BREAKING NEWS
Search

បុរសម្នាក់​សង្ស័យ​ថា សុំស្នេហ៍ម្ចាស់ហាង​មិន​បា​ន ​​​​ដក​កាំភ្លើងខ្លីគំរាម​បាញ់ភ្ញៀវរត់ជាន់​ជើង​គ្នា ​

បុរស​ម្នាក់​បាន​​​​ដក​កាំភ្លើងខ្លីគំរាម​បាញ់ ​នៅ​កន្លែង​ហាង​ផឹក​ស៊ី​មួយ​កន្លែងយីហោ “វិមាន​ព្រិល” ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ១៦៣ សង្កា​ត់​ទួល​ទំពូង​ទី​១ ខណ្ឌ បណ្ដាល​ឲ្យ​ភ្ញៀវ​ផឹកស៊ីរត់​ចែក​ជើង​គ្នា ។ ហេតុការណ៍​នេះ បាន​បង្កឱ្យមានការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ​ពុធ ទី​១២ ខែសីហា ឆ្នាំ​២០២០។

បុរស​រូបនោះ​មាន​​​ឈ្មោះ ជិន សាមឺឌី ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) បាន​ជិះ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ នគរបាល 2.7119 បាន​ចូលទៅ​ហាង​ផឹកស៊ី ដែលមាន​យីហោ វិមាន​ព្រិល និងត្រូវ​បាន​សង្ស័យ​ថា សុំស្នេហ៍ម្ចាស់​ហាងមិន​បាន ​បង្ក​ឱ្យ​បុរស​នោះមាន​ភាពអាម៉ាស់ និង​ខឹងសម្បាយ៉ាងខ្លាំង ហើយក៏​ស្រាប់តែ​ផ្ទុះ​ហិង្សាជាមួយ​ម្ចាស់​ហាង មួយ​ប្រាវ រួច​ក៏​បើករថយន្តចេញ​បាត់ទៅ។

មួយសន្ទុះ​ក្រោយមក ស្រាប់តែ​បើករថយន្តមកហាង​វិញ បាន​ដក​កាំភ្លើងគំរាម​បាញ់ ត្រូវបាន​ម្ចាស់​ហាង រាយការណ៍​ទៅ​កងកម្លាំង​នគរបាល និង​អាវុធហត្ថ​ចំការមន ឱ្យជួយ​ធ្វើ​អន្តរាគមន៍​។ កងកម្លាំង​មាន​សមត្ថកិច្ច បាន​ចុះ​ទៅដល់​កន្លែង​ភ្លាមៗ តែ​ជនបង្កបាន​ឡើង​រថយន្ត បើក​គេចចេញ ពី​កន្លែងកើតហេតុ ហើយក៏​ត្រូវបាន​សមត្ថ​កិច្ចដេញតាម​ពីក្រោយ រហូតដល់​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ទើប​ឃាត់​រថយន្ត និង​បុរស​ម្នាក់ ដែលជា​ខ្មាន់កាំភ្លើង​នោះបាន ហើយ​ក៏បាន​នាំខ្លួនមកកាន់​អធិការដ្ឋានខណ្ឌចំការមន​វិញ​។

ឧ​ត្ត​ម​សេនីយ៍ខាងលើ ត្រូវបាន​សមត្ថកិច្ច នាំមក​សាកសួរ​បន្ថែម ចំណែក​​ស្ត្រី​ម្នាក់ ជា​ម្ចាស់​ហាងខាងលើ ត្រូវបាន​សមត្ថកិច្ច ហៅ​​មកកាន់​អធិការដ្ឋាន ខណ្ឌចំការមន ដើម្បី​សាកសួរពី​មូលហេតុ និង​ចាត់ការតាមផ្លូវ​ច្បាប់។

អត្ថបទ៖ជលសា

ចុចអាន៖ ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ម្នាក់ រួម​នឹង​អាវុធ​ខ្លី​ខុសច្បាប់​១​ដើម​ផង​