បទ​វិចារណកថា ៖ ប្រជាពលរដ្ឋ​យើង​ឆ្លង​ឆ្នាំ​ក្រោម​បរិយា​កាស នៃ​ការ​វាយលុក​មេរោគ​កូ​វីដ​-១៩ សូម​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​-១៩ ទាំងអស់​គ្នា

​ទោះបីជា​រាជរដ្ឋាភិបាល​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ក៏ដោយ​ តែបើ​តាម​ក្បួនតម្រា ថ្ងៃទី​១ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដែលមាន​រយៈពេល​៤​ថ្ងៃ​ បាន​ចូលមក​ដល់​កាលពី​ថ្ងៃ​ចន្ទ ​ទី​១៣​មេសា​ វេលា​ម៉ោង៨​និង៤៨​នាទី​យប់។ ទេវតា​ឆ្នាំ​ថ្មី​ដែលជា​ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ទ្រង់​ព្រះនាម​ព្រះ​នាង​”​គោ​រាគៈ​ទេវី​” ទ្រង់​សោយ​ប្រេងល្ង ប្រេង សណ្តែក ឬ​ប្រេងដូង។ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​មកដល់​នៅ​ថ្ងៃ​ចន្ទ​ ទី​១៣ ខែ​មេសា​នេះ ប្រារព្ធ​ឡើង​ក្រោម​បរិយាកាស​ នៃ​ការវាយលុក​ នៃ​ជំងឺ​កូ​វីដ​-១៩។ បើ​ទោះ​មិន​មានការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ក៏ដោយចុះ តែ​សកម្មភាព​សែនព្រេន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​តាម​ផ្ទះ ​ឬ​វត្ត​អារាម​តាម​ទំនៀមទម្លាប់​របស់​ពលរដ្ឋ​ខ្មែរ​គ្មាន​ការ​ហាមឃាត់​ឡើយ​។​

នៅក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ​ដែរ ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ប្រចាំថ្ងៃ​ឲ្យ​ប្រជាពលរដ្ឋ​នៅផ្ទះ​កុំ​ធ្វើដំណើរ​ចល័ត ហើយ​បន្ត​អនុវត្ត​នូវ​គម្លាត​សុវត្ថិភាព​នៅ​ទីកន្លែង​មាន​មនុស្ស​ច្រើន​ និង​បន្ត​រក្សា​អនាម័យ​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ​ ឬ​អាល់កុល ​ប្រើប្រាស់​ម៉ាស់​ឲ្យ​បាន​ញឹកញាប់​ និង​គ្រប់ពេលវេលា។ តែ​អ្វី​ជាការ​កត់សម្គាល់​ដូច​រៀងរាល់ឆ្នាំ​ដែរ នៅមុន​មួយថ្ងៃ ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​មកដល់ គេ​សង្កេតឃើញថា នៅតាម​ផ្សារ​មួយចំនួន​ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​បាន​សម្រុក​នាំគ្នា​ទិញ​របស់របរ​សម្រាប់​សែន​ថ្វាយ​ទេវតា​ឆ្នាំ​ថ្មី ដែល​សកម្មភាព​លក់​នា​នា​ក៏មាន​ភាព​មមាញឹក និង​មានការ​ដំឡើង​ថ្លៃ​ផងដែរ។ ការ​សម្រុក​ទៅកាន់​ស្រុកកំណើត​របស់​ប្រជា​ពល​រដ្ឋ​នៅតែមាន​សកម្មភាព​ ទោះបី​ត្រូវ​ហាមឃាត់ ​តែ​ក៏​នៅតែ​មានការ​លួច​ធ្វើដំណើរ​តាម​ច្រក​របៀង​ដោយ​មិន​ខ្លាចរអា។ សកម្មភាព​ទាំងអស់​បានធ្វើ​ខុស​នឹង​បម្រាម​របស់​រាជរដ្ឋាភិបាល និង ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​បាន​បង្ក​ឲ្យ​រាជរដ្ឋាភិបាល​មានការ​ព្រួយបារម្ភ​ខ្លាំង​បំផុត។

