បុរស​២​នាក់​ប្រយុទ្ធ​គ្នា​បន្ទាប់ពី​ផឹកទឹក​ប្ដូរ​និស្ស័យ​ចូល​ក្នុង​ខ្លួន​អ្នកឈ្នះ​ដេក​គុក​អ្នក​ចាញ់​ដេកពេទ្យ​

​កំពង់ធំ​ ៖ បុរស​២​នាក់​បាន​ទាស់ទែង​ខ្វែងគំនិត​គ្នា បន្ទាប់ពី​បាន​ក្រេប​ទឹក​ប្តូរ​និស្ស័យ​ចូល​ក្នុង​ខ្លួន រហូត​ឈាន ដល់​ការប្រើប្រាស់​អំពើ​ហិង្សា ដោយ​ប្រើប្រាស់​កាំបិតផ្គាក់​ជា​អាវុធ កាប់​ទៅលើ​ជន​ភាគ​គី​ម្ខាង​បណ្តាល​ឲ្យ រង​របួស​យ៉ាង​ដំណំ ជា​លទ្ធផល​អ្នក​ចាញ់​ដេកពេទ្យ ចំណែក​អ្នកឈ្នះ​ជាប់​ខ្នោះ។

​ហេតុការណ៍​នេះ បាន​ធ្វើ​ឲ្យ​អ្នកស្រុក អ្នកភូមិ​ហួសចិត្ត​ដល់​គូរ​បដិបក្ខ​ទាំង​២​នាក់ ដែល​ជា​ត្រូវជា​ពូ និង​ក្មួយ​គ្នា​សោះ តែ​បែរ​ជា​មាន​ជម្លោះ​ក្នុង​រង្វង់​ស្រា.ស​ បង្ក​ហិង្សា​ដោយ​ចេតនា គឺ​ជន​ដៃដល់​ឈ្មោះ ធន់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ បាន​ប្រើ​កាំបិតផ្គាក់​ជា​អាវុធ​កាប់​ទៅលើ ជនរងគ្រោះ​ធន់ សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ អ្នក​ទាំង​២​រស់នៅ​ភូមិ​សំពៅ​លូន ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច នៃ​អធិការ​ស្រុក​បារាយណ៍ បាន​ឲ្យ​ដឹង​ថា ករណី​គូរ​ជម្លោះ​នេះ ប្រើ​អំពើ​ហិង្សា បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៤.៣០​នាទី ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​សំពៅ​លូន ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បន្ទាប់ពី​មាន​ហេតុការណ៍​រួច សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​កើត ហេតុ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ធន់ សុ​ភ័​ក្រ បាន​ភ្លាមៗ ចំណែក​ជនរងគ្រោះ​បា​ន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​អាយុជីវិត ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​ពេល​អ្នក​ទាំង​២ ឈ្លោះ​ទាស់ទែង​គ្នា គេ​បាន​ឃើញ​ជនសង្ស័យ និង​ជនរងគ្រោះ អង្គុយ​ផឹក​ស្រា​.​ស ជាមួយគ្នា គឺ​ពូ​និង​ក្មួយបង្កើត នៅ​ក្រោម​ផ្ទះ ហើយក៏​មានការ​ទាស់សំដី​គ្នា ពូ​ដឹងខ្លួន​ថា​មិន​ស្រួល​ក៏​ដើរចេញ បន្ទាប់មក​ជនរងគ្រោះ​យក​ដំបង​វាយ​ទៅលើ​ជនសង្ស័យ ធ្វើឲ្យ​ជនសង្ស័យ​ខឹង រត់​ទៅ​យក​កាំបិតផ្គាក់​ដេញ​កាប់​ទៅលើ​ជនរងគ្រោះ ពេលនោះ​ជនរងគ្រោះ​រត់ឡើង​លើ​ផ្ទះ​តែ​ត្រូវ​ជនសង្ស័យ​កាប់​ចំ​ជើង​ខាង ឆ្វេង​(​លើ​ក្បាលជង្គង់​) បណ្តាល​ឲ្យ​របួស ហើយ​ឡើង​សំងំ​លើ​ផ្ទះ ចំណែក​ជនសង្ស័យ​នៅ​ដេក​ក្រោម​ផ្ទះ​ដោយ​ស្រវឹង​ស្រា ចំណែក​ជនរងគ្រោះ​ដេក​សន្លប់​លើ​ផ្ទះ ក្រោយមក​សាច់ញាតិ​បាន​ឡើង​ទៅ​លើ​ផ្ទះ​ទើប​រាយការណ៍​ជូន​សមត្ថកិច្ច ចុះ​ឃាត់ខ្លួន​ជនសង្ស័យ និង​បញ្ជូន​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខភាព​ត្រពាំង​ស្វាយ ស្រុក​បារាយណ៍៕


​អត្ថបទ៖ ប៊ុន រដ្ឋា