បុគ្គលិក​ធនាគារ​ម្នាក់ ប្រមូល​លុយ​​២០​លាន​រៀល​ ទៅ​លេង​ល្បែង​​​ចាញ់​អស់​ ត្រូវ​ជាប់​ខ្នោះ

កណ្ដាល ​៖ ​បុគ្គលិក​ធនាគារ​​ម្នាក់ ​បន្ទាប់ពី​ដើរ​ប្រមូល​លុយ​ពី​អតិថិជន​ បាន​ចំនួន​២០​លាន​រៀល​ មិន​យក​មក​ប្រគល់​ជូន​អង្គភាព​របស់​ខ្លួន​ បែរ​ជា​យក​ទៅលេង​ល្បែងភ្នាល់​ តាម​អន​ឡាញ​ចាញ់​អស់ ​​​​​ ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ចាប់​ខ្លួន ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ទាំង​យប់។

ករណី​ចាប់ខ្លួន​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ស្ថិត​ក្នុង​ភូមិ​ប្រប​វត្ត ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

មន្ដ្រី​នគរបាល​ស្រុក​អង្គស្នួល​ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ វី​រះ ឆៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ផ្នែក​ប្រមូល​ប្រាក់​ ស្នាក់នៅ​ភូមិ​ប្រប​វត្ត ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ចំណែក​ ជនរងគ្រោះ​ឈ្មោះ ទន់ ករុណា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ភូមិ​ត្រពាំង​ភូមិ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល។ ដោយឡែក​ទ្រព្យសម្បត្តិ​បាត់បង់​មាន​ ប្រាក់​រៀល​ចំនួន​២០​លាន​រៀល។

​ប្រភព​ដដែល​បន្ដ​ថា ជនសង្ស័យ​គឺ ជា​បុគ្គលិក​ធនាគារ​ផ្នែក​ប្រមូល​ប្រាក់​ពី​អតិថិជន ​ហើយ​កន្លងមក ជនសង្ស័យ​តែង​យក​ប្រាក់​ដែល​ប្រមូល​ពី​អតិថិជន​​ យក​ទៅ​ឲ្យ​ក្រុមហ៊ុន​ដូច​រាល់ដង។​ លុះ​មកដល់​ថ្ងៃ​ទី​២៤ ខែ​កុ​ម្ភៈ ឆ្នាំ​២០២០ ជនសង្ស័យ​បាន​ប្រមូល​ប្រាក់​ពី​អតិថិជន​បាន​២០​លាន​រៀល​ហើយ ​មិន​យក​ទៅ​ឲ្យ​ជនរងគ្រោះ​ ដែល​ជា​តំណាង​ក្រុមហ៊ុន​ទេ រហូតមកដល់​ថ្ងៃ​ទី​២៦ ខែ​ឆ្នាំ​ដដែល ជនរងគ្រោះ​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​ទៅ​ឲ្យ​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ចាត់ការ​តាមច្បាប់។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​សារ​ភាព​ថា ខ្លួន​បាន​ប្រមូល​យក​លុយ​ពី​អតិថិជន​បាន​២០​លាន​រៀល ហើយ​ខ្លួន​បាន​យក​លុយ​នោះ​ទៅ​លេង​ល្បែង​អន​ឡាញ​ចាញ់​អស់​គ្មាន​សល់។​

បច្ចុប្បន្ន ជនសង្ស័យ ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ជំនាញ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ៖ វិទូ​