ទោះបី​កម្ពុជា​ មិនទាន់មាន​អ្នកស្លាប់​ដោយ​មេរោគ​កូ​វីដ​-១៩ ក៏ដោយ ​ប៉ុន្តែ​ក្តីបារម្ភ​អំពី​ការ​ឆ្លង​រីក​រាល​ដាល​ខ្លាំង​(​ការឆ្លង​ជា​សហគមន៍​) គឺជា​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ជាពិសេស​នៅ​ក្នុង​អំឡុងពេល​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ។ ដូច្នេះហើយ​ បានជា​រាជរដ្ឋាភិបាល​ បានដាក់​បម្រាម ​នៃ​ការ​ធ្វើ​ដំណើរ​ ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ ​ទៅ​ខេត្ត​មួយ​លើក​លែង​តែ​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល និង​មាន​ការ​ហាម​ការជួបជុំ​គ្នា​ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាលដាល​ នៃ​មេរោគ​កូ​វីដ​-១៩ ពោល​គឺ​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា​។​
​នៅក្នុង​សង្គម​កម្ពុជា ​ចំណង​ញាតិសន្ដាន ​និង​គ្រួសារ​ នៅតែ​ជា​ចំណង​មួយ​ដ៏​ស្និត​រមួត​ដែល​ខុសប្លែក​ពី​នៅ​បស្ចិមប្រទេស​។​ តាម​ទម្លាប់ នៅពេល​ថ្ងៃ​សម្រាក ឬ​បុណ្យ ទាន​ជាពិសេស គឺ​បុណ្យចូលឆ្នាំ ក៏​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​នាំគ្នា​ស្កាត់​ទៅ​ជួបជុំ​ឪពុកម្ដាយ បងប្អូន និង​ញាតិមិត្ត​នៅ​តាម​ភូមិកំណើត​រៀងៗខ្លួន ​ទោះបីជា​ម្នាក់ៗ​ធ្វើការ​នៅ​ឆ្ងាយ​ពី​ផ្ទះ ឬ​នៅក្រៅ​ប្រទេស​ក៏ដោយ គេ​តែង​វិលត្រឡប់​មកជួបជុំ​ឪពុក​ម្តាយ ប្រពន្ធ​កូន និង ញាតិមិត្ត​នៅ​ស្រុកកំណើត។ ឥរិយាបថ និង ទំនៀមទម្លាប់ ​គឺជា​រឿង​មួយ​ដែល​គេ​ពិបាក​នឹង​កែ​បាន​ណាស់ មិនមែន​តែ​សម្រាប់​ជនជាតិខ្មែរ​ទេ គឺ​នៅ​ទូទាំង​ពិភពលោក។ ការមិន​បោះបង់ចោល​ទម្លាប់​នេះហើយ ​បាន​បង្ក​ឲ្យ​រាជរដ្ឋាភិបាល​មានការ​ព្រួយបារម្ភ​បំផុត​ ដោយសារតែ​ការ​ប្រមូលផ្ដុំ​មនុស្ស​មកពី​គ្រប់ទិសទី ​ដោយ​មិនដឹង​ប្រវត្តិ​ច្បាស់លាស់​ថា ពួកគេ​មាន​មេរោគ​កូ​វីដ​-១៩ ឬ​គ្មាន នេះហើយ​ជា​ចំណុច​ហានិភ័យ​ខ្ពស់បំផុត​ ព្រោះ​បងប្អូន​ខ្មែរ​នៅ​ពេល​ជួបជុំ​គ្រួសារ​ហើយ តែងតែ​បង្កើត​ឡើង​នូវ​បរិយាកាស​សប្បាយរីករាយ​រាំច្រៀង ហូបចុក។​

ដូច្នេះ​ហើយ បានជា​រាជរដ្ឋាភិបាល ​ប្រកាស​មិន​ឲ្យ​មានការ​ឈប់សម្រាក​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ដាក់ចេញ​នូវ​វិធានការ​រឹតត្បិត​នៅក្នុង​ការធ្វើដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ក្នុង​គោលបំណង​តែមួយគត់ ​គឺ​ដើម្បី​ព្យាយាម​កាត់បន្ថយ​ហានិភ័យ​ នៃ​ការឆ្លង​រីក​រាលដាល​ នៃ​មេរោគ​កូ​វីដ​-១៩ ការ​ឈាន​ទៅ​ឆ្លង​ជា​សហគមន៍​ការ​ឆ្លង​ជា​សហគមន៍​ នឹងធ្វើ​ឲ្យ​មានការ​ស្លាប់​ជាក់​ជាមិនខាន ខណៈ​ជំងឺ​កូ​វីដ​-១៩​នេះ បើកាលណា​ជំងឺ​នេះ​កើតឡើង​ច្រើន​ហួស​ពី​ការគ្រប់គ្រង ខាង​ផ្នែក​វេជ្ជសាស្ត្រ​យើង​ក៏​ជួប​ការ​លំបាក​ផង​ដែរ។ ប្រសិនបើ​កើតឡើង​បែប​នោះ​មែន ​បានសេចក្តីថា ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​ អាច​នឹងមាន​ចំនួន​ច្រើន​ ឬ​មាន​សភាព​ធ្ងន់ធ្ងរ​។​

