ព័ត៍មានទាន់​ហេតុការណ៏
Search

បម្រែបម្រួល​អាកាសធាតុ ​និង​អំពើពុករលួយ ​ត្រូវបាន​ស្តីបន្ទោស​ចំពោះ​គ្រោះទឹកជំនន់​ដ៏​បំផ្លិចបំផ្លាញ​ក្នុង​ទីក្រុង Venice

ភាគច្រើន​នៃ​ទីក្រុង Venice ត្រូវ​លិច​ទឹក​កាលពី​យប់​ថ្ងៃ​ពុធ​បន្ទាប់ពី​កម្ពស់​ទឹក​ខ្ពស់បំផុត​ក្នុង​រយៈពេល​៥០​ឆ្នាំ​បាន​ហូរ​កាត់​ទីក្រុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អ៊ីតាលី​មួយ​នេះ​ខណៈ​ភ្ញៀវទេសចរ​ត្រូវ​ភៀសខ្លួន​ដោយសារតែ​ទឹក​ឡើង​យ៉ាង​លឿន​។​

រដ្ឋាភិបាល​ក្នុង​ទីក្រុង​រ៉ូម​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រកាស​ដាក់​ច្បាប់​ក្នុង​គ្រាអាសន្ន​នៅឯ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី Giuseppe Conte ចាត់ទុក​ទឹកជំនន់​នេះ​ថា​ជា ការប៉ះទង្គិច​មួយ​ដល់​បេះដូង​នៃ​ប្រទេស​របស់លោក​។​

ក្រុមមន្ត្រី​បាន​ស្តីបន្ទោស​ទៅលើ​ការផ្លាស់ប្តូរ​អាកាសធាតុ​ខណៈពេលដែល​ម្ចាស់​ហាង​នានា​នៅតាម​បណ្តោយ​ព្រែកជីក Grand Canal បាន​បញ្ចេញ​កំហឹង​ប្រឆាំងនឹង​អ្នក​ដែល​មិនបាន​ការពារ​ទីក្រុង​ដែល​ចុះ​ក្នុង​បញ្ជី​អង្គការ​យូណេស្កូ​មួយ​នេះ​ពី​ជំនោរ​ខ្ពស់​។​

ពួកគេ​បាន​និយាយថា អំពើពុករលួយ​បាន​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត​នៃ​ការសាងសង់​ប្រព័ន្ធ​ការពារ​របាំង​ដែល​អាច​រារាំង​គ្រោះមហន្តរាយ​ដូចនេះ​។​
​លោក Luigi Brugnaro អភិបាលក្រុង Venice បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ជាតិ RAI ថា “​ទីក្រុង​នេះ​កំពុង​លិច​។ មានការ​បំផ្លិចបំផ្លាញ​យ៉ាង​ធំធេង​”​។​

ច្បាប់​រដ្ឋ​ក្នុង​គ្រាអាសន្ន​សម្រាប់​គ្រោះមហន្តរាយធម្មជាតិ​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ប្រើ “​អំណាច​និង​មធ្យោបាយ​ពិសេស​” ដើម្បី​ធ្វើ​អន្តរាគមន៍​ឲ្យ​បាន​លឿន​ជាង​មុន​ហើយ​លោក Conte បាន​និយាយថា រដ្ឋាភិបាល​របស់លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​បែងចែក​មូលនិធិ​។​

ទីលាន St Mark មាន​ភាពស្ងប់ស្ងាត់​នៅ​ល្ងាច​ថ្ងៃ​ពុធ​ដោយមាន​ភ្ញៀវទេសចរ​តិចតួច​ប៉ុណ្ណោះ​ដែល​ដើរលេង​តាម​ទីធ្លា​ស្ងួត​ប៉ុន្តែ​កន្លែង​ខ្លះ​មាន​ភក់​តិចៗ​។​

ទឹក​កខ្វក់​បាន​ដក់​ជុំវិញ​ផ្នូរ​ថ្ម​ម៉ាប​នៅ​ខាងក្នុង​ព្រះវិហារ St Mark’s Basilica សតវត្សរ៍​ទី​១២​ដែល​ទទួលរង​ការខូចខាត​យ៉ាងខ្លាំង​នៅពេល​ជំនោរ​ខ្ពស់​មិន​ធ្លាប់មាន​ពីមុនមក​បាន​វាយប្រហារ​ទីក្រុង​នេះ​។​

លោកតា​អាយុ​៧៨​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​នៅពេល​ទឹក​ចូល​ក្នុងផ្ទះ​របស់គាត់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114