BREAKING NEWS
Search

វីដេអូ ៖ បន្ទាន់! ម៉ោង១០ព្រឹក​នេះ អ្នក​ជាប់​លើ​កោះរ៉ុង​ប្រមាណ​១ពាន់នាក់ នឹង​ធ្វើ​ដំណើរ​ត្រឡប់មក​ដីគោក​វិញ​​

ព្រះសីហនុ ៖ មក​ទល់នឹង​ព្រឹក​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ជាប់​នៅលើកោះរ៉ុង​បាន​កើន​ឡើង​រហូត​ដល់១០៩២នាក់​ នេះ​បើ​តាម​ភ្នាក់ងារ​កម្ពុជាថ្មី​បាន​ឲ្យ​ដឹង។

ប្រភព​ដដែល​បាន​ឲ្យដឹង​ថា បើ​តាម​ការ​បញ្ជាក់​របស់​លោក​អភិបាល​ក្រុង​កោះរ៉ុង លោក ​នួន​ ប៊ុនថុល បាន​បញ្ជាក់​ថា បើ​មិន មាន​ការប្រែប្រួល​ទេ​នោះ នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២០ កញ្ញា នេះ ក្រុម​ភ្ញៀវទេសចរ​ណ៍​ដែល​ជាប់​នៅលើ​កោះរ៉ុង​ចំនួន​១០៩២​នាក់​នេះ រដ្ឋបាល​ក្រុង​និង​អនុញ្ញាត​ឲ្យ​ពួកគាត់​ធ្វើដំណើរ​ត្រឡប់មក​ដីគោក​វិញ​ហើយ​។

​លោក នួន ប៊ុន​ថុល បានបន្ត​ទៀតថា ក្រុម​ភ្ញៀវ​ទាំងនេះ​គាត់​និង​ឡើង​ជិះទូក​អូប័រ​របស់​ក្រុមហ៊ុន​ដែល​គាត់​បាន​ទិញ​សំបុត្រ​មកវិញ​(​ទិញ​ទាំង​ទៅ​និង​មក​)​។

គួររំលឹក​ថា កាល​ពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ជាប់​លើ​កោះរ៉ុងជិត​១០០០​នាក់។ អ្នកទាំងនោះ​​ត្រូវ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ក្រុងព្រះសីហនុ​វិញ ប៉ុន្តែមិន​អាច​មក​បាន​ដោយសារកត្តាអាកាសធាតុ។

របាយ​ការ​ណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុងចំណោម​ក្រុម​ភ្ញៀវ​ មាន​ស្រី​ចំនួន​៤២៥​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​៥៣៨​នាក់ ស្រី​២៥០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​៤២៣​នាក់​និង​ស្រី​១៧៥​នាក់។

ក្រុម​ភ្ញៀវ​ដែល​ជាប់​លើ​កោះ​រ៉ុង ហើយ​ត្រូវធ្វើ​ដំណើរ​មកកាន់​ដី​កោះ​ក្រុងព្រះសីហនុ​វិញ​នេះ មាន​ចំនួន​៥​គោលដៅ ១-​ផែ​ព្រែក​ស្វាយ មាន​មនុស្ស​សរុប​ចំនួន​៥៣​នាក់ ស្រី​២៣​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន​៤០​នាក់ ស្រី​១៩​នាក់​។ ២-​ផែ​ឡុង​សិត មាន​មនុស្ស​សរុប​ចំនួន​៤៣៦​នាក់ ស្រី​១៨៧​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន​២១៨​នាក់ ស្រី​៩៧​នាក់​។ ៣-​ផែ​កោះ​តូច មាន​មនុស្ស​សរុប​ចំនួន​២៨៦​នាក់ ស្រី​១៣៥​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន​១៥៩​នាក់ ស្រី​៨២​នាក់​។ ៤-​ផែ​កោះរ៉ុង​សន្លឹម​(០១)​សា​រ៉ា​សិន​បេ មាន​មនុស្ស​សរុប​ចំនួន​១៧៣​នាក់ ស្រី​៧៥​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន​១០៨​នាក់ ស្រី​៤៧​នាក់​។ ៥-​ផែ​កោះរ៉ុង​សន្លឹម​(២៣) មាន​មនុស្ស​សរុប​ចំនួន​១៣​នាក់ ស្រី​០៥​នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ​ចំនួន​១៣​នាក់ ស្រី​០៥​នាក់​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​៣​ថ្ងៃនេះ ចាប់​ថ្ងៃ ១៧-១៨-១៩ ខេត្ត​ព្រះសីហនុ​មេឃ​បាន​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ផង​នោះ ស្ថានភាព​អាកាសធាតុ​អាប់អួរ​បែបនេះ​បង្ក​ឲ្យ​មាន​រលក​សមុទ្រ​ទឹក​មាន​កម្ពស់​ខ្ពស់ ហើយ​នៅ​លើ​ដីគោក​និង​នៅ​លើ​ផ្ទៃសមុទ្រ​មេឃ​ពោរពេញ​ដោយ​ល្បាយ​ទឹកភ្លៀង​។ ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ទូក​ដឹក​ភ្ញៀវទេសចរ​ណ៍​ជាច្រើន​ក្រុមហ៊ុន​ត្រូវបាន​ផ្អាក​ការធ្វើដំណើរ​ផងដែរ៕
​ស៊ុយ ចាន់​ធា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114