ៣​ម៉ឺន ទៅ​៤​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ដើម្បី​យក​មក​ប៉ះប៉ូវ​គ្នា​ទើប​អាច​លក់​បាន​។ លោក​បន្ត​ថា ការកាត់បន្ថយ​ការ​នាំ​ចូល​សត្វ​នេះ ក៏​ដើម្បី​លើកកម្ពស់​ការ​ចិញ្ចឹម​សត្វ​នៅ​ក្នុង​ស្រុក​ផង​ដែរ លទ្ធផល​ជាក់​ស្តែង​ ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង អគ្គនាយកដ្ឋាន​ធ្វើការ​ជិតស្និទ្ធ​ ជាមួយ​សមាគម​ចិញ្ចឹម​សត្វ​កម្ពុជា គ្រប់គ្រង​តម្លៃ​ទីផ្សារ​សាច់​ថេរ បញ្ចេញ​ជ្រូក​ពី​កសិដ្ឋាន​មិន​ឲ្យ​មានការ​កកស្ទះ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​បងប្អូន​ចិញ្ចឹម​សត្វ​អាច​ចិញ្ចឹម​សត្វ​បាន​លក់ ក្នុង​តម្លៃ​មួយ​សមរម្យ តែ​មិន​ប៉ះពាល់​ដល់​វិស័យ​ចិញ្ចឹម​សត្វ​។ បច្ចុប្បន្ន​នេះ​ វិស័យ​ចិញ្ចឹម​សត្វ​មានការ​រីកចម្រើន ក្នុង​ឆ្នាំ​២០១៩ មេ​ជ្រូក​ពូជ​ចំនួន​ប្រហាក់ប្រហែល ៧០០០​ក្បាល​ក្នុង​មួយ​ឆ្នាំ តែ​ដើម​ឆ្នាំ​២០២០​នេះ​ ការ​នាំចូល​មេ​ជ្រូក​ពូជ​ជាង ១៥​ម៉ឺន​ក្បាល​។ ចំណែក​ឯ ​ការ​នាំ​ចូល​កូនជ្រូក​ពូជ​នៅ​ក្នុង​ឆ្នាំ​២០១៩ ប្រហាក់ប្រហែល ២​ម៉ឺន​ក្បាល ដើម​ឆ្នាំ​២០២០​នេះ​ ចំនួន​កូន​ពូជ​ជ្រូក​ដែល​នាំ​ចូល​មក​ចិញ្ចឹម​មាន​ជាង​៦​ម៉ឺន​ក្បាល​។ នេះ​ជា​ការ​ខិតខំ​ធ្វើ​ឲ្យ​ប្រជាជន​មាន​ចំណូលចិត្ត​ចិញ្ចឹម​សត្វ កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក ហើយ​អាច​ធានា​បាន​នូវ​ស្ថិរភាព​តម្លៃ ក្នុង​ចន្លោះ​ពី​១១ ០០០ ទៅ​១២ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម​ដូច​អ្វី​ដែល​យើង​ បាន​អនុវត្ត​កន្លងមក​៕

អត្ថបទ៖ សុង​យោ​
​សូមចុចអាន៖ វៀតណាមត្រៀមធ្វើតេស្តវ៉ាក់សាំង covid-19 ដំណាក់កាលទី២ ក្រោយការធ្វើតេស្តដំបូងទទួលលទ្ធផលល្អ