ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​ម្ចាស់​គ្រឿងញៀន​៦​គីឡូក្រាម ​ឡើង​តុលាការ

ភ្នំពេញ ​៖​ នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី១៤​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​បញ្ជូន​បុរស​ស្បែក​ខ្មៅ និង​នារី​ខ្មែរ​២​នាក់​ដែល​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​៦​គីឡូក្រាម មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ។

ជនសង្ស័យ​ទាំង​៣​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពេល​ដែល​ពួកគេ​ទៅ​ទទួលយក​កញ្ចប់ បញ្ញើ​មួយ​មាន​ភាព​មិន​ប្រក្រតី ដែល​ផ្ញើ​ពី​រាជធានី​ភ្នំពេញ​ទៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម តាមរយៈ​ក្រុមហ៊ុន​ដាន​ដាន ស្ថិតនៅ​ផ្ទះ​លេខ​២៨៥ ផ្លូវ​ព្រះសីហនុ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា។

ជា​លទ្ធផល​ សមត្ថកិច្ច​ បាន​រក​ឃើញ​សារធាតុ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​(ICE) ចំនួន​៦​កញ្ចប់​ធំ ស្មើនឹង​ទម្ងន់ ៥ ៨៩៥.៨២​ក្រាម (​ជិត​៦​គីឡូក្រាម)។

ពួក​ជនសង្ស័យ​ បាន​ដាក់​បង្កប់​គ្រឿងញៀន​ក្នុង​ធុងបាស​ធំ​មួយ​គ្រឿង។ បន្ទប់​ពី ​បាន​ត្រួតពិនិត្យ​មក​សមត្ថកិច្ច​ជំនាញ​ បាន​បន្ត​ការ​ស៊ើប អង្កេត​ស្រាវជ្រាវ​ជាបន្ទាន់ ដោយ​កំណត់​បាន​មុខសញ្ញា​ពាក់ព័ន្ធ​មួយ​ចំនួន ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម ៖ ​១.​ឈ្មោះ ប៉ុក ស្រី​ល័​ក្ខ ភេទ​ស្រី ជន​ជាតិ​ខ្មែរ អាយុ​២៨​ឆ្នាំ​ មុខរបរ​លក់ដូរ​ កាន់​លិខិត​ឆ្លង​ ដែន​លេខ N01710555 (​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន)។ ២.​ឈ្មោះ យុន ស្រីនូ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ កាន់​លិខិត ឆ្លងដែន​លេខ N01710517 (​អ្នក​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​) និង​៣.​ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ នី​ហ្សេ​រី​យ៉ា មុខរបរ​កីឡាករ​បាល់ទាត់ កាន់​លិខិតឆ្លងដែន​លេខ A09524100 (​មេខ្លោង​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​)​។

សេចក្ដី​រាយការណ៍​បន្ត​ថា នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី ថ្ងៃខែ​ខាងលើ សមត្ថកិច្ច​បាន​បន្ត​ឆែកឆេរ​ផ្ទះ​ជួល​របស់​ឈ្មោះ NDUKWU JONATHAN CHUKWUJEKWU ផ្ទះ​លេខ A13 ផ្លូវ​45BT ក្រុម​២ ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ។

ជា​លទ្ធផល​ សមត្ថកិច្ច​ បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន កញ្ឆា​ក្រៀម​៩​ក្រាម​.​ជញ្ជីង​ថ្លឹង​១​គ្រឿង​.​ម៉ាស៊ីន​បាញ់​ទឹក​ ៨​គ្រឿង​.​ម៉ាស៊ីន​បូម​ធូលី​១​គ្រឿង​.​ធុងបាស​១​គ្រឿង ទូរស័ព្ទ​៣​គ្រឿង និង​លិខិត​ឆ្លងដែន​៣​ក្បាល និង​ថ្នាំញៀន ​ដែល​វេច​ខ្ចប់​រួច ​បង្កប់​ក្នុង​ធុងបាស​៦​គីឡូក្រាម ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114