បទ​វិចារណកថា​ ៖ កម្រិត​ឆ្លង​កូ​វីដ-​១៩ ​តិច​បំផុត​នៅ​អាហ្វ្រិក ​គឺជា​ដំណឹង​គួរ​ស្វាគមន៍​

កាសែត​កម្ពុ​ជាថ្មី ៖ យោងតាម​សេចក្ដីរាយការណ៍​របស់​វិទ្យុ​បារាំង​អន្តរជាតិ ផ្សាយ​នៅ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា នៅ​ទ្វីប​អាហ្វ្រិក​ទាំងមូល​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប្រមាណ​ជិត​៩​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ស្លាប់​ប្រមាណ ​២ ៥០០​ នាក់ ដែល​នេះ​គឺជា​កម្រិត​រងគ្រោះ​តិច​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​ទ្វីប​ដទៃ​។

ជា​ការ​ពិត​ណាស់ ដូច​ការ​លើកឡើង​របស់​អង្គការសហប្រជាជាតិ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ កាសែត​កម្ពុ​ជាថ្មី សូម​ចូលរួម​អបអរ​ចំពោះ​ទ្វីប​អាហ្វ្រិក ដែល​បាន​ចាត់វិធានការ​ដ៏​ក្លាហាន និង​ទាន់ពេលវេលា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩​។

ទន្ទឹម​នឹង​នេះ អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវតែ​រួមគ្នា​ជួយ​ទ្វីប​អាហ្វ្រិក​ជាបន្ទាន់ ព្រោះ​មនុស្ស​រាប់សិប​លាន​នាក់ អាច​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ​បំផុត ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩ នៅ​ទូទាំង​ពិភពលោក​។

នៅ​ក្នុង​បទសម្ភាសន៍​ផ្តល់​ឲ្យ​វិទ្យុ​បារាំង​អន្តរជាតិ កាលពី​ថ្ងៃ​ពុធ​ ទី​២០​ឧសភា​នេះ លោក ​អង់​តូ​នី​ញ៉ូ ហ្គូ​ត​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​លើក​ឡើង​ថា ប្រទេស​អភិវឌ្ឍន៍​ខ្លះ គួរ​យក​គំរូ​បទពិសោធន៍​របស់​ប្រទេស​ទ្វីប​អាហ្វ្រិក ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រាលដាល​។

លោក ​អង់​តូ​នី​ញ៉ូ ហ្គូ​ត​តេ​រ៉េ​ស បាន​គូស​បញ្ជាក់​ថា ប្រឈម​នឹង​កូ​វីដ​-១៩ ប្រទេស​អាហ្វ្រិក​ក្រីក្រ​មែន តែ​មាន​ភាព​ក្លាហាន ហើយ​ចាត់វិធានការ​បាន​រហ័ស ជាង​ប្រទេស​អ្នកមាន​ខ្លះ ដែល​យឺតយ៉ាវ ហើយ​ភាព​យឺតយ៉ាវ​នេះ បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ឆ្លង និង​ស្លាប់​កាន់​តែ​ច្រើន​។​

ទោះបីជា​យ៉ាង​នេះ​ក្តី លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវ​រួមគ្នា​ជួយ​ទ្វីបអាហ្វ្រិក ព្រោះថា​ទ្វីប​នេះ នឹង​ក្លាយ​ជា​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ដោយ​វិបត្តិ​ទាំងឡាយ ដែល​រង​ឥទ្ធិពល​ពី​វិបត្តិ​ជំងឺ​កូ​វីដ-​១៩​។ មនុស្ស​រាប់សិប​លាន​នាក់​នៅ​ទ្វីប​អាហ្វ្រិក អាច​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ​តោកយ៉ាក​បំផុត ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល​។​

ភាព​ក្រីក្រ​ដែល​មាន​ស្រាប់ ជំងឺ​ឆ្លង​ផ្សេងៗ គ្រោះ​ទុរភិក្ស​ខ្វះ​ស្បៀងអាហារ គ្មាន​សេវា​សុខភាព ទាំង​អស់​នេះ កំពុងតែ​គំរាម​ទ្វីប​អាហ្វ្រិក​ទាំងមូល​។ អង្គការសហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​គ្រប់គ្នា ត្រូវ​បន្ត​ការប្រឹងប្រែង ជួយ​ទ្វីបអាហ្វ្រិក ក្នុង​វិស័យ​សុខាភិបាល វិស័យ​អប់រំ ព្រមទាំង​ការពារ​សហគ្រាស និង​វិស័យ​ការងារ​នៅ​អាហ្វ្រិក ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជាជន​អាហ្វ្រិក​បាត់បង់​ចំណូល និង​បន្ត​ការពារ​បណ្តាញ​ផ្គត់ផ្គង់​ស្បៀងអាហារ​។​

