BREAKING NEWS
Search

បន្ទាន់! ប្រទះឃើញ​វ៉ា​លី​ធំ​មួយ​ច្រក​សាកសព​ប្លុង​ចោល​នៅ​ក្នុង​ព្រៃ​ជាប់​ផ្លូវជាតិ​លេខ​៤

កំពង់ស្ពឺ ៖ សាកសព​បុរស​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ច្រកចូល​ក្នុង​វ៉ា​លី​ហើយ​ដឹក​តាម​រថយន្ត​យក​ទៅ​បោះចោល​នៅក្នុង​ព្រៃ​ជាប់​ផ្លូវជាតិ​លេខ​៤ ចន្លោះ គីឡូម៉ែត្រ​លេខ​១០៤-១០៥ ស្ថិតនៅ​ភូមិ ៦​ឃុំ​ត្រែង ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពឺ​។

ហេតុ​ការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​ដឹង​ដល់​ក្រុម​សមត្ថកិច្ច​នេះ បាន​កើតមានឡើង​នៅ​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០។ តាម​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និយាយថា​ មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​១​គ្រឿង មិន​ស្គាល់​ម៉ាក បាន​ឈប់​អែប​ចិញ្ចើម​ផ្លូវ បន្ទាប់មក​ឃើញ​មាន​មនុស្ស​បើកទ្វារ​ចុះ​ហើយ​លើក​វ៉ា​លី ​ពណ៌​ខ្មៅ​ មួយ​មាន​ទំហំ​ធំ បោះ​ចូល​ព្រៃ​ជាប់​ផ្លូវជាតិ​លេខ ៤ ប្រហែល ៦​ម៉ែត្រ ហើយ​បើក​ចេញទៅ​បាត់​យ៉ាង​លឿន ពេល​ឃើញ​បែប​នេះ​ប្រជាពលរដ្ឋ ពួកគាត់​មានការ​សង្ស័យ​មិន​ហ៊ាន​ទៅ​បើក​មើល​នោះ​ទេ រួច​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ពី​ប្រជាពលរដ្ឋ កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចុះទៅ​ត្រួតពិនិត្យ​កន្លែង​កើត​ហេតុ ហើយ​បាន​ទាញ​យក​វ៉ា​លី​ឡើង​មក​លើ​ពិនិត្យ ក្នុង​វ៉ា​លី​មាន​ថង់​ខ្មៅ​រុំ​សាកសព ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ មិនទាន់​ស្គាល់​អត្តសញ្ញាណ​។ សាកសព​ពាក់​អាវយឺត​ដៃ​វែង​ពណ៌​ស្រដៀង​ឈាមជ្រូក​(​ប្រឡាក់​ឈាម​មើល​មិន​ច្បាស់​ពណ៌​) និង​ស្លៀកខោ​ជើងវែង​ពណ៌​ខ្មៅ សព​មាន​សភាព​ប៉ោង​ភ្នែក។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​ធ្វើ​ការ​វេច​ខ្ចប់ សាកសព​ខាង​លើ​បញ្ជូន​ទៅ​ខាង​ជំនាញ​បច្ចេកទេស​កោសល្យ​វិច័​យ​ក្រសួងមហាផ្ទៃ​ ដើម្បី​ពិនិត្យ​និង​ស្រាវជ្រាវ​តាម​ជំនាញ៕
ស៊ុយ ចាន់​ធា

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114