បទ​វិចារណកថា​ ៖ ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ធ្វេសប្រហែស និង​បន្ត​ការពារ​ខ្លួន​ប្រឆាំង​នឹង​កូ​វីដ-​១៩

កាសែត​កម្ពុ​ជាថ្មី​ ៖ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២០​នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កត់សម្គាល់​ឃើញថា ការ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ហាក់​មាន​កំណើន​ឡើងវិញ​ហើយ​នៅតាម​ដង​វិថី បន្ទាប់ពី​ប្រទេស​កម្ពុជា ​រក​មិនឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ក្នុង​រយៈពេល​១២​ថ្ងៃ​ចុងក្រោយ​នោះ។

ទោះបីជា​យ៉ាងណា តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ ​សម្ដេច​ផ្ទាល់ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​​មើលស្រាល​ចំពោះ​ស្ថានភាព​រីក​រាលដាល​ជំងឺ​កូ​វីដ-​១៩ ហើយ​ត្រូវ​បន្ត​ប្រកាន់​ខ្ជាប់​នូវ​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​។​

«​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ នៅ​ក្នុង​ប្រទេស​យើង ទោះបី​អត្រា​ឆ្លង​រោគ​កូ​វីដ​-១៩ មិនបាន​កើនឡើង​ខ្លាំង​ដូច​ប្រទេស​ដទៃ ហើយ​ចំនួន​អ្នក​ព្យាបាល​ដែល​បានជា​សះស្បើយ​ក៏​កាន់​តែមាន​ច្រើន​ពិតមែន​។ ប៉ុន្តែ​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាប់​ខ្លួន​ជានិច្ច ជាពិសេស​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេដង​។

ព្រោះ​មេរោគ​កូ​រ៉ូ​ណា​២០១៩ (Coronavirus 2019) ឬ ​យើង​ហៅថា​កូ​វីដ​-១៩ ដែល​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ គឺ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។​» សម្តេច​តេ​ជោ បាន​គូស​បញ្ជាក់​។

ទន្ទឹមនឹងនេះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ពេល​ចេញ​ក្រៅ​ផ្ទះ ឬ​ទៅ​ទីប្រជុំជន​ផ្សេងៗ ត្រូវ​ពាក់​ម៉ាស​ការពារ មាន​ទឹក​អាល់កុល និង​ជែ​ល​សម្អាត​មេរោគ និង​បាក់តេរី​ផ្សេងៗ ចៀសវាង​ការ​ចម្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់​ដោយសារ​ខ្វះ​ការប្រុងប្រយ័ត្ន ឬ​គិត​ស្រាលៗ​ថា​ កម្ពុជា​មិន​អី​ទេនោះ។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្ដែផ្ដាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថា បើ​គ្មាន​ការចាំបាច់​ទៅ​ខាង​ក្រៅ​ផ្ទះ​ទេ សូម​កុំ​ទៅ ឬ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន លើកលែងតែ​ប្រជាពលរដ្ឋ​ដែល​មាន​ករណី​ចាំបាច់​ប៉ុណ្ណោះ​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ ត្រូវ​ប្រែក្លាយ​ការ​ព្រួយបារម្ភ និង​ភ័យ​ខ្លាច​របស់ខ្លួន​ទៅជា​ការប្រុងប្រយ័ត្ន​ខ្ពស់​រាល់ថ្ងៃ​។

ស្របពេល​ជាមួយគ្នានេះដែរ ទោះបីជា​ការ​ឆ្លង​ជំងឺ​កូ​វីដ-​១៩​ នៅ​កម្ពុជា ​មិនមាន​សន្ទុះ​ខ្លាំង​ដូច​ប្រទេស​ដទៃ​ក្តី ក្រសួងសុខាភិបាល​កម្ពុ​ជា​ នៅតែ​ទទូច​ឲ្យ​មាន​ការប្រុងប្រយ័ត្ន ដោយ​មិន​អាច​មើល​ស្រាល​ចំពោះ​ការ​រីក​រាលដាល​ នៃ​ជំងឺ​នេះ​ឡើយ​។
​ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី សូម​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ យកចិត្ត​ទុក​ដាក់​ស្តាប់​តាម​សារ​ណែនាំ​របស់​ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​ក្រសួងសុខាភិបាល​កម្ពុជា ដោយ​ចៀសវាង​ការ​ធ្វេសប្រហែស ហើយ​បន្ត​ថែរក្សា​អនាម័យ​រាងកាយ រក្សា​គម្លាត​សង្គម ពាក់​ម៉ាស់​ពេល​ចេញ​ក្រៅ​ផ្ទះ និង​អនុវត្ត​តាម​ការណែនាំ​ដទៃ​ទៀត​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​នេះ​។

