បារាំង​,​បណ្តា​ប្រទេស​តំបន់ Sahel ប្តេជ្ញា​បង្កើន​ការ​វាយ​ប្រយុទ្ធប្រឆាំង​ក្រុម​ជី​ហាដ

ប្រទេស​បារាំង​ព្រមទាំង​ប្រទេស​ជា​ដៃគូ​ចំនួន​៥​ទៀត នៅក្នុង​តំបន់ Sahel នៃ​ទ្វីបអាហ្វ្រិក​ខាងលិច​បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​ចន្ទ​ថា នឹង​បង្កើន​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ប្រឆាំងនឹង​ក្រុម​ជី​ហា​ដដែល​ទើប​បះបោរ​ដោយមាន​បាត់បង់​ជីវិត​មនុស្ស​។ ខណៈនោះ​ដែរ ក៏​កំពុងតែ​ជំរុញ​សហរដ្ឋ​អា​េ​ម​រិ​ក​សូម​ឲ្យ​រក្សាទុក​កងទ័ព​ដែល​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​នៅក្នុង​តំបន់​។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ព្រមទាំង​មេដឹកនាំ​នៃ​ប្រទេស​ម៉ាលី បួរ​គី​ណា​ហ្វា​សូ នី​ហ្សេ​រ ម៉ូ​រីតា​នី និង​ប្រទេស​ឆាដ បាន​លើក​សរសើរ​ចំពោះ​ការគាំទ្រ​ដ៏​សំខាន់​របស់​សហរដ្ឋ​អាមេ​រិ​ក បន្ទាប់ពី​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​អា​មេ​រិ​ក បាន​អះអាងថា មន្ទីរ​ប៉ង់​តា​ហ្គោ​ន​កំពុងតែ​ថ្លឹងថ្លែង​ពី​ការដក​កងទ័ព ដ៏​គំហុក​មួយ​នៅក្នុង​ទ្វីបអាហ្វ្រិក​។

លោក Macron បាន​ថ្លែង​បន្ទាប់ពី​មាន​ជំនួប​ប្រជុំ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ប្រព្រឹត្តទៅ​នៅ​ក្នុង Pau ភាគ​និរតី​ប្រទេស​បារាំង​ថា ប្រសិនបើ​អា​មេ​រិ​ក​សម្រេចចិត្ត​ចាក​ចេញពី​ទ្វីប​អាហ្វ្រិក​ទៅនោះ​វា​អាចជា​ដំណឹង​ដ៏​អាក្រក់​ហើយ​សម្រាប់​យើង​។

លោក​បាន​និយាយ​ថា នឹង​បញ្ជូន​ទាហាន​២២០​នាក់​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ទៅលើ​ប្រតិបត្តិការ Barkhane Operation របស់​បារាំង​ដែល​កំពុងមាន​ទាហាន​៤.៥០០​នាក់​រួច​ទៅហើយនោះ៕
អា​.​អេ​ហ្វ​.​ប៉េ
​ស​.​ប​.​ឆ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114