​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​អះអាង​ថា ផែនការ​ព្យួរ​មិន​យក​ការ​ប្រាក់​ពី​ប្រទេស​អាហ្វ្រិក ដែល​ក្រុម​ប្រទេស​G20 បានសម្រេច​កាលពី​ពាក់កណ្ដាល​ខែ​មេសា គឺ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​។ លោក​បាន​អំពាវនាវ​ថា ​ត្រូវតែ​លុប​ចោល​បំណុល​ពី​ប្រទេស​អាហ្វ្រិក​ខ្លះ ព្រមទាំង​រៀបចំ​ធ្វើ​យុទ្ធសាស្ត្រ​រួម សម្រាប់​សេដ្ឋកិច្ច​អាហ្វ្រិក ធ្វើយ៉ាងណា​កុំ​ឲ្យ​ធ្លាក់​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ និង​ក្ស័យធន​។

លោក​អង់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បានលើកឡើង​ទៀតថា ទ្វីបអាហ្វ្រិក ត្រូវការ​ជំនួយ​បន្ទាន់ គិត​ជា​ប្រាក់​ប្រមាណ​២០០​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​អាច​មាន​លទ្ធភាព​ដោះស្រាយ​វិបត្តិ​។​

ស្របពេល​ជាមួយគ្នានេះ យោងតាម​សេចក្ដីរាយការណ៍​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (​វី​អូ​អេ​) ផ្សាយ​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា អូស្ត្រាលី​ ជា​ប្រទេស​ដែល​ធំជាងគេ​បំផុត​ទី​៦ ​នៅ​លើ​ពិភពលោក ហើយ​បាន​ដាក់ចេញ​នូវ​វិធានការ​ផ្សេងៗ​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។

ព្រំដែន​ផ្ទៃក្នុង​ជាច្រើន​រវាង​រដ្ឋ​នីមួយៗ​ត្រូវបាន​បិទ ដើម្បី​ទប់ស្កាត់​នឹង​ការ​រាតត្បាត​ដែល​មាន​កម្រិត​ខ្ពស់​ នៃ​ជំងឺឆ្លង​នេះ​។ ឥឡូវ​នៅពេលដែល​អាជ្ញាធរ​ប្រកាស​ថា ការ​រាតត្បាត​នេះ​អាច​ទប់ទល់​បាន​ហើយ​នោះ មានការ​អំពាវនាវ​ឲ្យ​បើក​ទល់ដែន​រដ្ឋ​ឡើងវិញ​។​

រដ្ឋាភិបាល​សហព័ន្ធ​ប្រទេស​អូស្ត្រាលី និង​រដ្ឋ​ដៃគូ​របស់​ខ្លួន​ក្នុង​តំបន់ បាន​ឲ្យ​ដឹងថា ពួកគេ​នឹង​ជួយ​រៀបចំ​សេដ្ឋកិច្ច​ឲ្យ​មាន​ភាព​ប្រសើរ​ឡើងវិញ​។ គេ​មានការ​បារម្ភ​ពី​ផល​ប៉ះពាល់​ពី​ឧស្សាហកម្ម​ទេសចរណ៍​ក្នុងស្រុក​របស់​អូស្ត្រាលី ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ ប្រសិនបើ​ប្រជាពលរដ្ឋ​អូស្ត្រាលី​មិន​អាច​ធ្វើដំណើរ​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ ឬ​ទៅកាន់​កន្លែង​រមណីយដ្ឋាន​ទេសចរណ៍​ដែល​មាន​ភាព​ទាក់ទាញ​នោះ មុខ​ជំនួញ​ខាង​វិស័យ​ទេសចរណ៍​នេះ ​នឹងត្រូវ​ទទួលរង​នូវ​ផល​ប៉ះពាល់​ខ្លាំង​។
ទោះជា​យ៉ាង​នេះ​ក្តី រដ្ឋ​គ្វី​ន​លែ​ន រដ្ឋ​ខាងលិច រដ្ឋ​ខាងត្បូង និង​រដ្ឋ​ដែន​កោះ នៃ​ប្រទេស​អូស្ត្រាលី នៅ​ពុំ​ទាន់​មាន​ផែនការ​នៅឡើយ​ទេ ក្នុង​ការ​បើក​ឡើងវិញ​នូវ​ច្រក​ព្រំដែន​របស់​ខ្លួន​។

