បុរស​ម្នាក់​រត់​រ៉ឺម៉កកង់​បី​មិនសូវ​កាក់កប រ​កស៊ី​គ្រឿងញៀន​បន្ថែម​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន

ខេត្ត​បន្ទាយមានជ័យ៖ បុរស​ម្នាក់​រត់​រ៉ឺម៉កកង់​បី​មិនសូវ​កាក់កប រ​កស៊ី​គ្រឿងញៀន​បន្ថែម​ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​១​នាក់​នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​លោក វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រ​ជា​ពលរដ្ឋ​បាន​ប្រាប់​ថា​មាន​ជនសង្ស័យ​ម្នាក់​លួច​ជួញដូរ​គ្រឿងញៀន​លោក​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១​នាក់​ឈ្មោះ លី ញ៉ា​ញ់ ភេទ ប្រុស អាយុ ៣២​ឆ្នាំ ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​ដកហូត​វត្ថុ​តាង​រួមមាន​គ្រឿងញៀន​ចំនួន​១៣​កញ្ចប់ ស្មើ​១៤.៥៦​ក្រាម ក្នុង​នោះ មេ​តំ​ហ្វេ​តា​មីន​ទឹកកក ១២​កញ្ចប់ ស្មើ​១៤.៤១ ក្រាម មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១​កញ្ចាប់​១០​គ្រាប់ ស្មើ​១.១៥​ក្រាម ផស​ស្អាប់​ពណ៌​លឿង ១​គ្រឿង​និង​ឧបករណ៍​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ហើយ​បាន​បញ្ជូន​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់​ការ​បន្ត​។​

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេ​បញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​បទ​ការងារ​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ដោយបាន​ទទួលបាន​ប​ទ​បញ្ជា​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ធ្វើការ​សាកសួរ​ចម្លើយ​ហើយ​ផ្អែកលើ​វត្ថុតាង និង​ចម្លើយ​សារភាពរ​បស់ជនស​ង្ស័​យ គឺ​មាន​ភាព​ស៊ីសង្វាក់​គ្នា​នៃ​បទល្មើស ដូច្នេះ ជនសង្ស័យ​អាច​ចោទប្រកាន់​ពីបទ ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​៕​


អត្ថបទ៖ គង្គា​