បាល់ទាត់​កម្ពុជា អាច​ត្រលប់​មក​ប្រកួត​នៅ​ខែក្រោយ បន្ទាប់ពី​ក្រសួងសុខាភិបាល អនុញ្ញាត​ឲ្យ​ដំណើរការ​វិស័យ​កីឡា​ឡើងវិញ​

​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​ស្ដីពី​ការ​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​វិស័យ​កីឡា​ជា​ជំហានៗ បន្ទាប់ពី​ទទួល​បាន​នូវ​អនុសាសន៍​ណែនាំ​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ចំណារ​ឯកភាព​ផងដែរ​នោះ បាន​ឲ្យ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ពិនិត្យ​ពិភាក្សា ដើម្បី​អនុញ្ញាត​ឲ្យ​ដំណើរការ​វិស័យ​កីឡា កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​ដដែល​។

​យោង​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​សង្កត់ធ្ងន់​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​កីឡាបាល់ទាត់​ផង​ដែរ​នោះ បាន​បញ្ជាក់​ថា ហានិភ័យ​នៃ​ការ​ឆ្លង​ គឺ​មាន​ទាប​បើ​ធៀប​ទៅ​នឹង​ការ​ហាម​ប្រាម​ ដែល​កំពុង​ស្ថិតនៅ​ជា​ធរមាន​។ ចំពោះ​សេចក្ដីប្រកាស​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​កីឡា​នានា គឺ​អាច​បើក​ដំណើរការ​ហ្វឹកហាត់ និង​លេង​វិញ​បាន​ហើយ ប៉ុន្តែ​ត្រូវ​ស្ថិត​ក្រោម​លក្ខខណ្ឌ​ចំនួន ៤ ដែល​រួមមាន អនុញ្ញាត​ឲ្យ​បើក​ការប្រកួត​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ ដោយ​មិន​មាន​អ្នកទស្សនា​ដែល​មាន​តែ​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​ក្នុង​ចំនួន​មិន​ឲ្យ​លើស ១០០​នាក់ ក្រោម​ការគ្រប់គ្រង​ទទួលខុសត្រូវ​យ៉ាង​ម៉ត់ចត់​ពី​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ និង​អនុវត្ត​អនាម័យ​តាម​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល ការអនុញ្ញាត​នេះ នឹង​ចាប់​អនុវត្ត​ជា​បណ្ដើរៗ​ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០២០ តទៅ​។ ទី​២ អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្រុម​កីឡា​ជម្រើស​ជាតិ​ឡើងវិញ ក្រោម​ការគ្រប់គ្រង​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​ តាម​វិធាន​ការពារ​កុំ​ឲ្យ​មានការ​ចម្លង​វីរុស​កូ​វីដ​-១៩ និង​ការពារ​រលក​ទី​២​នៃ​ការ​ចម្លង​វីរុស​នេះ របស់​ក្រសួងសុខាភិបាល​។ ទី​៣ មុននឹង​បើក​ឲ្យ​ដំណើរការ ​ត្រូវ​មាន​ការចាត់ចែង​រៀបចំ​ជាមុន​នូវ​វិធានការ​ការពារ​ដូចជា​៖ ការអនុវត្ត ការ​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ដោយ​ប្រើ​ទឹក​ស្អាត និង​សាប៊ូ ឬ​ទឹក​អាកុល ឬ​ទឹក​ជែ​ល​សម្រាប់​លាងដៃ ការប្រើប្រាស់​ម៉ាស (​ក្នុង​ករណី​ចាំបាច់​) ឬ​កន្សែង ឬ​ក្រ​ម៉ា ឬ​ក្រដាស​ជូត​មាត់ ដើម្បី​ខ្ទប់​មាត់​ច្រមុះ រាល់ពេល​ក្អក​កណ្ដាស់ (​រួច​ត្រូវ​បោះចោល​ក្នុង​ធុង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​) ការអនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល ជាដើម​។ ទី​៤ ត្រូវ​ធានា ទី​កន្លែង​ដែល​បើក​ដំណើរការ​កីឡា​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​នេះ មានការ​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩ បាន​ត្រឹមត្រូវ និង​ហ្មត់ចត់ និង​មាន​អ្នកត្រួតពិនិត្យ​ត្រឹមត្រូវ​ហើយ​មិន​ត្រូវ​ធ្វើ​ឲ្យ​កន្លែង​ធ្វើ​សកម្មភាព​កីឡា​របស់​ខ្លួន ក្លាយទៅជា​កន្លែង​រាតត្បាត​ជំងឺ​កូ​វីដ​​-១៩ នោះ​ឡើយ​។

​គួរ​ដឹង​ដែរ​ថា សកម្មភាព​កីឡាបាល់ទាត់​នៅ​កម្ពុជា បាន​ផ្អាក​តាំងពី​ចុងខែ​មីនា បន្ទាប់ពី​ការ​រីក​រា​ត​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​កើន​ឡើង​នៅ​កម្ពុជា មុននឹង​ប្រមាណ​ជាង ១​ខែ​មកនេះ​ពុំ​មាន​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​​-១៩ ទើបតែ​កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​ឧសភា មាន ១​ករណី​ថ្មី និង​ជា​ការ​នាំចូល​៕

សូមចុចអាន៖​ កីឡាករ adrian mariappa របស់​ក្លិប watford​ភ្ញាក់ផ្អើល​នឹង​ការធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ covid-19