ព័ត៍មានទាន់​ហេតុការណ៏
Search

បន្ទាប់​ពី​ជក់​ចិត្ត​​ហ្វូង​សត្វស្លាប​រាប់​ម៉ឺន​ក្បាល ​​​​អភិបាល​ខេត្ត​បន្ទាយ​មាន​​ជ័យ​​​អំពាវ​ឱ្យ​ពល​រដ្ឋ​អភិរក្ស​

បន្ទាយ​មានជ័យ៖ ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុំ រាត្រី ​និង​លោក​ជំទាវ​​បាន​អញ្ជើញ​​ទៅ​ទស្សនា​ហ្វូង​សត្វ​ស្លាប​ចម្រុះ​រាប់​ម៉ឺន​ក្បាល ​​ដែល​បាន​បង្ហាញ​​ខ្លួន​​​នៅ​ខាង​ជើង​ភ្នំ​បន្ទាយ​នាង ​ក្នុង​ភូមិ ​ចម្ការ​​តា​ដោក​ ​ឃុំ​ឫស្សី​ក្រោក​ ស្រុក​មង្គល​បូរី ​ខេត្ត​បន្ទាយ​មាន​ជ័យ។

ក្រោយ​ទស្សនា​រួច​​ លោក​​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​មេត្តា​ចូល​រួម​​ ថែ​រក្សា ​ការពារ ​និង​អភិរក្ស​ហ្វូង​សត្វ​ស្លាប​គោក​ និង​សត្វ​ស្លាប​ទឹក​ចម្រុះ​រាប់​ម៉ឺន​​ក្បាល​ដែល​កំពុង​មាន​វត្ត​មាន​នៅ​ភូមិ​សាស្ត្រ​ខាងលើ​ ដើម្បី​​​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​ទៅ​ទស្សនា​ និង​បាន​ផ្ដល់​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​នៅ​​តំបន់​​នោះ​​ទៀត​ផង​។​

ហ្វូង​សត្វ​ស្លាប​គោក​ និង​សត្វ​ស្លាប​ទឹក​ចម្រុះ​រាប់​ម៉ឺន​ក្បាល​ទាំង​នេះ​ បាន​មក​ទំ​ស្នាក់​នៅ​ពេល​យប់​ដ៏​សុខសាន្ត​នៅ​ចម្ការ​ លោក ឈុន ​លី​ ក្បែរ​ភ្នំ​បន្ទាយ​នាង​នា​ព្រំ​ប្រទល់​ឃុំ​បន្ទាយ​នាង​និង​ឃុំ​ឫស្សី​ក្រោក ​ស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​រយៈពេល​ជិត​២​ខែ​មក​ហើយ​ក្នុង​រដូវ​រំហើយ​ឆ្នាំ​២០១៩នេះ​ ដោយ​ម៉ោង៤និង​៣០​ ទៅ៦និង៣០​នាទី​ រៀង​រាល់​ល្ងាច​តែង​ហោះ​ហើរ​ទាំង​ហ្វូង​។​

ដើម្បី​រក្សា​បាន​ការ​អភិរក្ស​សត្វ​ទាំង​អស់នេះ​ កាលពីរសៀលថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​លោក ​អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ និង​លោក​ជំទាវ​រួម​ជាមួយ​ លោក​នាយ​ខណ្ឌ​​រដ្ឋបាល​ព្រៃ​ឈើ ​មន្ទីរ​ជំនាញ ​អាជ្ញាធរ​ដែន​ដី​ ​និង​បង​ប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​មក​ពី​គ្រប់​ទិស​ទី​ បាន​ទៅ​ទស្សនា​សត្វ បក្សី​ ​ជា​ច្រើន​ដូច​ជា​ កុក ​ក្រៀល ​ក្រសារ​ និង​​ក្អែកទឹក​ជា​ដើម។

ក្នុង​នោះ​លោក​សង្កេត​ឃើញ​ថា​វត្ត​មាន​នៃ​សត្វ​ស្លាប​ទាំង​អស់​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ​ទទួល​បាន​ចំណូល​បន្ថែម​ពី​ការ​ធ្វើ​ស្រែ​ចម្ការ​តាមរយៈ​ការ​លក់​របស់​ហូប​ដល់​ភ្ញៀវ​ ដែល​មក​ទស្សនា​។លោក​សង្ឃឹម​ថា​ទៅ​ថ្ងៃ​មុខ​ភ្ញៀវ​ទេសចរ​ នឹង​មក​កាន់​តែ​ច្រើន​បើ​សត្វ​​ស្លាប​ទាំង​នេះ​នៅ​តែ​វត្តមាន​នៅ​មូលដ្ឋាន​នេះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114