បុរស​វ័យ​៣៨ឆ្នាំ​ជាសះស្បើយ​ពី Covid-19 នៅខេត្តសៀមរាប​ នឹង​ត្រូវ​នៅ​ដាច់​​ដោយ​ឡែក​ ១៤ ថ្ងៃ​ទៀត

លោកវេជ្ជបណ្ឌិត​ ក្រុស សារ៉ាត់ ប្រធាន​​មន្ទីរសុខាភិបាល​​ខេត្ត​សៀមរាប​បានថ្លែង​ប្រាប់គេហទំព័រកម្ពុជាថ្មី​ថា បុរស​ជនជាតិ​ខ្មែរវ័យ ៣៨ ​ឆ្នាំ​ ដែល​បាន​ឆ្លង Covid-19 ពីជនជាតិ​ជប៉ុន និងបាន​ជាសះស្បើយ​​ទៅកាន់លំនៅឋាន​​វិញ​ នឹងត្រូវ​​ដាក់​ខ្លួន​ឯងដាច់​ដោយឡែក ១៤​ថ្ងៃបន្ថែម​​ទៀត។ បុរស​រូបនេះ​ត្រូវបាន​​ក្រុម​គ្រូពេទ្យ​​ខេត្តសៀមរាប​អនុញ្ញាតឱ្យចាកចេញ​ពីមន្ទីរ​ពេទ្យ​កាលពីថ្ងៃទី៣០ ខែមីនា បន្ទាប់​ពីបាន​សម្រាកព្យាបាល​ជាង ២០ ថ្ងៃ​។

លោកប្រធានមន្ទីរ​​បាន​​បន្ថែម​​ថា ​ការតម្រូវឱ្យដាក់​ខ្លួន​ឯង​នៅ​ដាច់​ដោយឡែក​ ១៤ ថ្ងៃគឺជាគោលការរបស់ចតាឡីស័ក ដោយមិន​អនុញ្ញាត​​ឱ្យ​គាត់​ទៅរស់នៅ​ជាមួយក្រុមគ្រួសារ ឬ​ចូលរួម​កម្មវីធីជួបជុំផ្សេងៗ​ឡើយ។

“ជាការពិត​យើង​ត្រូវតែ​ផ្តល់​ការប្រឹក្សាឱ្យទៅគាត់​ ដោយមិន​អនុញ្ញាត​ឱ្យគាត់​ជាសះស្បើយ​ហើយ ចេញទៅរស់​នៅ​ជាមួយ​បងប្អូនប្រពន្ធ​កូន ហើយ​គាត់​ទៅ​ចូលរួម​ពិធីនេះពិធី​នោះអីទេ គឺឱ្យ​គាត់​រក្សាខ្លួន​រយៈពេល​ពីរសប្តាហ៍ទៀត”។ លោកក្រុស​ សារ៉ាត់​បន្ថែម​​។

ខេត្តសៀមរាប​មាន​អ្នកឆ្លង​ Covid-19 ចំនួន ៧ នាក់ និង​ត្រូវ​បានព្យាបាល​ជាសះស្បើយ ១ នាក់ ហើយឱ្យវិលទៅកាន់លំនៅឋាន​វិលកាលពីថ្ងៃទី ៣០ ខែមីនា ម្សិល​មិញ​នេះ។

គិតត្រឹម​ថ្ងៃទី ៣១ ខែមីនា កម្ពុជាមាន​អ្នក​ឆ្លង​ Covid-19 ចំនួន​ ១០៩ នាក់ និង​បានជាសះស្បើយ ២៣ នាក់។


អត្ថបទ៖ មៃ សុខលីម