ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​ចោរ​វៀតណាម ​លួច​ឡាន​ទំនើប​ស្មា​ត​ឃី​ ឡើង​តុលាការ

ភ្នំពេញ​ ៖​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​​ បាន​បញ្ជូន​ខ្លួន​មេចោរ​ពូកែ​លួច​រថយន្ត​ទំនើប ជនជាតិ​វៀតណាម​ឡើង​តុលាការ​ហើយ។

ចោរលួច​ ដែល​សមត្ថកិច្ច​បញ្ជូន​ឡើង​តុលាការ​នេះ ​ឈ្មោះ ផាន វ៉ាន់​ហូរ ភេទ​​ប្រុស​ អាយុ​២៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ C4563131 ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ផ្លូវ​៣៧០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ក្រោយ​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​រថយន្ដ Prius មួយ​គ្រឿង នៅ​ភូមិ​ស្វាយប៉ាក សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ។

លោក​វរសេនីយ៍ឯក​ជាវ វិបុល នាយការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ​ដឹងថា យោងតាម​ចម្លើយសារភាពរ​បស់ជន​សង្ស័យ បាន​ឲ្យ​ដឹង​ថា រូបគេ​ពិតជា​បាន​លួច​រថយន្ត Prius ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 2Y-8393 ពិតប្រាកដ​មែន​។ ជនសង្ស័យ​បានបញ្ជាក់​ទៀតថា សម្រាប់​រថយន្ដ​ប្រើប្រាស់​ស្មា​ត​ឃី ចាប់ពី​ស៊េរី​ឆ្នាំ​២០០៩​ចុះក្រោម មិន​ពិបាក​លួច​នោះ​ទេ ដោយ​ប្រើពេល​ត្រឹមតែ​២​នាទី​ប៉ុណ្ណោះ ព្រោះ​គេ​មាន​ឧបករណ៍​គ្រប់គ្រាន់ ទាំង​ឧបករណ៍​ផ្ដាច់ GPS និង​ឧបករណ៍​ភ្ជាប់​ជាមួយ​ស្មា​ត​ឃី ដែល​សម្ភារៈ​ទាំងនេះ​គេ​យក​មកពី​ប្រទេស​វៀតណាម​ដើម្បី​ចូល​មក​លួច​រថយន្ត​ទំនើប​នៅ​កម្ពុជា។

ក្នុងពេល​ចាប់​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត ដែក​កាច់​សោ​​រថយន្ត​០១, ឧបករណ៍​ផ្តាច់​ប្រព័ន្ធ GPS ចំនួន​០១​គ្រឿង​, ឧបករណ៍​សម្រាប់​ភ្ជាប់​ជាមួយ​ស្មា​ត​ឃី ចំនួន​០១​គ្រឿង​, ដែក​កាច់​សោ​សូឡិច ចំនួន​០១ និង​រថយន្ត​របស់​ជ​ន​រងគ្រោះ ម៉ាក Prius ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-8393៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114