បញ្ជូនមន្ត្រីសាធារណៈការ ដែលចាប់ចងស្ត្រីមានផ្ទៃពោះមកតុលាការ

ភ្នំពេញ ៖ មន្ត្រីក្រសួងសាធារណការ ម្នាក់ ឈ្មោះ អ៊ូ ប៊ុនធី ដែលចងស្ត្រីមានផ្ទៃពោះ៤ខែ ត្រូវបាននគរបាលព្រហ្មទ័ណ្ឌបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី ០៩មេសា ឆ្នាំ២០២០នេះ ។

លោកគុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងបានឱ្យ​ដឹងថា អយ្យការនឹងពិនិត្យលើសំណុំរឿង និងអង្គហេតុជាមុនសិន ទើបមានសេចក្ដីសម្រេចជាផ្លូវការនៅពេលក្រោយ ។

វីដេអូ ដែលត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយតាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យ​មហាជនមានការខឹងសម្បារយ៉ាងខ្លាំង ខណៈឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាធារណការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ៤ខែ ជាប់នឹងទ្វារ ហើយស្រែកខ្លាំងៗ ថា « ចង់ប្តឹងទៅណាប្តឹងចុះ »ដែលជាសកម្មភាពមួយបង្ហាញពីភាពព្រហើនយ៉ាងខ្លាំង ។


សកម្មភាពល្មើសដ៏គឃ្លើន នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១រសៀល មុនពេលកើតហេតុ ជនរងគ្រោះបានទៅរើឥវ៉ាន់របស់បងស្រី ឈ្មោះ ស្រីម៉ៅ ដែលបានជួលបន្ទប់លេខ A4 ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ពេលជនរងគ្រោះទៅដល់បានរើឥវ៉ាន់ដាក់លើកង់បី ដើម្បីយកមកបន្ទប់ជួលថ្មី នៅក្បែរបន្ទប់ជួលចាស់ ស្របពេលនោះ ម្ចាស់ផ្ទះចាស់បានមករករឿង រហូតមានទំនាស់ពាក្យសម្តី ដោយយកក្រមាចាំចងជនរងគ្រោះជាប់នឹងទ្វារតែម្តង ។ បច្ចុប្បន្ន ស្ត្រីរងគ្រោះកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យ សម្ភព សុវណ្ណារ៉ា ។

ក្រោយកើតមានអំពើហឹង្សារនោះ ជនដៃដល់បានរត់គេចខ្លួនអស់២ថ្ងៃទើបចូលខ្លួនមកសារភាពទទួលកំហុស ហើយនគរបាលបានកសាងសំណុំរឿងបញ្ជូនមកតុលាការតែម្ដង ៕

អត្ថបទ៖ មករា