បទ​វិចារណកថា ​៖ ការ​រឹត​បន្តឹង​ព័ត៌មាន​ មាន​សារៈសំខាន់​ក្នុង​ការ​ទប់ស្កាត់​មេរោគ​កូ​វីដ​-១៩

កាសែត​កម្ពុ​ជាថ្មី មាន​សេចក្តី​សោកស្តាយ​បំផុត​ដែល​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នកធ្វើការ​លើ​វិស័យ​សារព័ត៌មាន បាន​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា​ថា​ កំពុង​បង្ក្រាប​បន្ថែមទៀត​លើ​សេរីភាព​ នៃ​ការ​បញ្ចេញ​មតិ រួមមាន​ការចាប់ខ្លួន​អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ដែល​បញ្ចេញមតិ​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​-១៩​នោះ​។​

បើតាម​តួលេខ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ដែល​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (​វី​អូ​អេ​) យក​មក​ផ្សាយកាលពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ចាប់ពី​ខែមករា​ ដល់​ខែមេសា​ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ចាប់ខ្លួន​អ្នក​ដែល​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ-​១៩ ប្រមាណ៣០​នាក់ ក្នុងនោះ​បាន​ដោះលែង​វិញ​ចំនួន​១៦​នាក់​។ ចំណែក​ចំនួន​១៤​នាក់​ទៀត ​ត្រូវបាន​តុលាការ​ចោទប្រកាន់ ​និង​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​។​

ទន្ទឹមនឹងនេះ អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ លោក សូត្រ សុខ​ប្រាថ្នា អ្នកសារព័ត៌មាន​រប​ស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (​វី​អូ​ឌី​) ប្រាប់​វី​អូ​អេ​ថា ចាប់​តាំងពី​មានការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​បង្ក្រាប​គណបក្សប្រឆាំង​ក្នុង​ឆ្នាំ​២០១៧​មក រហូតមកដល់​ពេលនេះ​ ស្ថាន​ភាព​ចុះ​យក​ព័ត៌មាន​ និង​រាយការណ៍​របស់លោក​នៅ​តែ​បន្ត​មានការ​រឹតត្បិត និង​ការ​ប្រឈម​ច្រើន​។

អ្នកកាសែត​រូប​នេះ បាន​និយាយថា ការបិទ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ជាច្រើន​ ការចោទប្រកាន់ ​និង​ឃុំខ្លួន​អ្នកសារព័ត៌មាន ព្រមទាំង​ការ​បង្កើត​ច្បាប់​ថ្មីៗ​មួយ​ចំនួន ដែល​បាននិងកំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកសារព័ត៌មាន​ ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក​តែង​បង្កើន​ការប្រុងប្រយ័ត្ន និង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។

ជា​ការ​ពិត​ណាស់ កាសែត​កម្ពុ​ជាថ្មី យល់​ឃើញ​ថា ក្នុងអំឡុងពេល​ស្ថានភាព​នយោបាយ​មាន​ភាព​តាន​តឹង អាជ្ញាធរ​ចាំបាច់​ត្រូវ​ចាត់វិធានការ​បន្ថែម ដើម្បី​ទប់ស្កាត់​ការផ្សាយ​ព័ត៌មាន​មិន​ពិត និង​ព័ត៌​មាន​ក្លែងក្លាយ ក្នុង​គោលបំណង​រក្សា​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។​

ទោះបីជា​យ៉ាងណា កាសែត​កម្ពុ​ជាថ្មី មានជំនឿថា អាជ្ញាធរ​កម្ពុជា​ ពិតជា​មិនបាន​រឹតត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន ឬ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដែល​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ច្បាប់​សារព័ត៌​មាន ក៏ដូចជា​ច្បាប់​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត​នោះ​ឡើយ​។​

ដូចគ្នានេះដែរ កាសែត​កម្ពុ​ជាថ្មី ក៏មាន​សេចក្ដីសោកស្ដាយ​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក បានចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​២៤​មីនា ដោយ​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បង្ក្រាប​លើ​សេរីភាព ​នៃ​ការ​បញ្ចេញមតិ​ចំ​ពេល​មានការ​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​។

អង្គការ​នេះ​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​ប្រើប្រាស់​ឱកាស ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ-​១៩ ដើម្បី​ដាក់​ពន្ធនាគារ​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​ផ្សេងទៀត​ដែល​បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​វីរុស​នេះ ​និង​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​។

