បទ​វិចារណកថា ​៖ កុំ​អាង​ធាតុអាកាស​ក្តៅ ហើយ​ភ្លេច​ការពារ​ខ្លួន​ពី​កូ​វីដ​-១៩

​កាសែត​កម្ពុ​ជាថ្មី ៖ យោងតាម​សេចក្ដីរាយការណ៍​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាម​រិ​ក (​វី​អូ​អេ​) ផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ បាន​ផ្ទុះ​ឡើង​នៅក្នុង​ប្រទេស​ចិន ក្នុង​រដូវ​ត្រជាក់​កន្លងទៅនេះ មនុស្ស​មួយចំនួន​ចេះតែមាន​ក្តី​សង្ឃឹមថា​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​នឹង​បាត់​ទៅវិញ នៅពេលដែល​រដូវក្តៅ​បាន​មក​ដល់​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​អភិបាលរដ្ឋ​កាល​ពី​ខែកុម្ភៈ​ថា ​៖ «​មនុស្ស​ជាច្រើន​គិតថា ជំងឺ​កូ​វីដ-​១៩ នឹង​បាត់​ទៅវិញ​ដោយសារ​កម្តៅ​នៅ​ក្នុង​ខែ​មេសា​»​។​

​ខែមេសា​បានមក​ដល់ ហើយ​វា​ក៏បាន​កន្លងផុត​ទៅហើយ​ដែរ ហើយ​សន្ទុះ ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩​នេះ នៅតែ​ខ្លាំង​។ ក៏ប៉ុន្តែ​ខណៈដែល​រដូវក្តៅ​នៅ​តំបន់​អឌ្ឍគោល​ខាងជើង​ខិត​ជិត​មកដល់ អ្នក​ជំនាញ​នានា កំពុង​ចាប់ផ្តើម​មើលឃើញ​ពី​ឥទ្ធិពល​ខ្លះ​ពី​ការ​កើនឡើង ​នៃ​សីតុណ្ហភាព និង​សំណើម ទៅលើ​វីរុស​កូ​រ៉ូ​ណា​។​

​បើ​យោងតាម​វី​អូ​អេ អ្នក​ជំនាញ​ទាំងនោះ​និយាយ​ថា អាកាសធាតុ​ក្តៅ​ហើយ​សើម នឹង​មិន​អាច​បញ្ឈប់​ការ​រាតត្បាត​ នៃ​ជំងឺ​កូ​វីដ​-១៩ ​នោះទេ​។ ក៏ប៉ុន្តែ វា​អាច​ជួយ​បន្ថយ​ចំនួន​អ្នក​ឆ្លង​ថ្មី​។ ហើយ​ផល​ប៉ះ​ពាល់ ​នៃ​អាកាសធាតុ​នេះ អាចជួយ​ពន្យល់​ពី​មូលហេតុ​ដែល​ផ្នែក​ខ្លះ​ នៃ​តំបន់​ត្រូពិក មិនបាន​រង​ផល​ប៉ះពាល់​ខ្លាំង ដូច​នៅ​តំបន់​ដែលមាន​អាកាសធាតុ​ត្រជាក់​ក្នុង​ពិភពលោក​។​

​អាស្រ័យហេតុនេះ កាសែត​កម្ពុ​ជាថ្មី សូម​រម្លឹក​ដល់​ប្រជាជន​គ្រប់រូប ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា សូមកុំ​ឲ្យ​ភ្លេច​ការពារ​ខ្លួន​ពី​មេរោគ​កូ​វីដ​-១៩​ ឲ្យ​សោះ ដោយ​សំអាង​ថា ​កម្ពុជា​ជា​ប្រទេស​ក្តៅ​នោះ​។​

​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​យល់ច្បាស់​អំពី​កត្តា​ធាតុអាកាស​ឲ្យ​កាន់តែច្បាស់​ទាក់ទង​នឹង​ការ​ឆ្លង​មេរោគ​កូ​វីដ​-១៩​នេះ វី​អូ​អេ ​បានធ្វើ​សេចក្ដីរាយការណ៍​យ៉ាង​ស៊ីជម្រៅ​ដូចខាងក្រោម​នេះ ​៖