គិត​មកដល់ពេលនេះ មនុស្ស​ចំនួន​២៦៦​នាក់ ​កំពុង​ត្រូវបាន​ដាក់​ឲ្យ​ដាច់ដោយឡែក​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​នោះ​ចំនួន​៨៦​នាក់ ​ត្រូវ​បានដាក់​ក្នុងការ​តាមដាន យ៉ាង​យកចិត្តទុកដាក់​បំផុត​ដោយសារតែ​ពួកគេ​ទាំងនោះ​មាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩។

កម្ពុជា ​ក៏មាន​ក្រុមគ្រូពេទ្យ​ជំនាញ​សម្រាប់​ថែទាំ​ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ចំនួន ៦៧០ នាក់ ខណៈ​បំពង់​អុកស៊ីហ្សែន​មាន​ប្រមាណ​ជាង ២០០ គ្រឿង ​ក៏បាន​ត្រៀម​សម្រាប់​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ផង​ដែរ​។ នេះ​បើតាម​ការគូសបញ្ជាក់​ឲ្យ​ដឹង​របស់​ក្រសួងសុខាភិបាល​កម្ពុជា។​

ក្រសួងសុខាភិបាល​កម្ពុ​ជា​ បាន​គូសបញ្ជាក់ថា នៅ​រាជធានី​ភ្នំពេញ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​នឹង​អាច​ចូល​ជា​ករណី​ដែល​ចម្លង​នៅ​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​តូច​ ប្រសិនបើ​ការ​ស្រាវ​ជ្រាវ​បន្ត​របស់​ក្រុមការងារ ក្រសួង​សុខាភិបាល​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​រក​មិន​ឃើញ​ពី​ប្រភព​ នៃ​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ច្បាស់លាស់។

ក្រុម​ការងារ​ក្រសួងសុខាភិបាល ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ កំពុងតែ​សកម្ម​ស្រាវជ្រាវ​រុករក​ជា​បន្ត​ទៀត​នូវ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​ និង​ទាប​ ដើម្បី​ចាត់វិធានការ​ជាបន្ទាន់​ក្នុង​ការទប់ស្កាត់​ការចម្លង​ចូល​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​។​

ក្រសួងសុខាភិបាល​កម្ពុ​ជា ​តែង​បាន​ព្រមាន​ជា​ញឹកញាប់​ផង​ដែរ​ថា ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ចូល​ក្នុង​សហគមន៍​ នឹង​អាច​កើតមាន​ ប្រសិន​ប្រជាពលរដ្ឋ​មិន​គោរព​ និង​អនុវត្ត​ទៅតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​កម្ពុជា។ បើទោះបីថា ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​ជា​ករណី​នាំចូល ប៉ុន្តែ​បើសិនជា​អ្នក​មក​ក្រៅ​ស្រុក​មក​ចម្លង​អ្នក​នៅក្នុង​ស្រុក​ហើយ អ្នក​នៅក្នុង​ស្រុក​ទៅ​ចម្លង​អ្នក​ក្នុងស្រុក​ដូចគ្នា ជា​បន្តបន្ទាប់ ពី​ម្នាក់​ទៅ​ម្នាក់ទៀត​នោះ គឺ​នោះ​ហើយ​ជាការ​ចម្លង​ចូល​សហគមន៍​។​

​ឆ្នាំនេះ​យើង​ឆ្លង​ឆ្នាំ​ទាំង​ក្តី​ព្រួយបារម្ភ ដូចនេះ​បងប្អូន​ខ្មែរ​គ្រប់រូប​ត្រូវ​ចូលរួម​អនុវត្ត​វិធាន​សុវត្ថិភាព ​និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​-១៩​។

សូម​មេត្តា​យោគយល់​ចំពោះ​រាជរដ្ឋាភិបាល ឆ្នាំនេះ​មិនបាន​សប្បាយ​ជួបជុំ​គ្រួសារ​ តែ​យើង​រក្សាបាន​នូវ​អាយុជីវិត​របស់​យើង​មានជីវិត គឺ​យើង​គឺ​មាន​សង្ឃឹម​ យើង​អាច​រស់នៅ​សប្បាយរីករាយ​នៅ​ឆ្នាំ​ក្រោយ​បន្តទៀត។

សូម​កុំ​ភ្លេច​អនុវត្ត​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល ពោល​គឺ​វិធាន​អនាម័យ ជា​លក្ខណៈ​ផ្ទាល់ខ្លួន គ្រួសារ និង សហគមន៍ ហើយ​រក្សា​ឲ្យ​បាន​នូវ​គម្លាត​សុវត្ថិភាព៕

​អត្ថបទ៖ វិបុល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114