បដិមា​១​អង្គ​ ដែល​ពលរដ្ឋ​រក​ឃើញ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរ​វប្បធម៌​ដើម្បី​រក្សាទុក

ព្រះវិហារ ៖ រូប​បដិមា​មួយអង្គ​ ដែល​ប្រជាពលរដ្ឋ​រក​ឃើញ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឆែប ​កាលពី​អំឡុង​ចុងខែ​មេសា​កន្លងមកនោះ ត្រូវ​បាន​ លោក​ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ នាំ​យក​មក​ប្រគល់​ជូន​ដល់​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត ដើម្បី​រក្សាទុក។

ការ​ប្រគល់​ជូន​ខាង​លើ​ កាលពី​រសៀល​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០២០​ ប៉ុន្តែ​រូប​បដិមា​នេះ មិនទាន់​ដឹង​ថា កសាង​ឡើង​ក្នុង​កំឡុង​ឆ្នាំ​ណា ឬ​មាន​ព្រះនាម​អ្វី​នោះ​ទេ​។

លោក ​នៅ ចាន់​គង់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះវិហារ បាន​ថ្លែងប្រាប់​ក្រុមការងារ​មន្ទីរ​ព័ត៌មាន នៅ​រសៀល​ថ្ងៃនេះ​ថា ដងខ្លួន​បដិមា​​ទទួល​ពេលនេះ​មាន​ប្រភព​ពី​តំបន់​ឧទ្យាន​ជាតិ​ឫស្សី​ត្រឹប ដែល​ប្រជាពលរដ្ឋប្រគល់​មកឲ្យ​អាជ្ញាធរ​ស្រុក​ឆែប​។

លោ​កថា​ ដងខ្លួន​បដិមា​នេះ ធ្វើ​ពី​ថ្មភក់ ​កម្ពស់​៧​តឹក កម្រាស់​១​តឹក មាន​រូបរាង​មិន​ពេញ​លេញ ដោយ​សារ​រូបនេះ​បាន​បាត់​ព្រះកេស ជើង និង​ដៃ ដែល​ធ្វើ​ឲ្យ​មានការ​ពិបាក​ក្នុង​ការមើល​ដឹង​ពី​កាល​បរិច្ឆេទ និង​រចនាបថ។ ប៉ុន្តែ​លោក​គិត​ថា វា​ជា​ទេវរូប ដែល​អាច​ជា​ព្រះ​មួយ​អង្គ​ក្នុង​ព្រហ្មញ្ញសាសនា និង​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១២។​

តាម​អនុសាសន៍​របស់​លោក​អភិបាលខេត្ត​ព្រះវិហារ បាន​ជំ​រុញ​ឲ្យ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត បន្ត​សិក្សា​ស្រាវជ្រាវ ចងក្រង​ទុកជា​ឯកសារ សម្រាប់​អ្នកសិក្សា​នាពេល​ក្រោយៗ​ទៀត​៕

សូមចុចអាន ៖ អ្នកស្រុក​ប្រាប់​ដំណើរ​រឿង បណ្តាំ​គ្រូទាយ​ ពេល​កំណើត​ព្រះគោព្រះកែវ


អត្ថបទ ៖ ឧ​ត្ត​រ៉ា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114