​រដូវ​កាល​ជំងឺ​កូ​វីដ​-១៩
​ជំងឺ​កូ​វីដ​-១៩ បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា ដែល​ជា​វីរុស​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ប្រភេទ​។ វីរុស​នេះ ស្ថិតនៅក្នុង​ក្រុម​តែមួយ​ជាមួយនឹង​វីរុស​មួយចំនួនធំ​ទៀត ដែល​បង្ក​ឲ្យ​មាន​ជំងឺ​ផ្តាសាយ​ធម្មតា​ផង​ដែរ​។ ដោយសារតែ​ជំងឺ​ទាំងនោះ ថយចុះ​ទៅតាម​រដូវ​កាលនោះ ការស្រាវជ្រាវ​មួយចំនួន​បាន​លើក​ឡើងថា ជំងឺ​កូ​វីដ​-១៩​នេះ ក៏​នឹង​ថយចុះ​ទៅតាម​រដូវ​កាល​ផងដែរ​។ ក៏ប៉ុន្តែ អ្នកស្រាវជ្រាវ​ផ្សេង​ទៀត បាន​រកឃើញថា អាកាសធាតុ មាន​ផលប៉ះពាល់​តិច ឬ មិន​មាន​សោះ ទៅលើ​វីរុស​កូ​រ៉ូ​ណា​នេះ​។​

វីរុស​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​ផ្តាសាយ និង​គ្រុន​ផ្តាសាយធំ រាតត្បាត​បាន​ងាយ​ជាង​នៅក្នុង​រដូវ​ត្រជាក់ មួយ​ផ្នែក ដោយសារ​ខ្យល់​ត្រជាក់​មាន​ភាព​ស្ងួត​ជាង​ខ្យល់​រដូវក្តៅ​។ ជា​លក្ខណៈ​របស់​ធម្មជាតិ នៅ​រដូវ​ក្តៅ ខ្យល់​មាន​សំណើម​ជាង​រដូវ​ត្រជាក់ ហើយ​ភាគល្អិត ​នៃ​វីរុស មិន​អាច​ធ្វើដំណើរ​បាន​ឆ្ងាយ​នៅ​ក្នុង​ខ្យល់​ដែលមាន​សំណើម​ទេ​។

​ផលប៉ះពាល់​នៅក្នុង​តំបន់​ត្រូ​ពិ​ក​
​ដោយ​ប្រើ​របៀប ​នៃ​ការចម្លង​វីរុស និង​ទិន្នន័យ​អាកាសធាតុ​ពី​ទីតាំង​ជាង ៣.៧០០ កន្លែង​នៅ​ជុំវិញ​ពិភពលោក អ្នកនិពន្ធ​នៅក្នុង​ការសិក្សា​នានា បាន​ប៉ាន់ប្រមាណ​ថា​តើ​ផលប៉ះពាល់ ​នៃ​អាកាសធាតុ​ទៅលើ​រីក​រាលដាល​ នៃ​វីរុស​នៅក្នុង​ទីក្រុង​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​បំផុត​ក្នុង​ពិភពលោក​នោះ មាន​ដល់​កម្រិតណា​។​

​អ្នកនិពន្ធ​បាន​សរសេរ​ថា កម្តៅ​ និង​សំណើម ​អាច​ពន្យល់​បាន​ខ្លះ អំពី​មូល​ហេតុដែល​ការផ្ទុះ​ឡើង ​នៃ​វីរុស​កូ​រ៉ូ​ណា​នៅ​អាស៊ី​ខាងត្បូង​ និង​អាហ្វ្រិក​នៅមាន​ចំនួន​តិច​។ ខណៈដែល​អាកាសធាតុ​ក្តៅ អាច​បន្ថយ​ហានិភ័យ ​នៃ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​បាន​ប្រហែលជា ២៥ ភាគរយ នៅក្នុង​ទីក្រុង​បូ​ស្តុ​ន​ក្នុង​រដ្ឋ​ម៉ាសាឈូសេត​ដែល​នៅ​តំបន់​ត្រជាក់​ភាគ​ខាងជើង​ក្នុងអំឡុង​ខែ​ក្តៅ​បំផុត​នោះ ក្នុងប្រទេស​នី​ហ្សេ​រី​យ៉ា​វិញ​ដែល​ស្ថិតក្នុង​តំបន់​ត្រូ​ពិ​ក​នោះ អាច​នឹងមាន​ការធ្លាក់​ចុះ​ជាង ៤០ ភាគរយ ដោយសារតែ​កម្តៅ និង​សំណើម​។​

