បទ​វិចារណកថា ​៖ សហរដ្ឋអាមេរិក​ មិន​គួរ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ឡើយ​

កាសែត​កម្ពុ​ជាថ្មី ៖ យោង​តាម​សេចក្ដីរាយការណ៍​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (​វី​អូ​អេ​) ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា លោក ម៉ៃ​ខ៍ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក បាន​ព្រមាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ កាលពី​សប្ដាហ៍​មុន​ថា ការ​ស៊ើប​អង្កេត​របស់​តុលាការអន្តរជាតិ​នេះ​ប្រឆាំង​នឹង​ប្រទេស​អ៊ីស្រាអែល​ នឹង​មាន​ផលវិបាក​។​

ការព្រមាន​របស់ លោក ប៉ុ​ម​ប៉េ​អូ នេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បានសម្រេច​ចាត់ទុក​ប៉ា​ឡេ​ស្ទី​ន​ថា ​ជា​រដ្ឋ​មួយ ដែល​មាន​សមត្ថភាព​ដាក់ពាក្យ​បណ្ដឹង ដែល​អាច​ឈាន​ដល់​ការស៊ើបអង្កេត​អំពី​ការចោទប្រកាន់​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ប៉ា​ឡេ​ស្ទី​ន​ ​អះអាង​ថា អ៊ីស្រាអែល​ បាន​ប្រព្រឹត្ត​នៅ​ក្នុង​តំបន់ West Bank និង​តំបន់ Gaza Strip​។​

លោក ប៉ុ​ម​ប៉េ​អូ បាន​និយាយថា សហរដ្ឋអាមេរិក «​ជឿថា ប៉ា​ឡេ​ស្ទី​ន ​មិន​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់​ក្នុងការ​ក្លាយ​ជា​រដ្ឋ​អធិបតេយ្យ​នោះ​ទេ​»​។​

លោក ប៉ុ​ម​ប៉េ​អូ បាន​បន្ថែម​ថា ​៖ «​សហរដ្ឋអាមេរិក​បញ្ជាក់​សាជាថ្មី​អំពី​ការជំទាស់​ជា​យូរ​មក​ហើយ​របស់​ខ្លួន​ចំពោះ​ការស៊ើបអង្កេត​ខុសច្បាប់​ណាមួយ​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។ ប្រសិនបើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ នៅតែ​បន្តធ្វើ​ដូច្នេះ នោះ​នឹង​មាន​ផលវិបាក​ជាមិនខាន​»​។​

កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ក្រុម​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​មកពី​គណបក្ស​ទាំង​ពីរ​បាន​ផ្ញើ​លិខិត​ផ្សេង​គ្នា​ទៅកាន់​ លោក ប៉ុ​ម​ប៉េ​អូ ដោយ​ជំរុញ​ឲ្យ​លោក​ការពារ​ប្រទេស​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​រឹងមាំ​របស់​សហរដ្ឋអាមេរិក ប្រឆាំង​នឹង​ការស៊ើបអង្កេត​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។

សមាជិកសភា​ទាំងនេះ​អះអាង​ថា ការ​អះអាង​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ស្មើនឹង​ការ​ធ្វើ​ឲ្យ​គោល​បំណង​របស់​តុលាការ​នេះ​ទៅជា​បញ្ហា​នយោបាយ​។​

ប្រធាន​រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អ្នកស្រី Fatou Bensouda បាន​និយាយ​កាលពី​ចុង​ឆ្នាំមុន​ថា ការស៊ើបអង្កេត​ជាច្រើន​ឆ្នាំ​របស់​អ្នកស្រី​លើ​កិច្ចការ​ប៉ា​ឡេ​ស្ទី​ន បាន​ផ្ដល់​នូវ «​មូលដ្ឋាន​សម​ហេតុ​សម​ផល​នៅ​ក្នុងការ​ជឿជាក់ថា ឧក្រិដ្ឋកម្ម​សង្គ្រាម​ទាំងនេះ ​គឺ​ប្រព្រឹត្ត​ឡើង​ដោយ​អ៊ីស្រាអែល និង​ក្រុម​ប៉ា​ឡេ​ស្ទី​ន​មួយ​ចំនួន​ដូចជា​ក្រុម Hamas ជាដើម​»​។​
​ជាការ​ពិតណាស់ កាសែត​កម្ពុជា មាន​សេចក្ដីសោកស្ដាយ​ជាទីបំផុត​ដែល​សហរដ្ឋអាមេរិក​ហ៊ាន​ព្រមាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​ជា​ស្ថាប័ន​យុត្តិធម៌​ពិភពលោក​ឯករាជ ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​របស់​អ៊ីស្រាអែល​ប្រឆាំង​នឹង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នោះ​។​

