បន្លំខ្លួនជាជាងត ប្រព័ន្ធGPS រថយន្ដ ពេលម្ចាស់រថយន្ដកំពុងតែរវល់រកស៉ី ជនសង្ស័យឃើញឱកាសល្អ បើករត់គេចខ្លួនបាត់

ភ្នំពេញ៖ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មានករណីចោរលួចរថយន្ដមួយគ្រឿង ម៉ាក Lexus NX200T ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AY-6695 ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈជនសង្ស័យប្រើរូបភាពជាជាងតប្រព័ន្ធGPS រថយន្ដ ហើយ​ម្ចាស់រថយន្ដកំពុងតែរវល់ ជនសង្ស័យឃើញឱកាសល្អ បើករត់គេចខ្លួនបាត់ ។

តាមប្រភពព័ត៍មានពីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បានបន្លំខ្លួនថា ជាជាងតប្រព័ន្ធGPS រថយន្ដ ដោយប្រាប់ជារងគ្រោះថា ខាងក្រុមហ៊ុនឲ្យមកឆែកមើល ពេលនោះម្ចាស់រថយន្ដក៏អនុញ្ញាតឲ្យចូលដើម្បីពិនិត្យ ។ ដោយសារតែកំពុងរវល់រកស៊ី ជនរងគ្រោះបានទុកឲ្យជនសង្ស័យនៅពិនិត្យ ភ្លាមនោះជនសង្ស័យឃើញឱកាសល្អ ក៏ឡើងបើករថយន្ដគេចខ្លួនបាត់តែម្ដង ។

ក្រោយកើតហេតុ ពេលដឹងថារថយន្តត្រូវចោរលួចយកទៅបាត់នោះ ជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសុំឲ្យសមត្ថកិច្ចជួយធ្វើអន្ដរាគមន៍តាមចាប់ជនសង្ស័យរូបនោះ យកមកដាក់ទោសតាមច្បាប់ ។ ចុងក្រោយជនរងគ្រោះ សំណូមពរឲ្យប្រជាពលរដ្ឋសាធារណៈជនទាំងអស់ បើប្រទះឃើញរថយន្ដដែលមានភិនភាគដូចរៀបរាប់ខាងលើ សូមទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចនៅក្បែរនោះ ដើម្បីជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ៕