​ទោះជា​យ៉ាងនេះ​ក្តី វីរុស​កូ​រ៉ូ​ណា​នេះ​នៅតែ​ឆ្លង​រាលដាល​ក្នុង​ល័ក្ខខ័ណ្ឌ​អាកាសធាតុ​ក្តៅ​ទាំងនោះ តួយ៉ាង​ដូចជា​នៅក្នុង​ប្រទេស​សិង្ហបុរី ដែល​ពេល​ថ្មីៗ​នេះ ករណី​អ្នក​ឆ្លង​ថ្មី បាន​កើន​ដល់​ពី​ចំនួន ៧០០ ទៅ ៨០០ នាក់​ក្នុង​មួយថ្ងៃ​។​

​ក្រុម​អ្នកជំនាញ​បាន​និយាយថា កត្តា​ដង់ស៊ីតេ​ប្រជាជន វិធានការ​ឲ្យ​រក្សា​គម្លាត​នៅ​ឆ្ងាយ​ពីគ្នា​ក្នុង​សង្គម ការធ្វើ​តេស្ត និង​ការតាមដាន​រក​អ្នក​ដែល​អាចមាន​ទំនាក់ទំនង​ជាមួយនឹង​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា មាន​ផលប៉ះពាល់​ច្រើនជាង​អាកាសធាតុ​។​

​ដោយឡែក ដំណឹង​ដែល​គួរ​ឲ្យ​រីករាយ និង​ស្វាគមន៍​នោះ យោង​តាម​ក្រសួងសុខាភិបាល​ចេញ​សេចក្តី​ប្រកាស​នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​ថា អ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់ ​ចុងក្រោយ​គេ ពោល​គឺ​អ្នកជំងឺ​ទី​១២២ បានជា​សះស្បើយ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​អ្នកជំងឺ​កូ​វីដ​-១៩​ ទៀតឡើយ​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នកជំងឺ​កូ​វីដ​-១៩ ទី​១២២ ដែល​ជា​សះស្បើយ​ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លេ​ឡៃ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​កាសែត​កម្ពុ​ជាថ្មី សូម​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ក្រុម​គ្រូពេទ្យ​កម្ពុជា ជាពិសេស​ក្រសួង​សុខា​ភិ​បាល ដែល​បាន​បង្ហាញ​នូវ​សមត្ថភាព​ខ្ពស់ និង​បាន​ប្រឹងប្រែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ-​១៩ ​នេះ រហូត​ដល់​បានជា​សះស្បើយ​ទាំងស្រុង​។​

​ទោះបីជា​យ៉ាងណា កាសែត​កម្ពុ​ជាថ្មី សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ បន្ត​រក្សា​អនាម័យ​ខ្លួនប្រាណ ពាក់​ម៉ាស់​ការពារ​ពេល​ចេញពីផ្ទះ ចៀសវាង​ជួបជុំគ្នា​ដែលមាន​មនុស្ស​ច្រើន និង​អនុវត្តតាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​ផ្លូវដង្ហើម​ជំងឺ​កូ​វីដ-​១៩​នេះ​៕
អត្ថបទ ៖ Chhean Nariddh

សូមចុចអាន ៖ តើយើងអាចលុបបំបាត់កូវីដ-១៩ ចេញពីពិភពលោកបានទេ?



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114