បទ​អត្ថាធិប្បាយ​ ៖ អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ គួរប្រើ​ប្រាស់​បណ្តាញ​នេះ​ ដោយមាន​ការទទួលខុសត្រូវ​ ​​

អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍ ប្រទេស​កម្ពុជា ​បាន​រួម​រឹត​ដោយ​សង្គ្រាមរ៉ាំរ៉ៃ និង​សោកនាដកម្ម​យ៉ាង​ជូរចត់ ក្នុង​ខណៈដែល​ប្រជាពលរដ្ឋ​រស់នៅ​ប្រៀបបាន​នឹង​កង្កែប ​នៅក្នុង​អណ្តូង ដោយ​កាត់​ផ្តាច់​ទំនាក់ទំនង​ពី​ពិភពលោក។ ក្នុង​អំឡុង​ពេល​នោះ​ ប្រជាពលរដ្ឋ​ទាំងអស់​ស្ទើរតែ​បាត់បង់​សិទ្ធិ និង​សេរីភាព​ផ្សេងៗ ជាពិសេស​សេរីភាព​ក្នុងការ​បញ្ចេញមតិ​នេះឯង​។​

ជា​កុសល សង្គ្រាមស៊ីវិល​បាន​បញ្ចប់​ទៅ​នៅ​ដើម​ទសវត្សរ៍​៩០ ដោយមាន​ការធ្វើអន្តរាគមន៍​ពី​អង្គការសហប្រជាជាតិ ដែល​បានរៀបចំ​ឲ្យ​មានការ​បោះឆ្នោត​សេរី​ពហុ​បក្ខ​លើកដំបូង នៅ​ឆ្នាំ​១៩៩៣។ ទន្ទឹមគ្នា​នឹង​ការ​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​នោះ សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ​ក៏ត្រូវ​បាន​ស្តារឡើងវិញ ហើយ​ត្រូវបាន​ធានា​នៅក្នុង​មាត្រា​ ៣១ និង​៤១ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង​។​

តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្បង​ដែលមាន​កាសែត ទស្សនា​វ​ដ្តី វិទ្យុ ទូរទស្សន៍ និង​វិប​សាយ​ នានា សាធារណជន បាន​ចែក​រំលែក​ព័ត៌មាន សម្តែង​មតិ និង​បង្ហាញ​នូវ​ទុក្ខ​កង្វល់ ព្រមទាំង​សំណូមពរ​ផ្សេងៗ ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។​
​ ​
ជាពិសេស​ទៅទៀត​នោះ ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​មានឱកាស​បញ្ចេញមតិ និង​ចែករំលែក​ព័ត៌មាន​កាន់តែ​សកម្ម បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ជាពិសេស​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប បាន​ចូល​មកដល់​ប្រទេស​កម្ពុជា​។ ជា​រៀងរាល់ថ្ងៃ ចំនួន​អ្នកប្រើប្រាស់​ក៏​កើនឡើង ក្នុងខណៈដែល​ទូរស័ព្ទដៃ​មានតម្លៃ​កាន់តែ​ថោក ហើយ​សេវា​អ៊ី​ន​ធើណិ​ត​កាន់តែ​ដើរ​លឿន​។​

