បទ​វិចារណកថា ​៖ សហរដ្ឋអាមេរិក​ គួរ​បន្ត​បិទ​ប្រទេស​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​

យោង​តាម​សេចក្ដីរាយការណ៍​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (​វី​អូ​អេ​) ផ្សាយ​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​រុស្ស៊ី កំពុង​ប្រុងប្រៀប​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​វិលត្រឡប់​ទៅ​ធ្វើ​ការ ថ្វីបើ​ការ​រាតត្បាត​ជំងឺ​កូ​វីដ-​១៩​ បន្ត​កើត​មាន​ឡើង​ក៏ដោយ​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ ដូ​ណា​ល់ ត្រាំ និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​កំពុង​ធ្វើតេស្ត​ប្រហែល​៣​សែន​នាក់ ​ក្នុង​មួយថ្ងៃ​ ហើយ​នៅ​ពេល​ឆាប់ៗ​នេះ នឹង​មាន​មនុស្ស​ដែល​ធ្វើតេស្ត​ទាំង​អស់​ចំនួន​១០​លាន​នាក់ ដែល​លោក​ប្រធានាធិបតី និយាយ​ថា​ មាន​ច្រើនជាង​ប្រទេស​ណាៗ​ទាំង​អស់​។​

​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ម្នាក់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ប្រដាប់​ធ្វើតេស្ត​ថ្មី ដែល​ត្រូវ​បាន​យល់​ព្រម​ឲ្យ​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​មួយ​ហៅថា Quidel នឹង​បង្កើន​ដំណើរការ​ធ្វើតេស្ត ពី​ព្រោះតែ​ឧបករណ៍​ធ្វើតេស្ត​នេះ​ស្វែងរក​វត្តមាន​វីរុស​នៅ​ក្នុង​ច្រមុះ​។​

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​រំពឹង​ថា ​ការ​ធ្វើ​តេស្ត​ថ្មី​ប្រហែល​៩​លាន​នាក់ នឹង​ធ្វើជា​រៀងរាល់​ខែ​។​ សេតវិមាន​ បាន​ផ្លាស់ប្ដូរ​ផ្តោត​ការ​យកចិត្តទុកដាក់​ពី​ការ​បើក​ប្រទេស​ឡើងវិញ​ទៅកាន់​ការ​ធ្វើ​តេស្ត បន្ទាប់ពី​អ្នកជំនួយការ​២​នាក់​របស់​សេត​វិមាន​បានធ្វើ​តេស្ត​មាន​មេរោគ​កូ​រ៉ូ​ណា​វិជ្ជមាន​។

លោក​ប្រធានាធិបតី​ត្រាំ ចង់​បើក​ប្រទេស​ឡើងវិញ​ឲ្យ​បាន​ឆាប់រហ័ស​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ដើម្បី​បញ្ឈប់​ការ​គ្មាន​ការងារធ្វើ​កាន់​តែ​កើន​ឡើង​ដែល​បាន​ឡើង​ទៅដល់​ចំនួន​ដ៏​ខ្ពស់​បំផុត​មួយ​ដោយមាន​មនុស្ស​ជាង​៣០​លាន​នាក់​ បាន​បាត់បង់​ការងារ​ចាប់តាំងពី​ពាក់កណ្ដាល​ខែ​មីនា​មក​។ អភិបាល​រដ្ឋ​ខ្លះ​ បានធ្វើ​តេស្ត​តែម​នុស្ស​ដែល​ត្រឡប់​ទៅធ្វើ​ការ​វិញ​តែប៉ុណ្ណោះ​។​

​សហរដ្ឋអាមេរិក​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ច្រើនជាងគេបង្អស់​ ដោយ​មាន​១​លាន​៣​សែន​៥​ម៉ឺន​ករណី និង​មនុស្ស​ស្លាប់​ជាង​៨​ម៉ឺន​នាក់​។ ប៉ុន្តែ​រដ្ឋ​ជាច្រើន​កំពុង​បើក​ឡើងវិញ ឬ​មាន​គម្រោង​បើក​ឡើងវិញ រួម​ទាំង​រដ្ឋ​ញូវយ៉ក និង​រដ្ឋ ញូ ជើ​ស៊ី ដែលមាន​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ដ៏​ច្រើន​បំផុត​។​

​ជាការ​ពិតណាស់ កាសែត​កម្ពុ​ជាថ្មី ទទួលស្គាល់ថា ភាពឥតការងារ​ធ្វើ​ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​សហរដ្ឋអាមេរិក ក៏ដូចជា​ប្រជាជន​នានា​នៅ​ទូទាំង​ពិភពលោក​។ ទោះបីជា​យ៉ាង​ណា​ក្តី កាសែត​កម្ពុ​ជាថ្មី យល់ឃើញថា ​បញ្ហា​ប្រឈម​នឹង​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី និង​ការ​ស្លាប់​ដោយ​ជំងឺ​កូ​វីដ-​១៩ គឺជា​ក្តីបារម្ភ​ធំ​ជាង​ភាព​ឥតការងារ​ធ្វើ​ទៅទៀត​។​