កាសែត​កម្ពុ​ជាថ្មី យល់ឃើញថា ទោះបីជា​ប៉ា​ឡេ​ស្ទី​ន​ជា​រដ្ឋ​អធិបតេយ្យ ឬ​មិនមែន​ជា​រដ្ឋ​អធិបតេយ្យ​ក្តី តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ គួរតែមាន​ឆន្ទានុសិទ្ធិ​ពេញលេញ​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ប្រព្រឹត្ត​ដោយ​អ៊ីស្រាអែល ឬ​ប្រទេស​ណាមួយ​ប្រឆាំង​នឹង​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​នោះ​។​

តាមពិតទៅ កាសែត​កម្ពុ​ជាថ្មី យល់ឃើញ​ថា សហរដ្ឋអាមេរិក​ គួរតែ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ផ្ទៃ​ក្នុង​របស់​ខ្លួន ជាពិសេស​ដំណើរការ​បោះឆ្នោត​នៅ​ប្រទេស​បិតា​លទ្ធិប្រជាធិបតេយ្យ​មួយ​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងឆ្នាំ​២០២០​នោះ​។​

យោង​តាម​សេចក្ដីរាយការណ៍​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (​វី​អូ​អេ​) ផ្សាយ កាលពី​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ការប្រឆាំង​នឹង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ពង្រឹង​ការ​គាំទ្រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​ លោក ចូ បាយ​ដិ​ន (Joe Biden) ដែល​ត្រូវ​បាន​គេ​សន្មត​ថា ​ជា​អ្នកទទួលបាន​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិប​តេយ្យ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដែល​នឹង​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​។​

នៅក្នុង​ការគាំទ្រ​ដល់​លោក​អតីត​អនុ​ប្រធានាធិបតី ចូ បាយ​ដិ​ន សម្រាប់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បឺ​ន​នី សាន់​ដឺ​រ៍ (Bernie Sanders) សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គណបក្ស​ប្រជាធិបតេយ្យ​ត្រូវតែ​រួប​រួម​គ្នា​ដើម្បី​យកជ័យ​ជម្នះ​លើ​លោក​ប្រធានាធិបតី ត្រាំ នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ខែ​វិច្ឆិកា​ខាងមុខនេះ​។​

លោក បឺ​ន​នី សាន់​ដឺ​រ៍ និយាយ​ដូច្នេះ​ថា ​៖ «[​គណបក្ស​ប្រជាធិបតេយ្យ ​ត្រូវតែ​រួបរួមគ្នា​] ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា យើង​អាច​យកជ័យ​ជម្នះ​លើ​ប្រធានាធិបតី​ម្នាក់​ដែល​ខ្ញុំ​ជឿ​ថា​ ជា​ប្រធានាធិបតី​ដ៏​គ្រោះថ្នាក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​សហរដ្ឋអាមេរិក​»​។​

