BREAKING NEWS
Search

បើករថយន្ត​ឌុប​ប្រព​ន្ធទៅលេង​ស្រុក ​បុក​រោងការរបួស​មនុស្ស​ ៣​នាក់​

​កណ្ដាល​ ៖ ​បុរស​ម្នាក់​ ដែល​គេ​ដឹងថា​ ទើបតែ​រៀបការ​ថ្មោងថ្មី ​បានបើករថយន្តដឹក​ប្រពន្ធទៅលេង​ផ្ទះ​ឯ​ស្រុក ​ស្រាប់តែ​ទៅបុក​ចូល​រោងការ ដែល​កំពុងតែ​សាងសង់នៅលើ​ចិញ្ចើមផ្លូវ​បាក់ បណ្ដាលឲ្យរបួសធ្ងន់​មនុស្ស ​៣​នាក់ ចំណែក​រថយន្ត​ក្រឡាប់កាលពីវេលា​ម៉ោង​៥​ និង​៥​នាទីរសៀល ថ្ងៃទី​៨ ​ខែមីនា នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល។​
មន្ត្រីនគរបាល​ចរាច​រណ៍ ស្រុក​ស្អាង បាន​ប្រាប់​ឲ្យដឹងថា​ នៅពេល​កើតហេតុខាងលើ មាន​រថយន្ត​ម៉ាក ​តូ​យូ​តាសេ​លីកា ពណ៍​ទឹកប្រាក់ គ្មាន​ស្លាកលេខបើកបរ​ដោយ​ឈ្មោះ លឹម ហុង ភេទ​ប្រុស អាយុ​ ២៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក់​ទី​១ ខ​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​​អ្នករួម​ដំណើរ​ក្នុង​រថយន្ត ​មាន​ប្រពន្ធ​ និង​ក្មេង​សរុប​ចំនួន ​៤​នាក់​ បាន​បើករថយន្ត​ពី​ភ្នំពេញ​មក​ផ្ទះ​ប្រពន្ធ​នៅ​ ភូ​មិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង។

លុះ​ពេលមកដល់​ចំណុចកើតហេតុ អ្នកបើកបរ​រថយន្ត​ខាងលើ​ បាន​ប្រជែង​វ៉ា​រថយន្ត​ម៉ាក ​CRV ​ដែល​បើក​ស្រប​ទិស​គ្នា​ បណ្ដាលឲ្យ​អក​សឺ ​នឹង​រថយន្ត​ធំ ​ក៏​គេ​ចមក​ខាងស្ដាំ​ដៃ​វិញ​ ខណៈ​រថយន្ត​កំពុងមាន​ល្បឿន ក៏បណ្ដាលឲ្យ​បុក​រោង​ការ ដែលកំពុង​សង់​នៅលើ​ចិញ្ចើមផ្លូវ​ខាងលិច ធ្វើឲ្យ​ក្រឡាប់​រថយន្ត​ និង​បាក់​រោងការ​អស់​ ​៣​ប្រឡោះ និង​រងរបួស​មនុស្ស​ចំនួន​ ៣​នាក់ ដែល​នៅក្នុង​រោងការ​នោះ ជា​សាច់​ញា​ត្តិអ្នក​ដើមការ​។

​ជនរងគ្រោះ​ទាំងបី​នាក់​មាន ទី​១-​ឈ្មោះ​ ពិត គង ភេទ​ប្រុស អាយុ​ ៦០​ឆ្នាំ, ទី​២-​ឈ្មោះ ​គីម វី ភេទ​ប្រុស អាយុ ​៤៣​ឆ្នាំ​ អ្នក​ទាំងពីរ​រងរបួស​បាក់ជើង មាន​ទីលំនៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្ដាល ជាមួយគ្នា និង​ទី​៣-​ឈ្មោះ យ៉ុ​ន យ៉េត ភេទ​ប្រុស អាយុ ​១៧​ឆ្នាំ ​មុខរ​បរក​ម្មករ មាន​ទីលំនៅ​ភូមិ​ទ្រាក ឃុំ​មេ​ម៉​ង ស្រុក​មេ​មត់ ខេត្ត​ត្បូងឃ្មុំ ។ អ្នករបួសធ្ងន់​បាក់ជើង​ ២​នាក់​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​យកទៅ​ព្យាបាល​នៅ​ភ្នំពេញ។​

​មន្ត្រីនគរបាល​បានឲ្យដឹង​បន្ថែមថា អ្នកបើកបរ​រថយន្ត​បង្កហេតុ ឈ្មោះ លឹម ហុង ទើបតែ​រៀបការប្រពន្ធហើយ​បាន​ពីរ​ថ្ងៃ។ ​ថ្ងៃកើតហេតុ​នោះ គឺគេបើករថយន្តដឹក​ប្រពន្ធត្រឡប់មកពីផ្ទះ​ម្ដាយ​ខាង​ប្តី ក៏​ជួប​គ្រោះថ្នាក់បែបនេះតែម្ដង​។ នេះ​កំពុង​សាងសង់​រោង បើ​កើតហេតុ​ចំ​ថ្ងៃរៀបការ ​ភ្ញៀវ​កំពុងពិសារ​អាហារវិញ​នោះ នឹង​ក្លាយជាសោកនាដកម្ម​ស្លាប់​មិនតិច​នោះទេ​។

​លោក​ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បាន​ប្រាប់​ឲ្យដឹងថា អ្នកបើកបររថយន្ត​បង្កហេតុ ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន ដើម្បីឲ្យ​ភាគីរងគ្រោះ និង​ភាគីបង្កហេតុធ្វើការ ដោះស្រាយ​គ្នា បើ​ច​ចារ​ដោះស្រាយ​គ្នា​មិនត្រូវ​ទេ នគរបាលនឹងកសាងសំណុំរឿង បញ្ជូន អ្នកបើកបររថយន្ត​បង្កហេតុ ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114