បញ្ជូន​ជនសង្ស័យ​​០៦​នាក់ ​រួម​នឹង​វត្ថុតាង​មួយ​ចំនួន​ទៅ​តុលាការ​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​បាត់ដំបង​ ៖ ជនសង្ស័យ​ប្រុស/​ស្រី​ចំនួន​០៦​នាក់ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ នៃ​ស្នងការ​ខេត្ត​ ត្រៀម​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ កាលពី​រសៀល​ថ្ងៃទី​២៦ ​ខែមីនា​ ឆ្នាំ​២០២០​នេះ​ក្រោយ​ធ្វើការ​សាកសួរ​ និង​ធ្វើ​របាយការណ៍​រួចរាល់​ ដែល​ជន​ទាំង​០៦​នាក់​ខាងលើ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​។​

សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ នៃ​ស្នងការ​ខេត្ត​បានឲ្យ​ដឹងថា​ ករណី​ខាងលើនេះ​ សមត្ថកិច្ច​​ធ្វើការ​បង្ក្រាប​កាលពី​ថ្ងៃទី​២៥ ​ខែមីនា ​ឆ្នាំ​២០២០​ កន្លងទៅ​ថ្មីៗ​នេះ​ នៅវេលា​ម៉ោង​១៤​និង​៣០​នាទី ​ចំណុច​ក្រុមទី​០៤ ​ភូមិ​តា​កុក​ ឃុំ​ន​រា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ដោយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង​ញៀន ​សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ន​រា​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ បាន​ចុះ​ប្រតិបត្តិ​ការ​លើ​ករណី​នេះ​។​

សមត្ថកិច្ច​ដដែល​បន្ត​ថា​ ជនសង្ស័យ​ទាំង​០៦​នាក់​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក ​និង​ផ្តល់​ទីតាំង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ក្នុង​បទល្មើស​ជាក់​ស្ដែង ​រួម​នឹង​​ដកហូត​បាន​វត្ថុតាង​មួយចំនួន​ផង​ដែរ។

​ជនសង្ស័យ​ទាំង​០៦​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើ​រួមមាន ៖
១/​ឈ្មោះ​សិទ្ធ​ វិសាល​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​តា​កុក ​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ​ខេត្ត​បាត់ដំបង​។
​២/​ឈ្មោះ​វ៉ាត​ សុភា​ ហៅ​ចាស់​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​តា​កុក​ ឃុំ​សំរោង​ក្នុង​ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​។​
៣/​ឈ្មោះ​ហៃ​ ប៊ុន​ណាត​ ហៅ​ខ្លុយ​ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​តា​កុក ​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​។​
៤/​ឈ្មោះ​បូ​ រ៉ា​ប៊ី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​សំរោង​តា​កុក​ ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​។
​៥/​ឈ្មោះ​ទី​ម​ ហ៊ាង​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​កុក ​ឃុំ​ន​រា​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​។​
៦/​ឈ្មោះ​រឿង​ ធា​រី​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​កុក​ ឃុំ​ន​រា​ ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​។​
​ក្រោយ​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ បាន​ដកហូត​វត្ថុតាង​បាន​ដូចជា​ ៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លាស្ទិក​ថ្លា​ចំនួន​០៣​ថង់ ​(​ទម្ងន់​០,៤៧​ក្រាម​ ទាំង​សំបក​ថង់​)​ ប្រភេទ​(​ម៉ា​ទឹកកក​ic) , ​ទូរសព្ទ​ដៃ​ចំនួន​០១​គ្រឿង​ ស៊េរី​ចាស់​ រួម​នឹង​សម្ភារៈ​កែច្នៃ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន​ទៀត​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៦​នាក់ ​រួម​នឹង​វត្ថុតាង​ សមត្ថកិច្ច​ការិយាល័យ​ជំនាញ​ នៃ​ស្នងការ​ខេត្ត​ បាន​បញ្ជូន​ដល់ដៃ​តុលាការ​ហើយ ​រង់ចាំ​ចំណាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​


អត្ថបទ ៖ សៅ សារិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114