ស្របពេល​ជាមួយគ្នានេះដែរ វី​អូ​អេ​ បាន​រាយការណ៍​ថា ការ​ឆ្លង​រាតត្បាត​ នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​នៅ​ពេល​នេះ​បានធ្វើឲ្យ​មន្ទីរពេទ្យ​នានា​មាន​បន្ទុក​ហួស​កម្រិត បាន​បង្ខំ​ឲ្យ​មាន​ការ​បិទ​ដំណើរការ​អាជីវកម្ម​មិនចាំបាច់​នានា​នៅ​ទូទាំង​ប្រទេស និង​បានធ្វើឲ្យ​មនុស្ស​រាប់លាន​នាក់​គ្មាន​ការងារ​ធ្វើ បាន​ធ្វើ​ឲ្យ​មានការ​ស្រពិចស្រពិល​អំពី​ការ​ខ្វែងគំនិត​គ្នា​ផ្នែក​គោលនយោបាយ​រវាង​ក្រុម​សាធារណរដ្ឋ​ដែល​មាន​ទំនោរ​ទៅ​ខាង​អាជីវកម្ម និង​ក្រុម​ប្រជាធិបតេយ្យ​ដែលមាន​ទំនោរ​ទៅ​ខាង​ក្រុម​ពលករ​។​

នៅពេលនេះ ភាគី​ទាំងពីរ​នេះ​បាន​រួបរួមគ្នា​គាំទ្រ​លើ​កម្មវិធី​ជួយ​សេដ្ឋកិច្ច​ក្នុង​ទឹកប្រាក់​លាន​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​អាជីវកម្ម​នានា និង​អ្នក​ដែល​បាត់បង់​ការងារ​ធ្វើ​។​

អ្នកវិភាគ​នានា​បាន​និយាយ​ថា ការ​ផ្ដោត​ខាង​នយោបាយ​បាន​ងាក​ទៅ​ខាង​ឆ្វេង​និយម​ទាក់ទិន​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នេះ ហើយ​លោក បាយ​ដិ​ន ប្រហែលជា​ត្រូវ​ប្រកាន់​យក​គោលនយោបាយ​ជឿន​លឿន​ជាង​មុន ​ដើម្បី​រក្សា​ការ​គាំទ្រ​រួមគ្នា​នេះ​។​

អ្នកស្រី ម៉ូ វិឡា (Moe Vela) អតីត​ទីប្រឹក្សា​របស់​លោក បាយ​ដិ​ន នៅ​ពេល​ដែល​លោក​ធ្វើជា​អនុ​ប្រធា​នា​ធិបតី បាន​និយាយ​ថា ​៖ «​ខ្ញុំ​ស្គាល់​លោក ចូ បាយ​ដិ​ន ដោយ​ផ្ទាល់​។ ខ្ញុំ​ចាត់​ទុក​លោក​ថា​ជា​មិត្តភ័ក្ដិ​ម្នាក់​។ លោក​ជា​បុរស​មាន​អាកប្បកិរិយា និង​សេចក្ដី​សុចរិត​ល្អ​បំផុត​។ ការចោទប្រកាន់​មិន​ត្រឹមត្រូវ គឺ​ជា​ការ​ផ្ទុយ​ស្រឡះ​ពី​អត្តចរិត​ពិត​ប្រាកដ​រ​ប​ស់ លោក ចូ បាយ​ដិ​ន​»​។​

សរុប​មកវិញ យើង​អាច​និយាយបានថា សហរដ្ឋអាមេរិក​ កំពុង​រួម​រឹត​ដោយ​បញ្ហា​ផ្ទៃក្នុង​ដ៏​ច្រើន​ស្អេកស្កះ ក្រៅ​អំពី​ការបោះឆ្នោត ដូចជា​ជំងឺ​កូ​វីដ​-១៩ និង​ពលរដ្ឋ​ឥត​ការងារ​ធ្វើ​ជាដើម​។ ដូច្នេះ សហរដ្ឋ​អាមេរិក​ គួរតែ​គិតគូរ​អំពី​បញ្ហា​ឲ្យ​អស់ពី​លទ្ធភាព​នេះ ជាជាង​ជ្រៀតជ្រែក​ទៅលើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នោះ​៕
អត្ថបទ ៖ Chhean Nariddh
​សូមចុចអាន ៖ បទ​វិចារណកថា ​៖ កុំ​អាង​ធាតុអាកាស​ក្តៅ ហើយ​ភ្លេច​ការពារ​ខ្លួន​ពី​កូ​វីដ​-១៩



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114