រដ្ឋ​គ្វី​ន​លែ​ន ​មាន​មោទនភាព​ថា​ជា​ទឹកដី​មួយ​មាន​អាកាសធាតុ​ក្តៅ​ល្អ ជាទី​កន្លែង​លំហែ​កាយ​ដែល​មាន​ពន្លឺព្រះអាទិត្យ​ចែងចាំង។ ប៉ុន្តែ​រដ្ឋ​មួយ​នេះ​នៅតែមាន​ក្តីបារម្ភ​អំពី​ការឆ្លង​ នៃ​ជំងឺ​កូ​វីដ​-១៩។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហព័ន្ធ លោក Simon Birmingham បាន​ឲ្យ​ដឹង​ថា វា​មាន​សារៈសំខាន់​ដែល​ប្រជាពលរដ្ឋ​អូស្ត្រាលី​ទាំងអស់​ នឹង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ដោយ​សេរី​នៅ​ទូទាំង​ប្រទេស «​នៅពេលដែល​វា​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​»។​

គេ​មានការ​រំពឹង​ទុក​ថា ការ​ត្រួតពិនិត្យ​ និង​ការ​បិទ​ព្រំដែន​ក្នុង​រដ្ឋ ​នឹង​ត្រូវ​បាន​គេ​លុបចេញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ក៏ប៉ុន្តែ​ការ​បិទ​ព្រំដែន​អន្តរជាតិ​របស់​ប្រទេស​អូស្ត្រាលី​អាច​ស្ថិត​ក្នុង​រយៈ​ពេល​យូរអង្វែង​។

ប្រទេស​អូស្ត្រាលី ​បាន​ដាក់​បម្រាម​ដល់​ជនបរទេស​មិន​ឲ្យ​ចូល​មក​ក្នុង​ប្រ​ទស​របស់​ខ្លួន កាលពី​ខែ​មីនា​កន្លងទៅ ដែល​ជា​ផ្នែក​មួយ​ នៃ​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-​១៩​។ ការ​ប្រឈម​ដ៏​សំខាន់​មួយ ​គឺ​ការ​បើក​ឡើងវិញ​នូវ​ព្រលានយន្តហោះ ​និង​កំពង់ផែ​អន្តរជាតិ​ដោយ​សុវត្ថិភាព​ ជាមួយនឹង​ការ​ត្រួត​ពិនិត្យ​រាល់​ការ​មក​ដល់​របស់​អ្នកដំណើរ​។

ទោះជា​យ៉ាង​នេះ​ក្តី អ្នកទេសចរ​បរទេស គឺមាន​ចំនួន​ច្រើន​ខ្លាំង​។ ក្នុង​ឆ្នាំ​២០១៨ ប្រទេស​អូស្ត្រាលី បាន​ទទួល​អ្នកទេសច​រ​អន្តរ​ជាតិប្រមាណ​៨,៥ លាន​នាក់​។ អ្នកវិភាគ​លើកឡើងថា ការ​បើក​ឡើងវិញ​នូវ​ច្រកព្រំដែន​អាស្រ័យ​ទៅលើ​ការព្យាបាល​ដោយមាន​ប្រសិទ្ធភាព ឬ​ការ​រក​ឃើញ​នូវ​វ៉ាក់សាំង​សម្រាប់​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ-​១៩​។

ប្រទេស​អូស្ត្រាលី មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ចំនួន​៧​ពាន់​នាក់ ដែល​ក្នុង​នោះ អ្នកជំងឺ​ចំនួន​១០០​នាក់​បាន​ស្លាប់​។

កាសែត​កម្ពុ​ជាថ្មី សង្ឃឹមថា បណ្ដា​ប្រទេស​ទាំងអស់​ នឹង​រួមគ្នា​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ខណៈ​ពេល​ដែល​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ ​នៃ​ជំងឺ​កូ​វីដ-​១៩ ​នោះ​។ ប្រាកដ​ណាស់ ពិភពលោក​ នឹង​អាច​យកជ័យ​ជម្នះ​លើ​ជំងឺ​កូ​វីដ-​១៩ ពេលដែល​ប្រទេស​ទាំងអស់​រួបរួមគ្នា ដូចជា​សុភាសិត​ដែល​និយាយ​ថា «​សាមគ្គី​រស់ បែកបាក់​សាមគ្គី​ស្លាប់​»៕
អត្ថបទ ៖ Chhean Nariddh

សូមចុចអាន ៖ អត្ថាធិប្បាយ៖ វីរុសនៅគម្រាម មនុស្ស​ត្រូវផ្លាស់ប្តូររបៀបរស់នៅជាចាំំបាច់!



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114