បទ​វិចារណកថា ​៖ ឈប់​ចោទ​គ្នា​ទៅវិញទៅមក​ទៅ ហើយ​បន្ត​សហការ​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-​១៩

​កាសែត​កម្ពុ​ជាថ្មី​ ៖ គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ថ្ងៃ​ពុធ ទី​៦ ខែ​ឧសភា ឆ្នាំ​២០២០​នេះ សេចក្ដីរាយការណ៍​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-​១៩ (COVID-19) នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើង​ដល់ ៣,៧២៤,៥១១​ករណី​ហើយ ដោយ​ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២៥៨,០២៦​នាក់ និង​ជា​សះស្បើយ​ឡើងវិញ ១,២៤០,៧០៥​នាក់​។​

សហរដ្ឋអាមេរិក​ នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ច្រើន​ជាង​គេ ដោយ​សហរដ្ឋអាមេរិក​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ចំនួន ១,២៣៧,៤៦៦ ​នាក់ ស្លាប់​៧២,២៥៦​ នាក់ និង​ជាសះស្បើយ​ ១៩៩,៨២៩​ នាក់​។​

ទន្ទឹមនឹងនេះ ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​របស់​សហរដ្ឋអាមេរិក​បញ្ជាក់​ថា ជំងឺ​កូ​វីដ​-១៩ «​មិនមែន​មនុស្ស​ធ្វើ​ទេ​»​។ ក៏ប៉ុន្តែ នៅក្នុង​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​ដ៏​កម្រ​មាន​មួយ ក្រុម​មន្ត្រី​និយាយ​ថា ទ្រឹស្ដី​ឯទៀតៗ​អំពី​ប្រភព ​នៃ​ការ​រាតត្បាត​ជា​សកល​ នៃ​ជំងឺ​នេះ ដូចជា​គ្រោះថ្នាក់​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ជាដើម មិនបាន​ត្រូវ​បដិសេធ​ទេ​។ (​នេះ​បើ​យោងតាម​សេចក្ដីរាយការណ៍​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (​វី​អូ​អេ​) ផ្សាយ​នៅ​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២០​នេះ​។​)

ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​សហរដ្ឋអាមេរិក បាន​បដិសេធ​ទ្រឹស្ដី​យ៉ាងតិច​មួយ អំពី​ប្រភព​ នៃ​វីរុស​កូ​រ៉ូ​ណា ដោយ​និយាយថា ភស្តុតាង​បង្ហាញថា វីរុស​នេះ​ មិនបាន​ត្រូវបង្កើត​នៅក្នុង​មន្ទីរពិសោធន៍​ចិន​នោះ​ទេ​។ ប៉ុន្តែ ពួកគេ​នៅតែ​ពិនិត្យ​មើល​ថា តើ​ការ​រាលដាល ​នៃ​ជំងឺ​នេះ​ដែល​មាន​ប្រភព​ចេញពី​ប្រទេស​ចិន បាន​បណ្តាលមកពី​ការ​ប៉ះពាល់​របស់​មនុស្ស​ជាមួយ​សត្វ ឬ​ថា តើ​វា​បាន​ចាប់ផ្តើម​គ្រោះ​ថ្នាក់​ដោយ​របៀប​ណា​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​មេសា ការិយាល័យ​ នៃ​នាយក​ផ្នែក​ស៊ើប​ការសម្ងាត់​ជាតិ បាន​ចេញ​ផ្សាយ​សេចក្ដីថ្លែងការណ៍​សាធារណៈ​មួយ អំពី​ការស៊ើបអង្កេត​ដែល​កំពុង​ធ្វើឡើង​។​

សេចក្ដីថ្លែងការណ៍​នេះ ចែងថា សហគមន៍​ស៊ើប​ការសម្ងាត់​សហរដ្ឋអាមេរិក «​មាន​មតិ​ស្រប​ជាមួយ​ការ​មូល​មតិ​គ្នា​ទូលំទូលាយ​ខាង​វិទ្យាសាស្ត្រ ដែល​ថា ជំងឺ​កូ​វីដ-​១៩ មិនមែន​បង្កើត​ដោយ​មនុស្ស​ ឬ​ត្រូវ​កែប្រែ​ខាង​ពិន្ទុ​ទេ​»​។​

សេចក្ដីថ្លែងការណ៍​នេះ បាន​និយាយ​ថា ​៖ «​ដូចដែល​យើង​ធ្វើ​នៅ​ក្នុង​វិបត្តិ​ទាំងអស់ អ្នក​ជំនាញ​របស់​សហគមន៍​ស៊ើប​ការសម្ងាត់​ឆ្លើយតប​ដោយ​បង្កើន​ធនធាន និង​ធ្វើការ​ស៊ើប​ការសម្ងាត់ អំពី​បញ្ហា​នានា​ដែល​មាន​សារៈសំខាន់​ដល់​សន្តិសុខ​ជាតិ​ស​.​រ​.​អ​.​។ សហគមន៍​ស៊ើប​ការសម្ងាត់ នឹង​បន្ត​ពិនិត្យ​មើល​ថា តើ​កា​រាលដាល​ជំងឺ​នេះ​ចាប់ផ្ដើម​មាន​តាមរយៈ​ការ​ប៉ះពាល់​សត្វ​ដែល​មាន​ជំងឺ ឬថា​តើ​ជា​លទ្ធផល​នៃ​គ្រោះថ្នាក់​មួយ​នៅក្នុង​មន្ទីរពិសោធន៍​មួយ​ក្នុង​ក្រុង Wuhan»​។​

