បុរស២នាក់​ឆ្លង​ចរន្ត​អគ្គិសនី​ពេល​កំពុង​ផ្សារ​ដែក​បណ្ដាលឲ្យ​ស្លាប់​ម្នាក់ និង ​ម្នាក់ទៀត​របួសធ្ងន់

បន្ទាយមានជ័យ ៖ ជាង​ផ្សារ​ដែក​២​នាក់​ ម្នាក់​ស្លាប់​ភ្លាម​ និង​ម្នាក់​ទៀត​ត្រូវ​គេ​ជួយ​ទាន់​ពេល​រួចផុតជីវិត​ដោយសារតែ​ផ្សារ​ដែក​ធ្វើ​របង​ឆ្លង​ចរន្ត​អគ្គីសនី។

ហេតុការណ៍​នេះ កើត​ឡើង​នៅ​ម៉ោង​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃទី​២៦​ខែមីនា ឆ្នាំ​២០២០​ក្នុងភូមិ​ប្រឡាយ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។ ​នគរបាល​មូលដ្ឋាន​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ធាន ធាង ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ថាប់ ចំប៉ា​រ័ត្ន អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ប្រឡាយ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

នគរបាល​មូលដ្ឋាន​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ បាន​ទៅ​ផ្សារ​សំណាញ់​ដែក​ជាមួយ​ឈ្មោះ​មាស ថន ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ធ្វើ​ផ្ទះ​ឲ្យ​របស់​ឈ្មោះ​សោម សា​វ័​ន្ត ភេទ​ស្រី​អាយុ ៤៧​ឆ្នាំ នៅ​ភូមិ​ប្រឡាយ​ហ្លួង ឃុំ​ឫស្សី​ក្រោក នៅពេល​ដំណើរការ​ផ្សារ​នោះ​ឈ្មោះ​មាស ថន បាន​ឡើងលើ​ជញ្ជាំង​ទៅ​ផ្សារ​សំណាញ់​ដែក ចំណែក​ជនរងគ្រោះ​ឈ្មោះ​ធាន ធាង បាន​ទៅ​ដោត​ព្រី​ភ្លើង​ហើយ​ឡើង​តោង​ជញ្ជាំង​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​នឹង​ដែក បណ្តាល​ឲ្យ​ឈ្មោះ​មាស ថន​ ឡើង​ផ្សារ​មុន​ឆក់​ធ្លាក់​មក​ដី​ផុត​ពី​គ្រោះថ្នាក់​ ចំណែក ឈ្មោះ ធាន ធាង ឆក់​ជាប់​នឹង​ដែក​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។

ក្រោយពី​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋា​បាល​ឫស្សី​ក្រោក បាន​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​ថ្នាក់លើ​។​ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​បាន​នគរបាល​ប្រគល់​ជូន​ក្រុមគ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕
គង្គា

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114