បញ្ជូន​ក្រុម​ចាប់ជំរិត​តាម​lnternet ចិន​៤​នាក់​.​ថៃ​២៥​នាក់​ មក​តុលាការ

ភ្នំពេញ ៖​ នៅ​ព្រឹក​ថ្ងៃទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម​lnternet​មាន​ចិន​៤​នាក់​.​ថៃ​២៥​នាក់​សរុប​២៩​នាក់​ មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ។

កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ និង​មូលដ្ឋាន ​​សហការ​​ជាមួយ​មន្ត្រី​ជំនាញ ដែល​មាន​ដីកា​ឱ្យ​ចាប់ខ្លួន​ពី​តុលាការ​ប្រទេស​ថៃ បាន​ធ្វើការ​បង្ក្រាប​លើ​ករណី​ក្រុម​ជន​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet មាន​ពីរ​គោលដៅ​នៅ រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ឃាត់​បាន​ជនសង្ស័យ​សរុប​ចំនួន​៣៦​នាក់។

ករណី​បង្ក្រាប​នៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣៣​នាក់ រួមមាន​ជនជាតិ​ថៃ​២៥​​នាក់ (​ស្រី​៨​នាក់​) ជនជាតិ​ចិន​តៃវ៉ាន់​៤​នាក់ និង​ជន​ខ្មែរ​៤​នាក់ (​ស្រី​ម្នាក់​)​។ ចំណែក​ប្រតិបត្តិការ​នៅ​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បាន​៣​នាក់ ក្នុងនោះ​មាន​ជនជាតិ​ថៃ​ម្នាក់ និង​ជនជាតិ​ចិនតៃវ៉ាន់​២​នាក់។

នៅក្នុង​រាជធានី​ភ្នំពេញ ដែល​កម្លាំង​អន្តរាគមន៍​ពិសេស​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឡោមព័ទ្ធ​បង្ក្រាប ទីតាំង​ទី​១ ខាងក្រោយ​វត្ត​សំរោង​អណ្តែត និង​ទីតាំង​២ នៅ​ជិត​ផ្សារ​ក្រមួន ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ចាប់ជំរិត​ចាប់​ប្រព័ន្ធ Internet ២​នាក់​ប្តី​ប្រពន្ធ ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់​កំពុង​រត់គេចខ្លួន ហើយ​មេខ្លោង​ទាំង​២​នាក់ ប្តី​ប្រពន្ធ​នោះ ក៏​មាន​ដីកា​ឲ្យ​ចាប់ខ្លួន​ពី​តុលាការ​ប្រទេស​ថៃ​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114