បុរស​ម្នាក់​សម្លាប់​ឪពុក​បង្កើត​ គ្រាន់​តែ​រឿង​មិន​ទទួល​ទូរសព្ទ​

បន្ទាយមានជ័យ ៖ បុរស​ដែល​បានសម្លាប់​ឪពុក​ឯង​គ្រាន់​តែ​រឿង​មិន​ទទួល​ទូរសព្ទ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​ហើយ នៅ​រសៀល ថ្ងៃទី២២ ​ខែឧសភា​ ឆ្នាំ២០២០។

តាម​លោក​ឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ដោយ​បាន​ពី​ទទួល​បទបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​ លោក​បាន​ដឹកនាំ​លោក​វរ​សេនី​យ៍​ឯក សៅ សារឿន អធិការនគរបាល​ស្រុក​ថ្មពួក លោក​វរ​សេនី​យ៏​ឯក ជា ឆ្លូញ អធិការ​នគរ​ស្រុក​ស្រុក​ស្វាយចេក ​លោកវរ​សេនី​យ៍​ឯក មាស ឬ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ ​លោក​វរសេនីយ៍ឯក យ៉​ត សុផល អធិការ​នគរ​បាល​ស្រុក​ភ្នំស្រុក លោក​វរ​សេនី​យ៍​ទោ ភឿង ម៉ាន់​សឹង្ហ នាយការិយាល័យ​ព្រហ្មទណ្ឌ​ចុះ​ស្រាវជ្រាវ។

លោក​បាន​បន្តថា ​ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១​យប់ថ្ងៃទី​២១​ ខែឧសភា ឆ្នាំ២០២០ ​​នៅ​ត្រង់​ចំណុច ភូមិ​គោក​ខ្ពស់ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​បង្ក​ឡើង​ដោយ​បុរសឈ្មោះ ថន ធួន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ជា​កូនបង្កើត។

លោក​បន្តថា គ្រាន់តែ​ឈ្លោះប្រកែក​ពាក្យ​សម្តី​ជាមួយ​ឪពុក​បង្កើត​ឈ្មោះ នូវ ថន អាយុ​៥៨​ឆ្នាំ​ដោយ​ខឹង​រឿង​ចុច​ទូរស័ព្ទ​មក​ឪពុក​មិន​លើក បន្ទាប់មក​ឈ្មោះ កន ប៊ូ អាយុ​៥៦​ឆ្នាំ​ ត្រូវជា​ម្តាយ​បាន​ហាមឃាត់​កុំ​ឲ្យ​ឈ្លោះប្រកែក​គ្នា ពេលនោះ​ស្រាប់តែ​ឈ្មោះ ថន ធួន ជា​កូន​បង្កើត​បាន​ខឹង​ទប់​កំហឹង​ពុំបាន​រហូត​ឈាន​ដល់​យក​អង្រែ​ឈើ​ប្រវែង​ប្រវែង​ប្រមាណ​១.៣០​ម៉ែត្រ​វាយ​ទៅលើ​ឪពុក​ឈ្មោះ នូវ ថន បណ្តាល​ឲ្យ​ដួល​ផ្កាប់មុខ​នឹង​ដី រួច​ហើយក៏​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទើប​ដាច់ខ្យល់​ស្លាប់​តាមផ្លូវ​តែម្តង​។ ឯ​ជនសង្ស័យ​ក្រោយ​ធ្វើ​សកម្មភាព​ហើយ​បាន​រត់​គេច​ខ្លួន​បាត់​ទាំងយប់​ ទើប​កម្លាំង​នគរ​បាល​ធ្វើ​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ឈ្មោះ ថន ធួន បាន​នៅ​ចំណុច​ភូមិ​តា​បៅ ឃុំ​បុស​ស្បូវ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។
បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​រៀបចំ​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕
គង្គា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114