ចំណែក​ លោក ណុប វី នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ប្រាប់​វី​អូ​អេ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មិនមាន​ភាពប្រសើរ​ណាមួយ​នោះ​ទេ ចាប់​តាំង​ពី​ការ​បង្ក្រាប​កាលពី​ឆ្នាំ​២០១៧​មក​។

លោក ណុប វី បន្ថែម​ថា រាជរដ្ឋាភិបាល​ គួរតែ​ប្រើ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​មក​អនុវត្ត​លើ​អ្នក​សារ​ព័ត៌​មាន ដែល​មាន​កំហុស​ផ្នែក​ការផ្សាយ ​មិន​គួរ​ប្រើ​ក្រមព្រហ្មទណ្ឌ និង​ការ​ដក​អាជ្ញាប័ណ្ណ​ភ្លាមៗ​នោះ​ទេ​។

បើ​យើង​ស្តាប់ទៅ វា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​បំផុត​ចំពោះ​ការរិះគន់​របស់​អង្គការ​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​មួយ​ចំពោះ​ចំពោះ​ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន ជាពិសេស​ក្នុងអំឡុងពេល ​នៃ​ការ​រីក​រាលដាល ​នៃ​ជំងឺ​កូ​វីដ​-១៩​ នោះ​។

តាមពិត អង្គការ​សិទ្ធិមនុស្ស​នេះ និង​អ្នកសារព័ត៌មាន គួរ​ក្រឡេក​មើល​សហរដ្ឋអាមេរិក ដែល​ជា​បិតា​លទ្ធិប្រជាធិបតេយ្យ​ដែល​អះអាង​អំពី​ការ​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​សារព័ត៌មាន ក៏​កំពុង​រឹត​ត្បិត​សិទ្ធិ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​របស់ខ្លួន ដើម្បី​ការពារ​សិទ្ធិ​រស់រាន​មានជីវិត​។​

ដូចគ្នានេះដែរ កាសែត​កម្ពុ​ជាថ្មី យល់ឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​ ចាំបាច់​កាត់បន្ថយ​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ ដូចជា​សិទ្ធិ​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​ជាដើម ដើម្បី​ការពារ​សិទ្ធិ​រស់រានមានជីវិត និង​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​មេរោគ​កូ​វីដ-​១៩​នោះ​។​

ជាការ​ពិតណាស់ ដូច ​លោក មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង សេរីភាព​សារព័ត៌មាន​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​វិសាលភាព​ការ​ផ្សព្វផ្សាយ​កាន់​តែ​រីកចម្រើន ហើយ​ចំនួន​ស្ថាប័ន​សារព័ត៌មាន​ក៏​កាន់តែច្រើន​។

លោក​បន្តថា ការ​ចាត់វិធានការ​ផ្លូវច្បាប់​លើ​អ្នកសារព័ត៌មាន​នា​ពេល​កន្លងមក ​និង​ពេល​ថ្មីៗ​នេះ គឺធ្វើ​ឡើង​តាមច្បាប់​ ដោយសារ​អ្នកសារព័ត៌មាន​ទាំងនោះ​មាន​កំហុស​វិជ្ជាជីវៈ​តែប៉ុណ្ណោះ​។​

កាសែត​កម្ពុ​ជាថ្មី សូម​លើកទឹកចិត្ត​ដល់​អង្គការ​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន ឲ្យ​ឈប់​រិះគន់​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​កម្ពុជា​តទៅទៀត​។ ពួកគេ​គួរ​សួរ​ខ្លួនឯង​ថា រវាង​សិទ្ធិ​រស់​រាន​មានជីវិត និង​សិទ្ធិ​ដទៃ​ទៀត តើ​ពួកគេ​គួរ​ជ្រើសរើស​សិទ្ធិ​ណាមួយ​?

កាសែត​កម្ពុ​ជាថ្មី មានជំនឿថា​នៅពេលដែល​ស្ថានភាព​ នៃ​ការ​រីក​រាលដាល ​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​ផ្លូវដង្ហើម​កូ​វីដ​-១៩ មាន​ភាព​ធូរស្បើយ​ឡើងវិញ ប្រជាពលរដ្ឋ​ទាំងអស់ និង​អ្នកសារព័ត៌​មាន​ នឹង​មាន​សិទ្ធិ និង​សេរីភាព​ពេញលេញ​ឡើងវិញ​ដែរ ដូចជា​ពាក្យ​ទំនៀម​ខ្មែរ​ដែល​និយាយ​ថា «​ក្រោយ​ភ្លៀង មេឃ​ស្រឡះ​»​ដូច្នេះ​ដែរ​៕
អត្ថបទ ៖ Chhean Nariddh



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114