​យោងតាម​សេចក្ដីរាយការណ៍​របស់​វី​អូ​អេ​នៅ​ថ្ងៃ​ដដែល មន្ត្រី​សុខភាព​កំពូល​ម្នាក់​របស់​អាមេរិក និយាយ​ថា លោក​នឹង​ប្រាប់​គណៈកម្មាធិការ​សភា​នៅ​ថ្ងៃ​អង្គារ​នេះ ​ពី​ភាព​គ្រោះថ្នាក់ ​នៃ​ការលុប​ចោល​ការ​រឹតត្បិត​ នៃ​មេរោគ​កូ​រ៉ូ​ណា​ឆាប់រហ័ស​ពេក​។​

​វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជំងឺឆ្លង​សហរដ្ឋអាមេរិក ប្រាប់​កាសែត The New York Times ថា សារ​របស់​លោក​ទៅកាន់​សមាជិកសភា​គឺថា បើ​ប្រទេស​នេះ រំលង​ចំណុច​ឆែកឆេរ​ក្នុង​ផែន​ការ​ដែលមាន​៣​ដំណាក់កាល​របស់​សេត​វិមាន «​យើង​ប្រឈម​ភាពគ្រោះថ្នាក់​ នៃ​ការផ្ទុះ​ដ៏​ខ្លាំង ​នៃ​មេរោគ​កូ​រ៉ូ​ណា​ទូទាំងប្រទេស​»​។​

​លោក​វេជ្ជបណ្ឌិត Fauci បាន​មានប្រសាសន៍​ទៀតថា «​ការណ៍​នេះ​នឹង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានការ​ឈឺ​ចាប់ និង​ស្លាប់​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ប្រាកដ​នឹងធ្វើ​ឲ្យ​អូសបន្លាយ​ពេល​ដល់​ការស្វែងរក​របស់​យើង​ធ្វើ​ឲ្យ​មាន​ភាពប្រក្រតី​ឡើងវិញ​»​។​

​មន្ត្រី​សុខាភិបាល​បាន​ព្រមាន​អស់​ជាច្រើន​សប្ដាហ៍​ហើយ​ថា ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ស្ថិតនៅ​ផ្ទះ​និង​ការអនុញ្ញាត​ឲ្យ​ពាណិជ្ជកម្ម​បន្ត​ប្រតិបត្តិការ​ឡើងវិញ​ដ៏​ឆាប់រហ័ស អាច​នាំ​ឲ្យ​មាន​ឡើងវិញ​នូវ​ជំងឺ​កូ​វីដ​-១៩ ​ទាំង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ និង​គ្រោះថ្នាក់​ដល់​ការ​ខំប្រឹងប្រែង​របស់​រដ្ឋ​បាល​ប្រធានាធិបតី​ត្រាំ​ ដើម្បី​ចាប់ផ្ដើម​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​។​

​លោក Fauci ជា​មន្ត្រី​កំពូល​ម្នាក់ ​នៃ​មន្ត្រី​កំពូល​៤​នាក់​ មាន​គម្រោង​បង្ហាញខ្លួន​នៅ​ពីមុខ​គណៈកម្មា​ធិការ​សុខាភិបាល អប់រំ ការងារ និង​ប្រាក់​ចូលនិវត្តន៍​របស់​ព្រឹទ្ធសភា​សម្រាប់​សវនាការ​ដែល​មាន​ឈ្មោះ​ថា «​សុវត្ថិភាព​ត្រឡប់​ទៅ​ការងារ និង​ត្រឡប់​ទៅ​សាលារៀន​វិញ​»​។​

​អាស្រ័យហេតុនេះ កាសែត​កម្ពុ​ជាថ្មី សូម​លើកទឹកចិត្ត​ដល់​សហរដ្ឋអាមេរិក ក៏ដូចជា​ចក្រភព​អង់គ្លេស និង​ប្រទេស​រុស្ស៊ី ឲ្យ​បន្ត​បិទ​ប្រទេស​តទៅទៀត ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​អំពី​សេចក្តី​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​ផ្លូវដង្ហើម​កូ​វីដ​-១៩​ នោះ​។

កាសែត​កម្ពុ​ជាថ្មី មានជំនឿថា សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​រុស្ស៊ី ប្រាកដជា​មាន​លទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​ស្បៀងអាហា​រ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​នៅក្នុង​អំឡុងពេល​បិទ​ប្រទេស ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ឥត​កា​ងារ​ធ្វើ​នោះ​។​

​ស្របពេល​ជាមួយគ្នានេះដែរ កាសែត​កម្ពុ​ជាថ្មី សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ក៏ដូចជា​ជា​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា និង​ប្រទេស​ដទៃទៀត បន្ត​ការពារ​ខ្លួន​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ដើម្បី​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​។

ជាការ​ពិតណាស់ ប្រជាពលរដ្ឋ​ខ្មែរ​យើង​ បាន​ឆ្លងកាត់​សេចក្តី​ស្លាប់ និង​សោកនាដកម្ម​ជាច្រើន​មក​ហើយ​ ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ដូច្នេះ​យើង​ចាំបាច់​ការពារ​ខ្លួន​ឲ្យ​រួច​ផុតពី​សេចក្តី​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ នេះ​ឲ្យ​បាន​៕
អត្ថបទ ៖ Chhean Nariddh

សូមចុចអាន ៖ បទ​វិចារណកថា ​៖ ឈប់​ចោទ​គ្នា​ទៅវិញទៅមក​ទៅ ហើយ​បន្ត​សហការ​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-​១៩



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114