​ប្រជាពលរដ្ឋ​កម្ពុជា​លែង​នៅ​ឯកោ​ដូច​កង្កែប​ នៅក្នុង​អណ្តូង ​ដូច​មុន​ឡើយ ពោលគឺ​គេ​អាច​ទទួលបាន​ព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក​។ ប្រជាពលរដ្ឋ​កម្ពុជា បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ចែករំលែក​ព័ត៌មាន និង​បញ្ចេញមតិ រាប់​ចាប់តាំងពី​ជីវិត​ប្រចាំថ្ងៃ រហូត​បញ្ហា​សន្តិសុខ និង​នយោបាយ​។ ប៉ុន្តែ នៅពេលដែល​ពួកគេ​ចាប់ផ្តើម​បញ្ចេញមតិ​ទាក់ទង​នឹង​នយោបាយ​នេះ​ហើយ ដែល​ពួកគេ​ចាប់ផ្តើម​មាន​បញ្ហា ដោយសារតែ​ពួកគេ​ខ្វះខាត​ចំណេះដឹង​ផ្នែក​ច្បាប់ ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​ជំនាញ​ក្នុងការ​រាយការណ៍​ព័ត៌មាន​។​
​ ​
អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ខ្លះ បាន​ផ្សព្វ​ផ្សាយ​ពាក្យ​ចចាមអារ៉ាម រូបភាព​ហិង្សា រូបភាព​អាសអាភាស រូបភាព និង​ព័ត៌មាន​ដែល​ជា​ការសម្ងាត់​របស់​បុគ្គល ពាក្យ​ជេរប្រមាថ ការ​បរិហារកេរ្តិ៍ រហូតដល់​បង្ក​នូវ​កោលាហល​ផ្នែក​នយោបាយ​ទៀតផង​។ អ្វីដែល​គេ​ប្រហែលជា​មិនបាន​គិតដល់​នោះ គឺ​ការប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ឬ​យូ​ធូប​របស់​ពួកគេ​ ក្នុង​លក្ខណៈ​ជា​អវិជ្ជមាន​នេះ មិន​គ្រាន់តែ​ផ្តល់​ផល​អាក្រក់​ដល់​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ធ្វើឲ្យ​ខ្លួនគេ​ផ្ទាល់​ទទួលរង​គ្រោះ​ផ្លូវច្បាប់​ដោយ​ខ្លួនឯង​តែម្តង​។​
​ ​
សាធារណជន​ចាំបាច់​ត្រូវធ្វើ​ការពិចារណា​ជាមុន មុននឹង​ពួកគេ​ចែករំលែក​ព័ត៌មាន រូបភាព ឬ​ឃ្លី​ប​វីដេអូ​ណាមួយ​ដែល​ចម្រូងចម្រាស​ដោយ​មិនបាន​ផ្ទៀងផ្ទាត់​ការពិត​នោះ ព្រោះ​គេ​អាច​ទទួលរង​នូវ​ការចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍ ការផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​បទ​ញុះញង់ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សង្គម ដែល​ច្បាប់សារព័ត៌មាន​ហាមឃាត់។​

ទន្ទឹម​នឹង​នេះ សាធារណជន​ក៏ត្រូវ​ដឹង​ដែរ​ថា​នៅពេលដែល​ពួកគេ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ពួកគេ​កំពុងតែ​ចែកចាយ​ផលិតផល​ព័ត៌មាន​ពាក់កណ្តាល​សម្រេច ខុសពី​ផលិតផល​ព័ត៌មាន​ដែល​ផលិត​ដោយ​អ្នកសារព័ត៌មាន​អាជីព ដែល​រាយការណ៍​ព័ត៌មាន​ដែលជា​ការពិត ដោយបាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​មាន​ប្រភព​ច្បាស់លាស់​។​

ទោះបីជា​យ៉ាងណាក្តី អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក៏​កំពុង​ដើរតួនាទី​មិន​ខុសពី​អ្នកសារព័ត៌មាន​ដែរ ពោលគឺ​ពួកគេ​កំពុង​បំពេញ​តួនាទី​មួយ​ដែល​គេ​ហៅថា «​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ​»​។ ដូច្នេះ គេ​ក៏មាន​កាតព្វកិច្ច​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ ច្បាប់សារព័ត៌មាន និង​ច្បាប់​ដែល​ពាក់ព័ន្ធ​ដទៃទៀត ដូចជា​អ្នកសារព័ត៌មាន​ដែរ ដើម្បី​ឲ្យ​គេ​អាច​ផ្តល់​ផល​ជា​វិជ្ជមាន​ដល់​សង្គម និង​ខ្លួនគេ​ផ្ទាល់ នៅពេលដែល​ពួកគេ​ចែករំលែក​ព័ត៌មាន រូបភាព និង​ឃ្លី​ប​វីដេអូ​ណាមួយ​។ អាស្រ័យហេតុនេះ «​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ​» គួរ​ព្យាយាម​ស្វែងយល់ និង​សិក្សា​អំពី​ក្រមសីលធម៌ និង​ច្បាប់សារព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់ ដែល​ពួកគេ​អាច​ទាញ​យកបាន​យ៉ាង​ងាយស្រួល​ពី​ប្រព័ន្ធ​អ៊ី​នធើ​ណិ​ត ជា​ភាសា​ខ្មែរ និង​អង់គ្លេស​។​

​នៅសល់​ពេល​ប្រមាណ ​៧៣​ថ្ងៃ​ទៀត ប្រទេស​កម្ពុជា​នឹង​ប្រារព្ធ​ខួប​លើក​ទី​២៦ ​នៃ​ការ​ស្តាឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​សារព័ត៌មាន និង​សេរីភាព​បញ្ចេញមតិ ក្រោយពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ថ្ងៃ​២៣ ​ខែតុលា ​ឆ្នាំ​១៩៩១​។ សូម​ជូនពរ​ដល់​អ្នក​សារព័ត៌មាន និង​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំងអស់ ប្រកប​អាជីព និង​ប្រើប្រាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប​ របស់ខ្លួន ប្រកបដោយ​សុវត្ថិភាព និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684