បុរសខ្មែរអ៊ីស្លាមម្នាក់ នៅស្រុកស្អាង ខេត្តកណ្តាល ដែលបានឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ ត្រលប់ទៅផ្ទះវិញ

ខេត្តកណ្ដាល៖ បុរសខ្មែរអ៊ីស្លាមម្នាក់ នៅស្រុកស្អាង ខេត្តកណ្តាល ដែលបានឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ ត្រលប់ទៅផ្ទះវិញកាលពីថ្ងៃទី៥ ខែមេសា​។​ នេះបើតាម​ការចចេញ​ផ្សាយ​លើ​ទំព័រហ្វេសបុក​ផ្លូវការរដ្ឋបាលខេត្តកណ្តាល​។

លោក គង់ សោភ័ណ្ឌ បានសម្ដែងនូវការស្បាយរីករាយ ចំពោះលោក ទូ ទ្រឹះ ដែលបានជាសះស្បើយ និងបានពាំនាំការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេរ តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

លោកបានផ្តាំផ្ញើ ពេលលោក ទូ ទ្រឹះ ពេលវិលត្រឡប់ទៅដល់លំនៅដ្ឋានវិញ សូមបន្តអនុវត្តនូវការណែនាំរបស់ក្រុមគ្រូពេទ្យឲ្យបានហ្មត់ចត់នូវការថែទាំខ្លួនឯង ដោយការហាត់ប្រាណ ការរក្សានូវអនាម័យខ្លួនប្រាណ និងសូមជួយផ្សព្វផ្សាយបន្តនូវសាររបស់ក្រសួងសុខាភិបាល ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផង ។

លោក ទូ ទ្រឹះ បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ពិនិត្យ និងព្យាបាលជូនលោក ព្រមទាំងលោក​អភិបាលខេត្តកណ្ដាល ពិសេសសម្ដេចតេជោនាយយករដ្ឋមន្ត្រី ដែលបានខិតខំយកចិត្តទុកដាក់ ដោយមិនរើសអើង ឬប្រកាន់អ្វីឡើយ។ លោកបានអំណាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ រក្សាអនាម័យជាប្រចាំ ពិសេសត្រូវអនុវត្តអោយបាន តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ហើយក្នុងករណីមានការសង្ស័យត្រូវរកមណ្ឌលសុខភាពអោយបានត្រឹមត្រូវជៀសវាងចម្លងដល់ក្រុមគ្រួសារ និងអ្នកជិតខាង។