វី​អូ​អេ បាន​រាយការណ៍​ថា សេតវិមាន​ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​ស៊ីជម្រៅ​ជាង​មុន អំពី​ប្រភព​ នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សម្ដែង​ការសង្ស័យ​ច្រើនដង​មកហើយ អំពី​សេចក្ដីថ្លែងការណ៍​ពី​ប្រទេស​ចិន និង​អង្គការ​សុខភាព​ពិភពលោក​។​

លោក ត្រាំ បាន​និយាយថា ​៖ «​មាន​ព័ត៌មាន​ពី​ការ​ស៊ើប​ការសម្ងាត់​ហើយ ហើយ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ខ្លះ​ហើយ​។ ហើយ​ខ្ញុំ​មិន​សប្បាយចិត្ត​អំពី​ការណ៍​នេះ​ទេ​។ រហូតមកដល់​ពេលនេះ យើង​ជា​ប្រទេស​ផ្តល់​វិភាគទាន​ច្រើន​បំផុត​ដល់​អង្គការ​សុខ​ភាព​ពិភពលោក ហើយ​ពួកគេ​ធ្វើ​ឲ្យ​យើង​យល់​ច្រឡំ​»ជា​ការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី យល់ឃើញថា វា​គួរតែ​ដល់​ពេលដែល​ពិភពលោក​គួរតែ​ឈប់​ចោទ​ប្រកាន់​គ្នា​ទៅវិញទៅមក ជាពិសេស​ទៅលើ​ប្រទេស​ចិន បើ​ផ្អែក​តាម​ការស្រាវជ្រាវ​រប​ស់​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​របស់​សហរដ្ឋអាមេរិក ដែល​បញ្ជាក់​ថា ជំងឺ​កូ​វីដ​-១៩ «​មិនមែន​មនុស្ស​ធ្វើ​ទេ​នោះ​»​។​

ទន្ទឹមនឹងនេះ អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ អ្នកជំនាញ​ជាន់ខ្ពស់​ខាង​អភិវឌ្ឍន៍​គ្រាប់​រ៉ុកកែត និង​យាន​អវកាស​របស់​ប្រទេស​រុស្ស៊ី លោក យ៉េ​វ​ហ្គេ​នី មី​ករី​ន (Yevgeny Mikrin) បាន​បាត់​បង់ជីវិត​ហើយ​នៅ​អាយុ​៦៥​ឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ-​១៩ ដែល​កំពុង​ញាំញី​ប្រទេស​រុស្ស៊ី​យ៉ាងគំហុក​។ (​នេះ​បើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នា​យប់​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២០​។​)

«​ការ​លាចាក​របស់លោក មី​ករី​ន ដែលជា​អ្នកវិទ្យាសាស្ត្រ​ផ្នែក​មេកានិច និង​ដំណើរការ​គ្រប់គ្រង​នានា គឺជា​ការបាត់បង់​ដែល​មិនអាច​ជំនួស​វិញ​បានឡើយ សម្រាប់​ឧស្សាហកម្ម​អវកាស និង​គ្រាប់​រ៉ុកកែត​របស់​រុស្ស៊ី​។​» សេចក្ដីថ្លែងការណ៍​រប​ស់​រុស្ស៊ី បាន​គូស​បញ្ជាក់​។​

ដូច្នេះ ជាជាង​ចោទប្រកាន់​គ្នា​ទៅវិញទៅមក កាសែត​កម្ពុ​ជាថ្មី សូម​លើកទឹកចិត្ត​ដល់​សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដទៃទៀត សហការ​ជាមួយ​ប្រទេស​ចិន និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​បន្ត​ប្រយុទ្ធ​ជាមួយ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​ផ្លូវដង្ហើម​កូ​វីដ​-១៩​នេះ​។

យើង​មានជំនឿថា ប្រសិនបើ​ប្រទេស​ទាំងអស់​រួមសហការ​គ្នា​នោះ ​ប្រយុទ្ធ​ជាមួយ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះ មនុស្សជាតិ​ នឹង​អាច​យក​ឈ្នះ​លើ​ជំងឺ​កូ​វីដ​-១៩ ដូចជា ​ជំងឺ​កាច​សាហាវ​ដទៃ​ទៀត​ជាក់​ជាមិនខាន​៕

សូមចុចអាន ៖ បទ​វិចារណកថា ​៖ ការ​រឹត​បន្តឹង​ព័ត៌មាន​ មាន​សារៈសំខាន់​ក្នុង​ការ​ទប់ស្កាត់​មេរោគ​កូ​វីដ​-១៩

អត្ថបទ ៖ Chhean Nariddh



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114