ដោយឡែក កាសែត​កម្ពុ​ជាថ្មី ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ខ្មែរឥស្លាម​ផ្តល់​ការយោគយល់​ដល់​ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង ជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ស្នើ​ឲ្យ​លុប​កម្មវិធី​ជួបជុំ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន ថ្នាក់​ជាតិ​លើក​ទី​៧ ដែល​បាន​គ្រោង​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២០ ការ​ផ្អាក​ការ​ថ្វាយ​បង្គំ​នៅតាម​វិហារ ស៊ូ​រ៉ាវ និង​ការ​ជួបជុំ​លក្ខណៈ​សាសនា​ផង​ដែរ​។

«​ក្នុងនាម​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ និង​ភរិយា​ សូម​អបអរសាទរ និង​សូម​ជូន​នូវ​ពរជ័យ សិរី​សួស្ដី សុភមង្គល បវរ​មហា​ប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ខ្មែរឥស្លាម​កម្ពុជា ក្នុង និង​ក្រៅប្រទេស រួម​ទាំង​បងប្អូន​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ ដែល​បាន​ចូល​បួស​ខែ​រ៉ា​ម៉ា​ឌន ដែល​នៅ​កម្ពុជា ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ ទី​០១ ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​១៤៤១ មូ​ហាំ​ម៉ាត់​សករាជ ត្រូវ​នឹង​ថ្ងៃទី​៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៣ ដែល​ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២០​។​» សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ សម្ដេច កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២០​នេះ​។​

សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ថា «​ជាមួយគ្នានេះ ខ្ញុំ​ក៏​សូម​អធ្យាស្រ័យ​សុំ​ការយោគយល់​ពី​បងប្អូន​សាសនិក​ខ្មែរឥស្លាម ដែល​ត្រូវ​លុប​កម្មវិធី​ជួបជុំ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន ថ្នាក់​ជាតិ​លើក​ទី​៧… ការ​ផ្អាក​ការថ្វាយ​បង្គំ​នៅ​តាម​វិហារ ស៊ូ​រ៉ាវ ការជួបជុំ​លក្ខណៈ​សាសនា និង​សុំ​បន្ត​ការអនុវត្ត​តាម​សារាចរណែនាំ​ពី​វិធី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​សេចក្ដីណែនាំ​របស់​ចាងហ្វាង នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនា​ឥស្លាម​កម្ពុជា ទៅតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល បើទោះបី​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ហាក់​មាន​សភាព​ធូរស្រាល ប៉ុន្តែ​យើង​មិន​ត្រូវ​ភ្លេចខ្លួន និង​ធ្វេសប្រហែស មើល​ស្រាល​ដល់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឡើយ គឺ​ត្រូវ​រួមគ្នា​ការពារ​ជាប់​ជានិច្ច​។​»

កាសែត​កម្ពុ​ជាថ្មី សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ខ្មែរឥស្លាម ​នឹង​គោរព​តាម​ការ​អំពាវនាវ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ខាងលើ ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​ផ្លូវ​ដង្ហើម​កូ​វីដ-​១៩​នេះ ជាក់​ជាមិនខាន។

គ្មាន​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​នោះ​ឡើយ វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ​ជំងឺ​កូ​វីដ​-១៩ កំពុងតែ​សម្ងំ​ចាំ​មើល​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​ធ្វេសប្រហែស​នឹង​អាល​បង្ក​ការ​ឆ្លង​រាលដាល ដូចជា​នៅ​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ជាច្រើន ដែល​កំពុង​ប្រឈមមុខ​យ៉ាងធ្ងន់ធ្ងរ​ជាមួយ​ជំងឺ​កូ​វីដ-​១៩​នេះ​។ ជាការ​ពិត​ណាស់ ប្រហែស​បាត់ ប្រយ័ត្ន​យើង​អាច​កម្ចាត់​វីរុស​កូ​រ៉ូ​ណា ឬ​ជំងឺ​កូ​វីដ​-១៩​បាន​៕

សូមចុចអាន ៖ មេរៀនធំៗ​ក្នុងពិភពលោក​ដែលបង្ហាញថា អាមេរិកកំពុងបាត់បង់តំណែង

អត្ថបទ ៖ Chhean Nariddh



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114