បើកកិច្ចប្រជុំ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​រំដោះ​ទឹក​ចេញពី​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​
BREAKING NEWS
Search

បើកកិច្ចប្រជុំ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​រំដោះ​ទឹក​ចេញពី​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​

កំពត ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​រវាង​អាជ្ញាធរ​ក្រុង ស្រុក និង ឃុំ សង្កាត់ ព្រមទាំង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត ស្ដីពី​ការរៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រព័ន្ធ​រំដោះ​ទឹក​ចេញ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ​ អភិបាលខេត្ត បាន​លើកឡើងថា នៅ​ចំពោះ​មុខ​នេះ រដ្ឋបាល​ខេត្ត​កំពត​មាន​ក្ដីបារម្ភ​ពី​បញ្ហា​ប្រព័ន្ធ​រំដោះ​ទឹក​ចេញ​ក្រុង​កំពត និង​ឃុំ​មួយចំនួន ​នៃ​ស្រុក​ទឹក​ឈូ ​ជាប់​ក្រុង​កំពត ដែល​បច្ចុប្បន្ននេះ​បង្កឡើង​ដោយ​ភាព​អវិជ្ជមាន​មួយ​ចំនួន និង​ការ​ខ្វះខាត​ប្រព័ន្ធ​រំដោះ​ទឹក​បណ្ដាល​ធ្វើឲ្យ​ប្រឈម ​នៃ​ការ​បិទ​ផ្លូវទឹក រំដោះ​ចេញពី​ក្រុង​ទៅ​ទម្លាក់​តាម​ប្រព័ន្ធ​បង្ហូរទឹក​ដែល​មាន​ស្រាប់។

ផ្ដើម​ចេញពី​ក្ដី​បារម្ភ​នេះ លោក ជាវ តា​យ បាន​ចាត់ទុក​កិច្ចប្រជុំ​ពេលនេះ គឺ​ពិតជា​សំខាន់​សម្រាប់​ផ្ដល់​លទ្ធភាព​ឲ្យ​គ្រប់​មន្ទីរ​អង្គភាព​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ក្នុង​គណៈកម្មការ ចូលរួម​ពិនិត្យ​ពិភាក្សា រក​ចំណុច​ដំណោះស្រាយ​ល្អៗ ក្នុង​គោលដៅ ដើម្បី​ទប់ស្កាត់​ភាព​អានាធិបតេយ្យ និង​ធ្វើការ​អភិវឌ្ឍ​បន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ​ទឹក ក្នុង​ភូមិ​សាស្ត្រ​ នៃ​ក្រុង​កំពត និង​បណ្ដា​ឃុំ​មួយ​ចំនួនទៀត ​នៃ​ស្រុក​ទឹកឈូ ជាប់​ក្រុង​កំពតឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ ពិសេស​ចៀសផុត​បាន នូវ​ការ​លិចលង់ ឬ​ដក់​ទឹក​ក្នុង​ក្រុង​កំពត​បន្ត​ទៀត។

ក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត​ ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាព និង​រាល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ នៅ​ចំពោះ​មុខ​នេះ ត្រូវតែ​ចូលរួម​សហការ​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​រៀងខ្លួន​ឲ្យ​បាន​ល្អ។ ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ដោះស្រាយ ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​នៅ​ចំពោះ​មុខ ​នៃ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​រំដោះ​ទឹក​ចេញ​ពី​ក្រុង​កំពត និង​ស្រុក​ទឹកឈូ មាន​ប្រសិទ្ធភាព​ប្រកបដោយ​និរន្តរភាព​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ ស្នងការ​ខេត្ត​កណ្ដាល៖ យានយន្ត​ទើប​ទិញ​ថ្មី មាន​ឯកសារ​បញ្ជាក់​ ហាម​ផាក​ពិន័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114