បើក​ម៉ូតូ​វ៉ា​ជែង មិន​ប្រយ័ត្ន​ប៉ះ​ដួល​ចូល​ក្រោម​រថយន្តកិន​ស្លាប់​

​កណ្ដាល ​៖ បុរស​ម្នាក់​បើក​ម៉ូតូ​បោះពួយ​ជែង​រថយន្ត​មួយ​គ្រឿង ​នៅ​ខាង​មុខ​បណ្ដាល​ឲ្យ​ប៉ះ​ដៃចង្កូត​ដួល ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​បើក​ច្រាស​ទិស​គ្នា​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​២៣-២៤ ស្ថិត​ក្នុង​ភូមិ​ជ័យជម្នះ ឃុំ​សៀមរាប ស្រុក​កណ្តាល​ស្ទឹង។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ស្លាប់​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ បើកបរ​ម៉ូតូ​ម៉ាក ហុងដា​ឃ្លី​ក (Click) ធុន​សេ​១២៥ ពណ៌​ស​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ កណ្តាល​1AH-6989។ ចំណែក​រថយន្ត​ម៉ាក​ព្រូស ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AZ-0065 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់​គេច​ខ្លួន​)។ ប្រភព​ដដែល​បន្ដ​ថា នៅ​មុន​ពេល​កើតហេតុ សាក្សី​បាន​ឃើញ​ជនរងគ្រោះ​ជា​អ្នក​បើក​ម៉ូតូ​ខាងលើ​ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ជិត​ដល់​កន្លែង​កើត​ហេតុ ជនរងគ្រោះ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​ ដើម្បី​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ខាង​មុខ តែ​ប៉ះ​ដៃចង្កូត​ធ្វើ​ឲ្យ​ជនរងគ្រោះ​ដួល​ខ្ទាត​ចូល​ទៅ​ ក្នុង​ចំណែក​ផ្លូវ​ម្ខាង​ទៀត ធ្វើ​ឲ្យ​រថយន្ត​ព្រូស ដែល​បើកបរ​ច្រាស​ទិស​គ្នា​ ឈប់​មិនទាន់​ក៏​កិន​ជនរងគ្រោះ​ បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត​តែម្ដង។​

​ក្រោយពី​មាន​ហេតុការណ៍​កើតឡើង កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក បាន​ចុះ​ធ្វើការ​ពិនិត្យ​វាស់វែង កសាង​សំណុំរឿង​យក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។ ចំណែក​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​រក​សាច់ញាតិ​ ដើម្បី​ប្រគល់​ឲ្យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​
អត្ថបទ៖ មុនី
សូមចុចអាន៖ ពលរដ្ឋ​មួយ​គ្រួសារ​ ត្រូវ​ខ្យល់​កន្ត្រាក់​របើក​ដំបូល​ផ្ទះ